ឪឡឹកលឿង របស់លោក ប៊ូ ម៉ាន កំពុងត្រូវប៉ាន់ខ្លាំង

16/03/2023 2:34 pm ត្បូងឃ្មុំ

ភ្នំពេញ៖ លោក ប៊ូ ម៉ាន ដែលប្រឡូកក្នុងវិស័យកសិកម្មជាង១០ឆ្នាំមកនេះ កំពុងជោគជ័យលើដំណាំឪឡឹកលឿង ក្រោយទទួលបានការគាំទ្រពីពលរដ្ឋខ្មែរគ្រប់ទិសទី។ ដាំលើដីសណ្ដទន្លេមេគង្គ ដែលសម្បូរទៅដោយជីជាតិ ឪឡឹកលឿងរបស់ លោក ប៊ូ ម៉ាន មានរសជាតិផ្អែម និងស្រួយ ប្លែកពីឪឡឹកដ៏ទៃ។ ឪឡឹកលឿងនេះ មានប្រភពមកពីម៉ាឡេស៊ី និងត្រូវបាននាំចូលបន្តតាមប្រទេសថៃ។



ទោះបី ដាំដុះជាលក្ខណៈគ្រួសារ តែកសិកររូបនេះ អាចលក់ឪឡឹកលឿងបានចន្លោះពី ២ទៅ១០តោនក្នុងមួយថ្ងៃ។​ ចម្ការរបស់លោកស្ថិតក្នុងភូមិបឹងកន្សោង ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ តាមការប៉ាន់ប្រមាណ ឪឡឹកលឿងច្រើនជាង ១០០តោន នឹងត្រូវលក់ទៅកាន់ទីផ្សារភ្នំពេញ និងបណ្ដាខេត្តមួយចំនួនទៀត។  

ក្នុងកិច្ចសម្ភាសតាមទូរសព្ទជាមួយសារព័ត៌មាន ThmeyThmey 25 លោក ប៊ូ ម៉ាន បានលើកឡើងថា ដំបូងឡើយ លោក បានសាកល្បងដាំឪឡឹកលឿង ក្នុងផ្ទៃដី ៤០ម៉ែត្របួនជ្រុង ប៉ុន្តែ មិនជោគជ័យនោះទេ ដោយសារ កង្វះខាតបច្ចេកទេស និងពុំបានសិក្សាពីលក្ខខណ្ឌអាកាសធាតុច្បាស់លាស់។ ដោយការស្រឡាញ់លើដំណាំប្រភេទនេះ លោកបានស្វែងរកជំនួយពីកសិករជាច្រើន និងទទួលបានការបណ្ដុះបណ្ដាលពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ ដើម្បីពង្រឹងខ្លួនជាកសិករជំនាញ។ 


លោក ប៊ូ ម៉ាន ជាម្ចាស់ចម្ការឪឡឹកលឿង នៅភូមិបឹងកន្សោង ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ រូបភាព៖ លោក ប៊ូ ម៉ាន 

លោក ប៊ូ ម៉ាន ប្រាប់ដូច្នេះ៖« ខ្ញុំបានផ្ដោតក្ដីស្រឡាញ់ទៅលើដំណាំនេះ គឺខ្ញុំឧស្សាហ៍ទៅមើលបងប្អូនកសិករយើង ដែលគាត់មានជំនាញដាំឪឡឹកហ្នឹង។ ហើយខ្ញុំយកគំរូល្អៗពីគាត់។ អ៊ីចឹង ខ្ញុំចេះជំនាញហ្នឹងពីកសិករ។ ពិសេស ក្រសួង ស្ថានប័ន និងមន្ទីរកសិកម្ម អីហ្នឹង ខ្ញុំបានទៅរៀនសូត្របន្ថែមទៀត ដើម្បីបានចំណេះជំនាញពិត ប្រាកដមួយ ដែលអាចឱ្យខ្ញុំជោគជ័យលើមុខរបរហ្នឹង»។ 

មកទល់ពេលនេះ ឪឡឹកលឿង របស់លោក ប៊ូ ម៉ាន កំពុងមានទីផ្សារល្អ និងទទួលបានការគាំទ្រខ្លាំងពីភ្ញៀវទេសចរ និងពលរដ្ឋខ្មែរទូទាំងប្រទេស។ ឪឡឹកប្រភេទនេះ មានពណ៌ប្លែក រសជាតិផ្អែម និងស្រួយ ជាងឪឡឹកដទៃ។ មូលហេតុដែល ឪឡឹករបស់លោក មានរសជាតិផ្អែម ដោយសារការដាំដុះ ត្រូវបានធ្វើឡើងនៅតំបន់ដីសណ្ដទន្លេមេគង្គ ដែលសម្បូរទៅដោយជីជាតិ។

