ក្រសួងអប់រំ អំពាវនាវឱ្យគ្រឹះស្ថានអប់រំនាំសិស្សលេងល្បែងរបាំប្រជាប្រិយខ្មែរ

លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ នាំសិស្សលេងល្បែងទាញព្រ័ត្រ។ រូបភាព៖ Moeys

16/03/2023 10:09 am ភ្នំពេញ

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា អំពាវនាវឱ្យគ្រប់គ្រឹះស្ថានអប់រំ នាំកុមារ និងសិស្សានុសិស្សលេងល្បែង និងរបាំប្រជាប្រិយខ្មែរ។ ការលេងល្បែង និងរបាំខ្មែរនេះ គឺដើម្បីចូលរួមអភិរក្ស លើកកម្ពស់វប្បធម៌ ជំនឿ ទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរឱ្យបានគង់វង្ស និងត្រៀមខ្លួន អបអរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។



លោកគ្រូ អ្នកគ្រូ ដែលបង្រៀនតាមគ្រឹះស្ថានអប់រំទាំងអស់ ត្រូវដឹកនាំកុមារ សិស្សានុសិស្ស យុវជន លេងល្បែង និងរបាំប្រជាប្រិយខ្មែរមុន និងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីជាតិ។ ល្បែង និងរបាំទាំងនោះមានដូចជា របាំរាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ របាំត្រុដិជាដើម។ ចំពោះល្បែងប្រជាប្រិយ ខ្មែរមួយចំនួន ដូចជាល្បែងបោះអង្គញ់ ចោលឈូង ដណ្តើមស្លឹកឈើ ទាញព្រ័ត្រ រួមទាំងល្បែងប្រជាប្រិយផ្សេងទៀត។

ជាមួយគ្នានេះ ក្រសួង​​ ក៏បានលើកឡើងពី ការហាមឃាត់ ដោយទប់ស្កាត់រាល់ការល្បែង ឬរបាំណាដែលប្រឈមនឹងហានិភ័យ អសុវត្ថិភាព និងគ្រោះថ្នាក់ ដូចជា ការដុត ឬបាញ់ផាវ បាញ់ទឹក ជះទឹក លាប ម្សៅ ជាដើម។​ បន្ថែមពីនេះ អាណាព្យាបាលសិស្ស សហគមន៍ និងអជ្ញាធរ ត្រូវផ្តល់ព័ត៌មានអំពីការលេងល្បែងអសុវត្ថិភាពទាំងឡាយ ទាំងក្នុងនិងក្រៅគ្រឹះស្ថានសិក្សា ដើម្បីរួមគ្នាទប់ស្កាត់ និងដោះស្រាយបញ្ហាទាន់ពេលវេលា។

សូមបញ្ជាក់ថា សេចក្ដីណែនាំនេះ តម្រូវឱ្យ មន្ទីរអប់រំ រាជធានី ខេត្ត ការិយាល័យអប់រំ ក្រុង ស្រុក ខណ្ឌ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សហគមន៍ និងអ្នកពាក់ព័ន្ធទាំងអស់ ចូលរួមសហការ ផ្សព្វផ្សាយ។ក៏ដូចជាចូលរួមអនុវត្តតាមសេចក្ដីណែនាំនេះឱ្យមានប្រសិទ្ធភាពដោយស្មារតីទទួលខុសត្រូវខ្ពស់៕

ព័ត៌មានទាក់ទង