រូបចម្លាក់ព្រះពុទ្ធប្រវែង៦១ម៉ែត្រ ត្រូវបានកសាងដោយព្រះបាទអង្គចន្ទទី១ នៅប្រាសាទបាភួន

14/03/2023 10:00 am សៀមរាប

សៀមរាប៖ ប្រាសាទបាភួន ត្រូវបានកសាងឡើងដោយព្រះបាទឧទយទិត្យវម៌្មនទី២ នៅសតវត្សរ៍ទី១១ ដើម្បីឧទ្ទិសជូនព្រហ្មញសាសនា។ ប៉ុន្តែប្រមាណ៥០០ឆ្នាំក្រោយមក ព្រះបាទចន្ទរាជា ឬអង្គចន្ទទី១ ដែលជាព្រះមហាក្សត្រសម័យលង្វែក បានយាងត្រឡប់មកកាន់អតីតក្រុងយសោធរបុរៈវិញ។ ព្រះបាទចន្ទរាជា បានកសាងរូបចម្លាក់ព្រះពុទ្ធរូបចូលនិព្វានមួយយ៉ាងធំ នៅប្រាសាទបាភួន នាសតវត្សរិ៍ទី១៦។


ប្រាសាទបាភួន ជាប្រាសាទដ៏ល្បីមួយនៅក្នុងក្រុងអង្គរធំ។ ប្រាសាទនេះ មានវ័យចំណាស់ជាងប្រាសាទបាយ័ន និងបុរាណស្ថានមួយចំនួនទៀតក្នុងក្រុងអង្គរធំ។ បើនិយាយអំពីទីតាំងក្នុងក្រុងអង្គរធំវិញ ប្រាសាទបាភួន ត្រូវបានសាងសង់នៅខាងក្រោយ ឈៀងខាងត្បូងព្រះលានដល់ដំរី និងខាងជើងឈៀងខាងលិច នៃប្រាសាទបាយ័ន។ 



ប្រាសាទបាភួននេះ មានទំហំធំណាស់ ដែលមានទម្រង់ជាប្រាសាទភ្នំ និងត្រូវបានសាងសង់ក្នុងរចនាបថ បាភួន។ រចនាបថបាភួន ស្ថិតនៅក្នុងចំណោមរចនាបថធំៗរបស់ខ្មែរ។ ប្រាសាទ ដែលត្រូវបានសាងសង់ក្នុងរចនាបថបាភួន នេះ ក៏មាននៅប្រទេសថៃផងដែរនាពេលបច្ចុប្បន្ន។ 

លោក សូម សុភា បុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា បានសម្រាំងយកចំណុចសំខាន់ៗក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មានថ្មីៗ។ លោក សុភា បានថ្លែងថា រូបចម្លាក់ព្រះពុទ្ធនេះ មានប្រវែង៦១ម៉ែត្រ និងកម្ពស់៩ម៉ែត្រ។ ព្រះអង្គចន្ទទី១ ជាព្រះមហាក្សត្រ ដែលបានយាងមកកាន់ទឹកដីដ៏ពិសិដ្ធវិញ ដើម្បីជួសជុល និងថែទាំបុរាណស្ថានក្នុងក្រុងយសោធរបុរៈ។ 

បើតាមគេហទំព័រ យសោធរ ជញ្ជាំងពីរផ្ទាំងធំៗនៅមុមឦសាននៃប្រាសាទអង្គរវត្ត កាលជំនាន់ដែលសាងសង់ដំបូងនាសតវត្សរ៍ទី១២ គឺពុំទាន់មានចម្លាក់អ្វីទាំងអស់។ ព្រះបាទអង្គច័ន្ទ បានទៅឱ្យគេឆ្លាក់បំពេញ ពោល គឺផ្តើមនៅឆ្នាំ ១៥៤៦ ហើយចប់នៅឆ្នាំ ១៥៦៤។ 



ទឹកដីតំបន់នគររាជ ដែលច្រើនតែប្រជារាស្ត្រខ្មែររស់នៅនោះ ក៏ដណ្តើមបានមកវិញមួយពេល។ ការរៀបចំកសាងបុរាណដ្ឋានចេះតែមានជាហូរហែក្នុងរាជ្យ បន្ទាប់ៗមក មិនថាតែនៅទឹកដីអង្គរ ឬតំបន់ផ្សេងៗនៃស្រុកខ្មែរឡើយ។ បើនិយាយតែកន្លែងសំខាន់ៗនៅតំបន់អង្គរ ការរៀបចំមានធ្វើឡើងនៅប្រាសាទអង្គរវត្តតទៅទៀត។ 

ឯនៅប្រាសាទបាខែងវិញ ព្រះអង្គចន្ទទី១ កសាងព្រះពុទ្ធរូបទ្រង់ព្នែនមួយមានទំហំដែលគួរឱ្យស្ញប់ស្ញែង ត្បិតព្នែននោះគ្របដណ្តប់ស្ទើរតែលប់បាត់ខឿនខាងលើទាំងមូល។ នៅគ.ស.១៩២២ គេអាចមើលឃើញព្រះពុទ្ធអង្គនោះពីត្រឹមចង្កេះចុះមកក្រោមនៅឡើយ៕ 



 

ព័ត៌មានទាក់ទង