
ដោយ: ឡាយ សុភាវតី
ភ្នំពេញ៖ ជនបរទេសចំនួន ៥ ៨២៥នាក់ ដែលភាគច្រើនជាជនជាតិចិន ថៃ វៀតណាម ឥណ្ឌូនេស៊ី និងម៉ាឡេស៊ីចិន ត្រូវបានសមត្ថកិច្ចកម្ពុជា បណ្ដេញចេញទៅប្រទេសពួកគេវិញ កាលពីឆ្នាំ២០២២។ លោក កែវ វណ្ណថន អគ្គនាយករង និងជាអ្នកនាំពាក្យ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍បញ្ជាក់ដូច្នេះនៅសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២។
បើតាម លោក កែវ វណ្ណថន ដដែល ជនបរទេសទាំងនោះ មាន៤២សញ្ជាតិ ដែលពួកគេបានសម្ងំស្នាក់នៅដោយខុសច្បាប់ និងរត់គេចខ្លួនពីសំណាញ់ច្បាប់ពីបរទេស មកលាក់ខ្លួននៅកម្ពុជា។
ក្នុងកិច្ចប្រជុំថ្ងៃទី១៤មីនា អគ្គនាយករងរូបនេះ អះអាងថា នឹងបន្ដខិតខំប្រឹងប្រែង ដើម្បីឲ្យការគ្រប់គ្រងតាមច្រកទ្វារ ក៏ដូចជាការគ្រប់គ្រងនៅក្នុងប្រទេសទាំងជនបរទេស ដែលស្នាក់នៅ ទាំងមកប្រកបមុខរបរឱ្យបានមត់ចត់។ លោកបន្ថែមថា៖ «ក្រុមការងារនឹងបន្ដស្រាវជ្រាវរកឲ្យឃើញជនបរទេស ដែលគេចខ្លួនពីសំណាញ់ច្បាប់នៅក្រៅប្រទេស ហើយចូលមកកម្ពុជាបន្តទៀត ហើយបណ្ដេញចេញពីកម្ពុជា រួមទាំងអនុវត្តច្បាប់ស្ដីពីអន្ដោប្រវេសន៍ និងច្បាប់ស្ដីពីការងារដែលមានជាធរមាន»។
ទន្ទឹមនឹងនេះ លោក កែវ វណ្ណថន អំពាវនាវដល់ជនបរទេស ដែលមកទស្សនកិច្ចនៅកម្ពុជា ក៏ដូចជាទេសចរបម្រើការងារ វិនិយោគ ត្រូវគោរពឲ្យបានម៉ឺងម៉ាត់តាមច្បាប់របស់កម្ពុជា ជាពិសេសច្បាប់ស្ដីពីអន្ដោប្រវេសន៍ និងច្បាប់ស្ដីពីការងារ។
បើតាមរបាយការណ៍របស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អំឡុងឆ្នាំ២០២២ មានជនបរទេសចូលមកកម្ពុជា ជាលក្ខណៈអន្តរជាតិជាង២.១លាននាក់ ស្មើនឹង២១៣សញ្ជាតិ។ ពួកគេទាំងនោះ ភាគច្រើនជាភ្ញៀវទេសចរមានជាង១.៥លាននាក់ និងពាណិជ្ជករជាង៣៨ម៉ឺននាក់។ ចំណែកជនបរទេសដែលចេញពីកម្ពុជា ជាលក្ខណៈអន្តរជាតិវិញ មានចំនួន១ .៩លាននាក់ ស្មើនឹង២១៧សញ្ជាតិ។ ដោយឡែក ជនបរទេសចូលមកកម្ពុជា តាមតំបន់ព្រំដែនមានជាង ៦២ម៉ឺននាក់ ខណៈការចេញតាមតំបន់ព្រំដែននេះ ក៏មានប្រមាណ៦២ម៉ឺននាក់ដែរ។
ចំពោះដំណើរចេញចូលរបស់ជនបរទេសនេះ មន្រ្តីនគរបាលប្រចាំការនៅច្រកទ្វារអន្តរជាតិ និងច្រកទ្វារព្រំដែនអន្តរជាតិ បានត្រួតពិនិត្យរកឃើញមានបទល្មើស ៧៩២លើក ដែលប្រព្រឹត្តិដោយអ្នកដំណើរជាង ១ ១០០នាក់។ ពួកគេទាំងនោះ ត្រូវបានសមត្ថកិច្ចកម្ពុជា ចាត់វិធានការផ្អាកដំណើរ និងបញ្ជូនត្រឡប់ថយក្រោយវិញ។ ជនសង្ស័យទាំងនោះ ភាគច្រើនជាជនចិន វៀតណាម ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង អូស្រ្តាលី បង់ក្លាដែស ឥណ្ឌា ថៃជាដើម៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

