កូនទន្សោងញីមួយក្បាល ត្រូវបានឆ្កែខាំក្នុងចម្ការអំពៅក្នុងខេត្តកំពង់ស្ពឺ

15/03/2023 5:17 pm កំពង់ស្ពឺ

ភ្នំពេញ៖ កូនទន្សោងញីអាយុ ប្រហែល៣ខែ ត្រូវបានជួយសង្គ្រោះចេញពីចម្ការអំពៅនៅជាប់ព្រៃសហគមន៍ការពារព្រៃឈើប្រាំបីមុម។ បច្ចុប្បន្ន កូនទន្សោងមួយក្បាលនោះ បានទៅដល់មជ្ឃមណ្ឌលថែរក្សា និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ និងត្រូវបានគ្រូពេទ្យជំនាញជួយសង្គ្រោះ។



នៅព្រឹកថ្ងៃទី១៥ ខែមីនា នេះ គណៈកម្មការសហគមន៍ការពារព្រៃឈើប្រាំបីមុម បានសង្គ្រោះកូនសត្វទន្សោងញីមួយក្បាលពីក្នុងចម្ការអំពៅ ជាប់ព្រៃសហគមន៍។ ស្ថានភាពរបស់កូនទន្សោយនោះ របួសដោយសារឆ្កែខាំជើង ត្រូវជើងខាងឆ្វេង ផ្នែកខាងក្រោយ ។ នេះជាការបញ្ជាក់របស់លោក តឹប គែង ប្រជាសហគមន៍ប្រាំបីមុម។

បច្ចុប្បន្ន កូនទន្សោងនោះ បានទៅដល់ មជ្ឈមណ្ឌលថែរក្សា និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ និងកំពុងត្រូវបានគ្រូពេទ្យជួយសង្គ្រោះ។ «ពេលនេះ ក្រុមយើងមិនទាន់អាចផ្ដល់ព័ត៌មានអ្វីបន្ថែមបានទេ ដោយសារត្រូវមើល កូនទន្សោងជាមុនសិន! ស្ថានភាពដូចជាមិនស្រូលទេ»។ នេះជាការលើកឡើងរបស់ លោក ទ្រី ស៊ីថេង ប្រធានថែរក្សា និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ។

សហគមន៍ព្រៃឈើប្រាំបីមុម មានផ្ទៃដីសរុប ១ ២២១ ហិកតា ស្ថិតក្នុងភូមិថ្នល់កែង ភូមិត្រពាំងក្រើញ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ សហគមន៍នេះ អាចជាកន្លែងសុវត្ថិភាពសម្រាប់សត្វព្រៃ ប្រភេទផ្សេងៗដូចជា ទន្សោង ខ្ទីង ក្ងោក ប្រើស ជ្រូកព្រៃ និងសត្វមួយចំនួនទៀត៕
 

ព័ត៌មានទាក់ទង