កម្ពុជា មានស្រ្តី ៦១ភាគរយ ជាម្ចាស់អាជីវកម្ម និងអ្នកធ្វើជំនួញ

07/03/2023 10:05 am ភ្នំពេញ

ភ្នំពេញ៖ ការអភិវឌ្ឍជាតិ ត្រូវការការចូលរួមរបស់ស្រ្តី។ គោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា បានចាត់ទុកស្រ្តីជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។ របាយការណ៍របស់ក្រសួងកិច្ចការនារី បញ្ជាក់ថា កម្ពុជា មានស្រ្តី ៦១ភាគរយ ជាម្ចាស់អាជីវកម្ម និងអ្នកធ្វើជំនួញ ដែលជាអត្រាខ្ពស់ក្នុងតំបន់។



បច្ចុប្បន្ន ការចូលរួម និងតួនាទីរបស់ស្រ្តី បានក្លាយជាចន្ទល់ និងប្រភពកំណើនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ច-សង្គមជាតិ។ ជាមួយគ្នានេះ វត្តមានស្រ្តីក្នុងវិស័យសេដ្ឋកិច្ច មានសារសំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ។ ឯកសារទស្សនាទានយុទ្ធនាការទិវាអន្តរជាតិនារី ៨ មីនា ២០២៣ បង្ហាញថា កម្ពុជា មានកម្លាំងពលកម្មរបស់ស្រ្តី ប្រមាណ ៨៤ភាគរយ និងស្រ្តី ៦១ភាគរយ ជាម្ចាស់អាជីវកម្ម និងអ្នកធ្វើជំនួញ ដែលជាអត្រាខ្ពស់ក្នុងតំបន់។

តាមរយៈកំណើនស្រ្តីក្នុងវិស័យសេដ្ឋកិច្ចនេះ ក្រសួងកិច្ចការនារី សំដៅធ្វើយ៉ាងណាធានាឱ្យមានការរៀបចំប្រព័ន្ធអេកូឡូស៊ី ឆ្លើយតបប្រកបដោយសមធម៌ បរិយាប័ន្ន និងចីរភាព ដោយគាំទ្រដល់អាជីវកម្មខ្នាតតូច និងមធ្យម។ បើតាមឯកសារទស្សនាទានយុទ្ធនាការទិវាអន្តរជាតិនារី ក្រសួងកិច្ចការនារី នឹងបន្តគាំទ្រដល់តួនាទីស្រ្តីនៅក្នុងវិស័យសេដ្ឋកិច្ចឌីជីថល ក្នុងការពង្រីកកម្មវិធីអភិវឌ្ឍធនធានមនុស្សជាស្រ្តី តាមរយៈការជំរុញកម្មវិធីលើកកម្ពស់ជំនាញ និងបណ្ដុះបណ្ដាលជំនាញថ្មី។ 



ដើម្បីឱ្យវត្តមានស្រ្តីក្នុងវិស័យសេដ្ឋកិច្ចឌីជីថល កាន់តែមានសក្តានុពល ក្រសួងកិច្ចការនារី នឹងបន្តលើកទឹកចិត្តដល់ស្រ្តី និងក្មេងស្រី ក្នុងការចាប់យកឱកាសការងារ និងមុខរបរថ្មីៗ ដែលត្រូវនឹងទីផ្សារ និងសង្គម ពិសេសលើកកម្ពស់បរិយាប័ន្ន ហិរញ្ញវត្ថុ និងឌីជីថលផងដែរ។ លើសពីនេះ ជំរុញការអនុវត្តវិធានការគោលនយោបាយផ្នែកគាំពារសុខុមាលភាពគ្រួសារ និងការគាំទ្រដល់ស្រ្តី នៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ទន្ទឹមនឹងការកើនឡើងនៃកម្លាំងពលកម្ម និងការចូលរួមរបស់ស្រ្តី ក្នុងវិស័យសាធារណៈ និងក្នុងសកម្មភាពសេដ្ឋកិច្ច ក្រសួងកិច្ចការនារី សង្កេតឃើញថា ការងារក្នុងផ្ទះ និងថែទាំសមាជិកគ្រួសារដោយឥតមានកម្រៃ នៅតែស្ថិតក្នុងបន្ទុកលើស្រ្តី និងក្មេងស្រី។ ការណ៍នេះ បណ្ដាលមកពីកត្តារួមផ្សំជាច្រើន រួមទាំងផ្នត់គំនិត និងឥរិយាបថសង្គម ពាក់ព័ន្ធនឹងយេនឌ័រ។ នេះបើតាមឯកសារទស្សនាទានយុទ្ធនាការទិវាអន្តរជាតិនារី ៨ មីនា ២០២៣ របស់ក្រសួងកិច្ចការនារី៕


 

ព័ត៌មានទាក់ទង