រដូវប្រាំង បង្កហានិភ័យខ្ពស់ដល់សត្វ និងព្រៃឈើ នៅក្នុងសហគមន៍ប្រាំបីមុម

14/03/2023 2:14 pm កំពង់ស្ពឺ

ភ្នំពេញ៖ ក្នុងរដូវប្រាំងឆ្នាំនេះ សហគមន៍ប្រាំបីមុម កំពុងខ្វះលទ្ធភាពការពារព្រៃឈើ និងសត្វព្រៃផង។ ជាពិសេសរដូវប្រាំង ភ្លើងឆេះព្រៃ អាចនឹងកើតឡើង ដែលជាហានិភ័យសម្រាប់សត្វ និងព្រៃទាំងមូល។ 

ការងារការពារ និងអភិរក្សសត្វព្រៃ អាចមិនមែនជារឿងងាយស្រួលដូចជាការគិត និងឃើញដោយភ្នែកផ្ទាល់ឡើយ។  ទន្ទឹមនេះ អ្នកការពារព្រៃឈើ និងសត្វព្រៃគ្រប់កន្លែង តែងជួបបញ្ហាប្រឈមពីសំណាក់មនុស្សមិនស្គាល់អត្ដសញ្ញាណ និងសត្វព្រៃមួយចំនួនផង។ 

លោក  សឿន ឡាយ ប្រធានសហគមន៍ប្រាំបីមុមបានប្រាប់សារព័ត៌មានThmeyThmey25 ក្នុងអំឡុងពេលចុះល្បាតព្រៃសហគមន៍ក្នុងខេត្តកំពង់ស្ពឺថា កន្លងមកសហគមន៍មិនចង់បញ្ចេញព័ត៌មានទាក់ទងសត្វទៅកាន់សាធារណជនឡើយ ដោយសារខ្លាចមានគ្រោះថ្នាក់ដល់សត្វ។


លោក សឿន ឡាយ ប្រធានសហគមន៍ប្រាំបីមុម( ពាក់មួកស្លឹកត្នោត) អង្គុយនៅលើកំពូលភ្នំ ក្នុងសហគមន៍។

«កន្លងមក ក្រុមយើងព្យាយាមមិនផ្សាយព័ត៌មានទាក់ទងសត្វព្រៃ ដែលយើងកំពុងការពារទេ ព្រោះអាចប្រឈមហានិភ័យខ្ពស់។ ប៉ុន្ដែពេលនេះទើបដឹងថា មិនផ្សាយក៏ប្រឈម ផ្សាយក៏ប្រឈម»។ នេះជាការលើកឡើងរបស់លោក ឡាយ ដោយថា បច្ចុប្បន្នក្រុមគណៈកម្មការប្រឹងល្បាតទាំងយប់ថ្ងៃ ដើម្បីការពារមិនឱ្យសត្វចេញក្រៅរបងចូលចម្ការអំពៅនៅជុំវិញ។  ម្យាងវិញទៀត  នៅរដូវប្រាំងក្នុងឆ្នាំនេះភ្លើងឆេះព្រៃស្ទើរគ្រប់កន្លែង សត្វព្រៃពិបាករកចំណី ជាមូលហេតុធ្វើឱ្យឱ្យអត្រ្តាដើររកចំណីរបស់ហ្វូងកាន់តែច្រើនចេញទៅក្រៅសហគមន៍។ 

លោក  សឿន ឡាយ អះអាងដូច្នេះ៖ «អ្នកខ្លះត្រូវការសាច់ឈ្លូស សាច់ទន្សោង និងស្នែងរបស់វា បើដូច្នេះសត្វរស់នៅយ៉ាងម៉េច។ ពួកយើងទាំងយប់ទាំងថ្ងៃល្បាតព្រៃ យាមចាំការពារសត្វ ព្រោះខ្លាច ត្រូវគេប្រមាញ់នោះឯង។ ខ្វះខាត់ប៉ុណ្ណា នៅតែតស៊ូ តើហេតុអ្វី គេមិនយល់ ហើយគ្មានអ្នកណាមើលឃើញ»។ 

សត្វព្រៃក្នុងសហគមន៍ប្រាំបីមុម កាន់មានហានិភ័យខ្ពស់ ទន្ទឹមពេលគណៈកម្មការខ្វះលទ្ធភាពការពារ។ រូបភាព៖ សហគមន៍ការពារព្រៃឈើប្រាំបីមុម ។


សហគមន៍ព្រៃឈើប្រាំបីមុម មានផ្ទៃដីសរុប ១ ២២១ ហិកតា ស្ថិតក្នុងភូមិថ្នល់កែង ភូមិត្រពាំងក្រើញ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ សហគមន៍នេះ អាចជាកន្លែងសុវត្ថិភាពសម្រាប់សត្វព្រៃ ប្រភេទផ្សេងៗដូចជា ទន្សោង ខ្ទីង ក្ងោក ប្រើស ជ្រូកព្រៃ និងសត្វមួយចំនួនទៀត។ បច្ចុប្បន្នគណៈកម្មការទាំង១៤រូប នៅក្នុងសហគមន៍នេះ បានចូលរួមការពារព្រៃ និងសត្វព្រៃ ដោយការស្រឡាញ់ចាប់ពីឆ្នាំ២០០៣ ដោយគ្មានការឧបត្ថម្ភប្រាក់ពីរដ្ឋាភិបាលឡើយ។ 

ជាមួយគ្នានេះក្រុមអ្នកការពារសហគមន៍ ក៏ចង់ស្នើឱ្យមានការចូលរួមការពារ និងថែរក្សាព្រៃឈើ និងសត្វព្រៃ ព្រមជាមួយការឧបត្ថម្ភសម្រាប់សម្រួលដល់ការចំណាយល្បាតព្រៃរបស់ក្រុមអ្នកការពារ។ 

«ពួកខ្ញុំ ប្រឹងការពារឱ្យសត្វគង់។  ជាមួយគ្នានេះ ខ្ញុំក៏ចង់ឱ្យរដ្ឋមើលឃើញ និងជួយយើងវិញដែរ។ ពួកយើងប្រឹងស្ទើអស់ពីខ្លួន សង្ឃឹមថាការប្រឹងនេះ នឹងមានអ្នកមើលឃើញវិញ»។ លោក ឡាយបញ្ជាក់ដូច្នេះ៕  

 

ព័ត៌មានទាក់ទង