តាមការប៉ាន់ប្រមាណ ក្នុងផ្ទៃដីមួយហិកតា ឪឡឹកលឿង អាចហុចផលបានចន្លោះពី ២០ ទៅ៣០តោន ក្នុងមួយហិកតា ធៀបនឹងឆ្នាំមុន បានត្រឹម១៥ ទៅ ២៥តោន។ សរុបមក នៅរដូវប្រមូលផលនេះ លោក ប៊ូ ម៉ាន អាចប្រមូលផលឪឡឹកលឿង បានច្រើនជាង១០០តោន។ ចម្ការឪឡឹកលឿង របស់លោក ប៊ូ ម៉ាន ទទួលបានភ្ញៀវទេសចរ មកកម្សាន្ត និងភ្លក្សរសជាតិឪឡឹកប្រមាណ១០០នាក់ ក្នុងមួយថ្ងៃ។ 



បច្ចុប្បន្ន លោក ប៊ូ ម៉ាន បានពង្រីកផ្ទៃដីដាំដុះ ឪឡឹកលឿង រហូតដល់ ៤០ហិកតា ក្នុងនោះ ដីដែលអាចប្រមូលផលបានមានចំនួន ៥ហិកតា។ លោកក៏គម្រោងបង្កើនផ្ទៃដីដាំឱ្យដល់ ១០០ហិកតា ដែលមានលទ្ធភាពអភិវឌ្ឍជាកសិ-ទេសចរណ៍។ 

កសិកររូបនេះ អះអាងថា ឆ្នាំនេះជាឆ្នាំដែលខ្លួនជោគជ័យខ្លាំងបំផុត ក្នុងការងារកសិកម្មជាង ១០ឆ្នាំមកនេះ ក្រោយទទួលបានការគាំទ្រលើសលុប។ ជាគោលដៅ លោកចង់ឃើញពលរដ្ឋខ្មែរ បានភ្លក្សរសជាតិឪឡឹករបស់លោក ម្នាក់មួយផ្លែ ឬពីរផ្លែ។

ឪឡឹកលឿង មានតម្លៃ ៤០០រៀលក្នុងមួយគីឡូក្រាម។ ជាមធ្យម ឪឡឹកលឿងមានទម្ងន់៣ ទៅ៥គីឡូ ក្នុងមួយផ្លែ។ ដោយឡែក ទីផ្សារត្រូវបានចែកចាយទូទាំងខេត្តត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី រតនគិរី និងភ្នំពេញ។ 



លោក ប៊ូ ម៉ាន ប្រាប់ដូច្នេះ៖« នៅតំបន់នេះ(ត្បូងឃ្មុំ)អត់មានអ្នកដាំឪឡឹកលឿងហ្នឹងទេ។ អ៊ីចឹង លោកបានធ្វើឱ្យផ្ទុះការគាំទ្រខ្លាំង។ ភាគច្រើន យើងមានភ្ញៀវអញ្ជើញមកពីភ្នំពេញ ដើម្បីមកលេងដល់ចម្ការ ហើយបានភ្លក្ស និងទិញផ្ញើគ្រួសារគាត់នៅឯផ្ទះ។ អ៊ីចឹង តំបន់នេះ យើងចង់ធ្វើវាទៅជាកសិ-ទេសចរណ៍ នៅថ្ងៃអនាគត ដើម្បីឱ្យភ្ញៀវក្នុងស្រុក ក្រៅស្រុក និងខេត្តផ្សេងៗមកលេង»។ 

ក្រោយជោគជ័យនៅឆ្នាំនេះ លោក ប៊ូ ម៉ាន បានបំផុសគំនិតដល់កសិករផ្សេងទៀត ក្នុងការដាំឪឡឹកលឿង ដូចរូបលោកដែរ។ លោក ធានា ជួយណែនាំពូជ និងបច្ចេកទេស ដល់កសិករដែលមានបំណងចង់ដាំឪឡឹក ប្រភេទនេះ៕ 

 

ព័ត៌មានទាក់ទង