
ភ្នំពេញ៖ អាជ្ញាធរខេត្តពោធិ៍សាត់ មានគម្រោងប្រែមុខមាត់ស្រុកវាលវែង ឱ្យទៅជាក្រុងសេដ្ឋកិច្ច និងទេសចរណ៍។ គម្រោងនេះ ស្របពេលខេត្តមួយនេះ មានការរស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវ សាលារៀន មន្ទីរពេទ្យជាដើម។
បើតាមសម្ដីលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ឃុំចំនួន៣ ក្នុងចំណោម៥ ក្នុងស្រុកវាលវែង នឹងជាគោលដៅ ដើម្បីយកមកអភិវឌ្ឍន៍ ជាក្រុងសេដ្ឋកិច្ច និងទេសចរណ៍នេះ។ ឃុំគោលដៅនោះរួមមាន ឃុំថ្មដា នឹងត្រូវអភិវឌ្ឍន៍ជាតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចពិសេស ច្រកទំនាក់ទំនងអន្តរជាតិ(ថៃ-កម្ពុជា) និងផ្លាស់ប្ដូរទំនិញ។
ចំពោះឃុំប្រម៉ោយវិញ នឹងត្រូវរៀបចំ ជាតំបន់ទីប្រជុំជនរដ្ឋបាល។ ចំណែកឃុំអូរសោម នឹងក្លាយជាទីក្រុងទេសចរណ៍ធម្មជាតិ។ នេះជាការបញ្ជាក់របស់ លោក ខូយ រីដា នាសន្និសីទ សារព័ត៌មាន ស្ដីពីភាពជោគជ័យរយៈពេល៥ឆ្នាំរបស់ខេត្តពោធិ៍សាត់។
បើតាមការអះអាងរបស់ អភិបាលខេត្តរូបនេះ បច្ចុប្បន្នរដ្ឋបាលខេត្ត និងក្រុមការងារចម្រុះ កំពុងសិក្សា លើឃុំចំនួន៣ខាងលើនេះ។ លោក ខូយ រីដា ពន្យល់បន្ថែមដូច្នេះ៖«ត្រូវរៀបចំប្លង់គោលការអភិវឌ្ឍធ្វើម៉េចឱ្យ(ស្រុកវាលវែង)ឱ្យកើតជាទីក្រុង។ ទីក្រុង ដែលមានសោភ័ណភាព គុណភាព ប្រសិទ្ធិភាព និងទាក់ទាញទាំងទេសចរណ៍ និងទាំងការវិនិយោគ និងដំណើរការរវាងប្រទេសថៃ និងកម្ពុជា»៕
-
ដោយ៖ ស៊ុល រ៉វី
-
© រក្សាសិទ្ធិដោយ thmeythmey25.com

