អរិយធម៌ខ្មែរ រីកចម្រើនលឿន ក្រោយអាណាចក្រខ្មែរ អាចផលិតដែកគុណភាពល្អ

17/03/2023 5:14 pm សៀមរាប

សៀមរាប៖ សម័យអង្គរ ព្រះគន្លងធំៗ គឺមានរយៈចម្ងាយឆ្ពោះទៅទីប្រជុំជន និងនគរជិតខាង។ ចំណែក លំនៅដ្ឋានរបស់អ្នកស្រុក ត្រូវបានសាងសង់នៅឆ្ងាយពីព្រះគន្លង ដែលតភ្ជាប់គ្នាតាមផ្លូវតូចៗ។ លោក អ៊ឹម សុខរិទ្ធី បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា នាសម័យក្រោយអង្គរ គេអាចដឹងថាមានរោងឧស្សាហកម្ម ដូចជាអំបិល កុលាលភាជន៍ និងដែក ដោយតាមភស្តុតាងនៅតាមផ្លូវធំ ឬព្រះគន្លង។


 


ក្នុងកិច្ចពិភាក្សាស្តីពីតំបន់អង្គរ លោក អ៊ឹម សុខរិទ្ធី បានពន្យល់ទាក់ទងនឹង ការវិវត្តនៃឧស្សាហកម្មស្លដែក នាសម័យក្រោយអង្គរ។ ក្នុងនោះ លោកក៏បានពន្យល់ពីការស្រាវជ្រាវផ្លូវបុរាណខ្មែរផងដែរ។ ផ្លូវ ឬព្រះគន្លង ត្រូវបានសាងសង់ឡើងដោយព្រះមហាក្សត្រនាសម័យនោះ។ ចំពោះពាក្យ ផ្លូវ ក្នុងសិលាចារឹកហៅថា អធ័្វន និងភាសាបាលីអានថា រាជមាគ៌ា។ 

«ភស្តុតាងដំបូង ដែលយើងចេញស្លដែក គឺយើងរកឃើញប្រហែលចន្លោះសតវត្សរ៍ទី៤ ទី៥ មុនគ្រិសសករាជមក។ ប៉ុន្តែ ដែកនៅសម័យនោះ គឺជាដែកដែលមិនទាន់មានគុណភាពនៅឡើយ។ រីឯ បច្ចេកទេស នៃការធ្វើ និងស្ល គឺយើងមិនទានបង្កើនកម្រិតកម្តៅដ៏ខ្ពស់ សម្រាប់ប្រើប្រាស់មិនទាន់ល្អ។»នេះជាការបញ្ជាក់របស់ បុរាណវិទូរូបនេះ។ 

អំឡុងសតវត្សរ៍ទី១០ បច្ចេកវិទ្យាគឺមានភាពល្អជាងមុន  ដែលបង្ហាញពីបដិវត្តន៍ឧស្សាហកម្មមួយយ៉ាងធំ ដែលអាចធ្វើអ្វីៗបានជាច្រើនដូចជា វិស័យកសិកម្ម លើកថ្នល់ កាត់ថ្ម កសាងប្រាសាទ និងសម្ភារៈប្រើប្រាស់តាមផ្ទះដើម។ បដិវត្តឧស្សាហកម្មដែក ធ្វើឱ្យចក្រភពខ្មែររីកចម្រើនខ្លាំង។
 

លោក អ៊ឹម សុខរិទ្ធី បន្ថែមថា រោងឧស្សាហកម្ម គឺមានច្រើនដោយសារ ដី និងថ្ម នាសម័យនោះមានសារជាតិរ៉ែ សម្រាប់ស្លទៅតាមបច្ចេកវិទ្យា ដែលអាចបង្កើនកម្តៅរហូតដល់ ១ពាន់៦០០អង្សា។ ជាមួយគា្ននោះ សម្ភារៈប្រើប្រាស់ធ្វើពីដីដុត ដូចជា ចាន ក្បាន ឆ្នាំង ក្អម របស់ដាក់គ្រឿងក្រអូប គឺសុទ្ធសឹងតែជាឧស្សាហកម្មសម្បូរនាសម័យក្រោយអង្គរ។ បើទោះ ការជួញដូរទំនិញ មានពីប្រទេសចិន ប៉ុន្តែផលិតផលក្នុងស្រុកក៏មានភាពល្អប្រសើរផងដែរ។ 

បើតាមលោកបុរាណវិទូ អ៊ឹម សុខរិទ្ធី តំបន់ភីម៉ៃ នៃខេត្តនគររាជសីមា គឺជាប្រភពនៃអំបិល ពីព្រោះទីតាំងនេះសម្បូរទៅដោយសារធាតុរ៉ែអំបិល។ ក្រោយមក ច្រកផ្លូវ នាំអំបិលត្រូវបានផ្លាស់ប្តូរគោលដៅ មកប៉ោយប៉ែតវិញផងដែរ៕






 

ព័ត៌មានទាក់ទង