
ភ្នំពេញ៖ រដូវប្រាំងឆ្នាំនេះសត្វស្លាបនៅទួលព័ន្ធតាឡីបឹងស្នេហ៍ ងាប់តិចតួចប៉ុណ្ណោះ បើធៀបទៅឆ្នាំមុនៗ។ មូលហេតុដែលសត្វនៅទីនេះ ងាប់តិច ព្រោះកត្តាអាកាសធាតុអំណាយផល និងគ្មានការចម្លងដោយជំងឺ។
សត្វស្លាប តែងងាប់ច្រើន ក្នុងអំឡុងរដូវប្រាំង។ ជាក់ស្ដែង តំបន់ការពារសត្វស្លាបទួលព័ន្ធតាឡីបឹងស្នេហ៍ នៅរដូវប្រាំងតែងមានសត្វស្លាបងាប់ជាប្រចាំ ឆ្នាំខ្លះងាប់រហូតដល់ការប្រកាសអាសន្នក៏មានដែរ។ លោក នួន សារ៉េត អនុប្រធានសហគមន៍អភិរក្សសត្វស្លាបទួលព័ន្ធតាឡីបឹងស្នេហ៍បានប្រាប់សារព័ត៌មានThmeyThmey25ថា នៅរដូវប្រាំងឆ្នាំនេះ សត្វស្លាបនៅទួលព័ន្ធតាឡីបឹងស្នេហ៍ ងាប់តិចតួចមិនមានចោទជាបញ្ហាឡើយ។
លោក នួន សារ៉េត បានបន្ថែមថា ក្រុមការងាររបស់អង្គការWCS តែងចុះយកសំណាកជាប្រចាំ ដើម្បីយកលាមកទៅពិនិត្យ ដែលលទ្ធផលបានបង្ហាញថា គ្មានបញ្ហាអ្វីឡើយ ដោយ ឆ្នាំនេះសត្វងាប់ទៅតាមធម្មជាតិរបស់សត្វប៉ុណ្ណោះ។
លោកពន្យល់ដូច្នេះ៖ « ឆ្នាំនេះសត្វងាប់តិចណាស់។ ក្នុងរដូវប្រាំងនេះមួយថ្ងៃមានមួយ ឬពីរក្បាលប៉ុណ្ណោះ ភាគច្រើនជាសត្វចាស់ៗ យើងសប្បាយចិត្ត នេះសញ្ញាល្អ។ យើងចង់បានបែបនេះរាល់ឆ្នាំ»។
បើតាម លោក នួន សារ៉េត បច្ចុប្បន្នសត្វស្លាបរស់នៅសហគមន៍អភិរក្សសត្វស្លាបទួលព័ន្ធតាឡីបឹងស្នេហ៍ កើនកាន់តែច្រើន ដែលនេះអាចបញ្ជាក់ថា តំបន់នេះ មានសុវត្ថិភាពសម្រាប់សត្វស្លាប ។
ជាមួយគ្នានេះ លោក នួន សារ៉េត នឹងប្រឹងប្រែងផ្សព្វផ្សាយបន្ថែម ដើម្បីឱ្យពលរដ្ឋកាន់តែយល់ដឹងពីការការពារសត្វស្លាប។ អនុប្រធានសហគមន៍ លោក នួន សារ៉េត អះអាងថា៖ «កាលពីមុនកសិករខ្លះនៅជាប់តំបន់នេះប្រើថ្នាំគីមី តែពេលនេះកាត់បន្ថយខ្លះហើយ។ យើងនៅតែបារម្ភនៅពេលសត្វទៅរកស៊ីកន្លែងឆ្ងាយ វាអាចគ្មានសុវត្ថិភាព។ អ្វីដែលយើងអាចធ្វើបានគឺ មានតែការផ្សព្វផ្សាយបន្ថែម ដើម្បីឱ្យពលរដ្ឋបានយល់កាន់តែច្រើនជាងនេះ»។
សូមបញ្ជាក់ថា នៅឆ្នាំ២០២១ ដោយសារជំងឺផ្ដាសាយបក្សីបង្កពីវិរុស A/H1N5 ចាប់ពីថ្ងៃទី១៧ មីនា ដល់ថ្ងៃទី៥ មេសា មានករណីសត្វស្លាបងាប់ ចំនួន ១ ៧៩០ក្បាល ក្នុងនោះភាគច្រើនជាសត្វចង្កៀលខ្យង។ ចំណែកឯ ឆ្នាំ២០២២ ចាប់ពីថ្ងៃទី៩ ដល់៣០ ខែមីនា សត្វស្លាបចំនួន ៦១៧ក្បាល បានងាប់៕
-
ដោយ៖ ប៉ូ សុភា
-
© រក្សាសិទ្ធិដោយ thmeythmey25.com

