រាជរដ្ឋាភិបាល ចេញអនុក្រឹត្យពីការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន

14/03/2023 3:00 pm ភ្នំពេញ

ភ្នំពេញ៖ រដ្ឋាភិបាលសម្រេច ចេញអនុក្រឹត្យ ស្ដីពីការអនុវត្តកម្មវិធីផ្ដល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ។ កម្មវិធីនេះ មានគោលបំណងលើកកម្ពស់អាហារូបត្ថម្ភ និងការសិក្សារបស់កុមារក្នុងតំបន់ក្រីក្រ និងងាយរងគ្រោះខ្ពស់។



កម្មវិធីផ្ដល់អាហារតាមសាលារៀននេះ នឹងផ្ដល់ប្រាក់ឧបត្ថម្ភរបបអាហារសម្រាប់សិស្ស ,ប្រាក់ឧបត្ថម្ភចុងភៅ តាមការកំណត់ចំនួនសិស្សដែលត្រូវទទួលរបបអាហារនៅសាលាគោលដៅ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងអប់រំ យុវជន និងកីឡា ជាអ្នកកំណត់និងជ្រើស។ នេះបើតាមអនុក្រឹត្យខាងលើ ចេញផ្សាយដោយរដ្ឋាភិបាលថ្ងៃទី១៣មីនា ឆ្នាំ២០២៣ ដែលមាន១០ជំពូក និង៣១មាត្រា។ 
 
គោលបំណងសំខាន់នៃអនុក្រឹត្យ ស្ដីពីការអនុវត្តកម្មវិធីផ្ដល់អាហារតាមសាលារៀន គឺលើកកម្ពស់អាហារូបត្ថម្ភ និងការសិក្សារបស់កុមារក្នុងតំបន់មានភាពក្រីក្រ និងភាពងាយរងគ្រោះខ្ពស់។ លើសពីនេះ ដើម្បីចូលរួមចំណែកបង្កើនការចុះឈ្មោះចូលរៀន កាត់បន្ថយអត្រាបោះបង់ការសិក្សានៅកម្រិតបឋមសិក្សា ព្រមទាំងចូលរួមលើកកម្ពស់សេដ្ឋកិច្ចសហគមន៍ផងដែរ។ 
 
សម្រាប់ថវិការអនុវត្តកម្មវិធី ជាថវិការដ្ឋ និងថវិកាពីប្រភពស្របច្បាប់ ផ្សេងទៀត។ ចំពោះ ករណីប្រធានសក្តិ ដូចជាប្រទេសទាំងមូល ឬផ្នែកណាមួយ ជួបវិបត្តិធ្ងន់ធ្ងរ ដែលមិនអាចដំណើរការបង្រៀន ឬរៀននៅតាមសាលាបាននោះ ក្រសួងអប់រំ អាចបង្វែរប្រាក់ឧបត្ថម្ភរបបអាហារសិស្ស និងប្រាប់ឧបត្ថម្ភចុងភៅ ទៅទិញស្បៀងចែកដល់សិស្សក្នុងគ្រួសារមានបណ្ណសមធម៌ និងចុងភៅវិញ។ ដូច្នេះ ពួកគេអាចមានលទ្ធភាពចម្អិនម្ហូបនៅតាមផ្ទះរៀងខ្លួនតាម។ 
 
បច្ចុប្បន្នកម្មវិធីនេះ អនុវត្តនៅតាមសាលារៀនគោលដៅចំនួន៤២៧សាលា ក្នុងខេត្តចំនួន១០ រួមមានខេត្តបាត់ដំបង, បន្ទាយមានជ័យ, កំពង់ចាម, សៀមរាប, កំពង់ធំ, ស្ទឹងត្រែង, ព្រះវិហារ, ឧត្តរមានជ័យ, កំពង់ឆ្នាំង, និងពោធិ៍សាត់។ រីឯ សិស្សទទួលផលមានចំនួន១១០ ៦៤៥ នាក់ ដែលរាជរដ្ឋាភិបាលគ្រោងចំណាង១៧ ០៨០លានរៀល ក្នុងឆ្នាំ២០២៣នេះ៕ 

ព័ត៌មានទាក់ទង