រដ្ឋ គ្រោងចំណាយថវិកាសង់ ២៤០លានដុល្លារ លើគម្រោងផ្លូវខ្សែក្រវាត់ក្រុងទី៣ ប៉ែកខាងកើត

11/03/2023 9:40 am ភ្នំពេញ


ដោយ: ញឹក សំអូន
រដ្ឋាភិបាល នឹងគ្រោងចំណាយថវិកាសាងសង់ ២៤០លានដុល្លារអាម៉េរិក សម្រាប់គម្រោងផ្លូវក្រវាត់ក្រុងខ្សែទី៣ ប៉ែកខាងកើត ។ នេះបើតាមក្រុមហ៊ុនសំណង់សៀងហៃ បានធ្វើបទបង្ហាញជូនអ្នកជំនាញបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ចូន ដើម្បីពិនិត្យ និងផ្ដល់ធាតុចូលបន្ថែម។



លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំជាមួយក្រុមហ៊ុនសំណង់សៀងហៃ (Shanghai Construction Group Co,.Ltd.) ដើម្បីស្វែងយល់បទបង្ហាញស្តីពីលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភា​​ពលើគម្រោងខ្សែក្រវាត់ទី៣ ប៉ែកខាងកើត ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីបច្ចេកទេសជំនាញជាច្រើនរូប នៅព្រឹកថ្ងៃទី ១០មីនានេះ។

លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រជុំពិភាក្សាជុំវិញគម្រោងផ្លូវក្រវាត់ក្រុងទី៣ ប៉ែកខាងកើត។

បើតាមក្រុមហ៊ុនសំណង់សៀងហៃ គម្រោងខ្សែក្រវាត់ទី៣ ប៉ែកខាងកើតនេះ មានប្រវែងប្រមាណ ៣៤គីឡូម៉ែត្រ ដែលនឹងត្រូវសាងសង់ ៤គន្លង គឺពីរគន្លងទៅ ពីរគន្លងមក។ ផ្លូវនេះ ចេញពីមហាវិថីឈ្នះឈ្នះ ត្រង់ចំណុចប្រសព្វផ្លូវជាតិលេខ៦ រហូតដល់ចំណុចប្រសព្វផ្លូវលេខ៧០បេ ឆ្លងកាត់កោះចំនួន២ គឺកោះដាច់ និងកោះតាង។ 
 
គម្រោងខ្សែក្រវាត់ទី៣ ប៉ែកខាងកើត នឹងត្រូវសាងសង់ស្ពានឆ្លងទន្លេមេគង្គចំនួន ៣ គឺស្ពានទី១ ផ្លូវជាតិលេខ៦-កោះដាច់ ដែលមានប្រវែង ១៣១១ម៉ែត្រ, ស្ពានទី២ ចាប់ពីកោះដាច់-កោះតាង មានប្រវែង ៥៧៩ម៉ែត្រ និងស្ពានទី៣ ចាប់ពីកោះតាង-ផ្លូវ៧០បេ ដែលមានប្រវែង ១០៤៤ម៉ែត្រ។ គម្រោងនេះ នឹង ចំណាយថវិកាសាងសង់ប្រមាណ ២៤០លានដុល្លារអាម៉េរិក។
 
ក្រោយពេលក្រុមហ៊ុនសំណង់សៀងហៃ ធ្វើបទបង្ហាញចប់ អ្នកជំនាញបច្ចេកទេសរបស់ក្រសួង បានជជែកពិភាក្សា និងផ្ដល់យោបល់ជាធាតុចូលលើការងារបច្ចេកទេសសំខាន់ៗ ក្នុងការសាងសង់ រួមមានការរៀបចំជាចំណតយានយន្ត ព្រមទាំងការសិក្សាបន្ថែមលើភូមិសាស្ត្រតំបន់ ការសិក្សាលើលំហូរទឹក និងទំនប់ទឹក ដែលជាធាតុចូលដើម្បីធ្វើឱ្យគម្រោងនេះមានប្រសិទ្ធភាព និងនិរន្តរភាពផងដែរ។
 
សូមជម្រាបថា គម្រោងផ្លូវខ្សែក្រវាត់ក្រុងទី៣ ប៉ែកខាងកើតនេះ គឺរដ្ឋាភិបាល នឹងសាងសង់តភ្ជាប់ពីផ្លូវក្រវាត់ក្រុងខ្សែទី៣ ប៉ែកខាងលិច ដែលមានប្រវែងជាង ៥០គីឡូម៉ែត្រ ចំណាយថវិកាសាងសង់ចំនួន ២៧៣លានដុល្លារអាម៉រិក។ បើគិតត្រឹមខែកុម្ភៈ ការសាងសង់ផ្លូវក្រវាត់ក្រុងទី៣​ ប៉ែកខាងលិច ចាប់ពីចំណុចផ្លូវជាតិលេខ៤ ដល់ផ្លូវជាតិលេខ១ សម្រេចបាន​ប្រមាណជិត ៩០ភាគរយហើយ  ដែលនឹងបញ្ចប់ការសាងសង់នៅខែឧសភា ឆ្នាំ២០២៣នេះ៕

ព័ត៌មានទាក់ទង