
ភ្នំពេញ៖ បុណ្យទន្លេលើកទី៧ ក្នុងឆ្នាំនេះ ត្រូវបានធ្វើឡើងនៅខេត្តកំពង់ធំ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០មីនា ក្រោមប្រធានបទ«ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត»។ ការប្រារព្ធបុណ្យទន្លេឆ្នាំនេះ បន្ទាប់ពីខានធ្វើពីរឆ្នាំ ដោយសារបញ្ហារាលដាលនៃជំងឺកូវីដ-១៩។
តាមសារលិខិត នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រឹត្តិការណ៍បុណ្យទន្លេនេះ បានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ដ៏សំខាន់សម្រាប់កម្ពុជា ដែលចូលរួមចំណែកក្នុងការផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍ខេត្តជាប់ដងទន្លេ។ បុណ្យទន្លេនេះ ក៏មានចំណែកគាំទ្រគោលនយោបាយរដ្ឋាភិបាលកម្ពុជា ក្នុងការយកចិត្តទុកដាក់អភិវឌ្ឍន៍តំបន់តាមដងទន្លេប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ។
ព្រឹត្តិការណ៍នេះក៏ជាឱកាស ដើម្បីពង្រឹងគុណភាពសេវាកម្ម និងការបង្កើត និងអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ជាពិសេសទេសចរណ៍តាមនាវា (River-Cruise) និងសហគមន៍ទេសចរណ៍តាមដងទន្លេជាដើម។
ដោយឡែកប្រធានបទឆ្នាំនេះ គឺសមស្របទៅនឹងបរិបទបច្ចុប្បន្នរបស់រដ្ឋាភិបាលកម្ពុជា បន្តផ្ដល់អាទិភាពលើការអភិវឌ្ឍតំបន់តាមដងទន្លេ ជាពិសេសជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ការការពារ និងអភិរក្សធនធានធម្មជាតិ។ រដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាចិត្តរក្សាតុល្យភាព រវាងផលប្រយោជន៍សេដ្ឋកិច្ច សង្គម បរិស្ថាន និងវប្បធម៌ ប្រជាពលរដ្ឋមូលដ្ឋាន ធានាបាននូវការអភិវឌ្ឍទាំងបច្ចុប្បន្ន និងអនាគត។
ជាមួយគ្នានេះ រដ្ឋាភិបាលកម្ពុជា ក៏នឹងបន្តប្រារព្ធពិធីបុណ្យទន្លេនេះជារៀងរាល់ឆ្នាំផងដែរ នៅតាមបណ្ដាខេត្តជាប់ដងទន្លេក្នុងប្រទេស។
គួរជម្រាបផងដែរថា ពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំនេះ ទាក់ទាញអ្នកទេសចរចំនួន ៤០៣,៥០០នាក់។ ចំនួននេះ គឺបូកបញ្ចូលគ្នានៅមុនថ្ងៃពិធីបុណ្យមួយថ្ងៃ ពោលគឺថ្ងៃ៧មីនា ដែលមានអ្នកចូលរួម ១៨,៥០០នាក់។ នេះបើតាមក្រសួងទេសចរណ៍៕
-
ដោយ៖ ស៊ុល រ៉វី
-
© រក្សាសិទ្ធិដោយ thmeythmey25.com

