រាជធានី-ខេត្តចំនួន៨ ជាប់ជ័យលាភីក្នុងវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៣

06/02/2023 4:55 pm ភ្នំពេញ

ភ្នំពេញ៖ រាជធានីភ្នំពេញ,ខេត្តកោះកុង, កំពត, ព្រះសីហនុ, កំពង់ស្ពឺ, កំពង់ធំ, ស្ទឹងត្រែង និងខេត្តសៀមរាប ទទួលបានជ័យលាភីស្តង់ដាអាស៊ាន នៅក្នុងវេទិកាទេសចរណ៍អាស៊ាន២០២៣ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅប្រទេសឥណ្ឌូណេស៊ី។ វេទិកានេះ ជាឱកាសដែលកម្ពុជាផ្សព្វផ្សាយផលិតផល និងសក្តានុពលទេសចរណ៍ ជាពិសេសតំបន់ឆ្នេរ ដល់ទីផ្សារទេសចរណ៍អាស៊ាន ដើម្បីជំរុញទេសចរអន្តរជាតិឱ្យមកកម្សាន្តនៅកម្ពុជា។



វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៣នេះ ក្រោមប្រធានបទ «អាស៊ាន៖ ដំណើរទៅកាន់គោលដៅដ៏អស្ចារ្យ»។ បើតាមក្រសួងទេសចរណ៍ កម្ពុជា ទទួលបានជ័យលាភីរង្វាន់ចំនួន១៧ ក្នុងនោះរាជធានី-ខេត្តចំនួន៨ បានទទួលបានជ័យលាភីស្តង់ដាអាស៊ានក្នុងវេទិកាទេសចរណ៍ រួមមាន រាជធានីភ្នំពេញ,ខេត្តកោះកុង, កំពត, ព្រះសីហនុ, កំពង់ស្ពឺ, កំពង់ធំ, ស្ទឹងត្រែង និងខេត្តសៀមរាប។ 

រាជធានី-ខេត្ត ដែលបានទទួលជ័យលាភីរង្វាន់ទេសចរណ៍អាស៊ានខាងលើ ជាឱកាសដើម្បីផ្សព្វផ្សាយ ផលិតផល សក្តានុពលទេសចរណ៍ក្នុងតំបន់របស់ខ្លួន ដល់ទីផ្សារទេសចរណ៍ អាស៊ាន ដើម្បីជំរុញទេសចរអន្តរជាតិឱ្យមកកម្សាន្តឱ្យកាន់តែច្រើនផងដែរ។

ជាមួយគ្នានេះ ជ័យលាភីដែលរាជធានី-ខេត្ត ទទួលបានរួមមាន ផ្ទះស្នាក់ស្តង់ដាអាស៊ានចំនួន៥ សហគមន៍ទេសចរណ៍ស្តង់ដាអាស៊ានចំនួន៣ បង្គន់អនាម័យសាធារណៈស្តង់ដាអាស៊ានចំនួន៥ និងសេវាស្ប៉ាស្តង់ដាអាស៊ានចំនួន៤ផងដែរ។ ទន្ទឹមក្នុងនោះ  ផ្ទះស្នាក់របស់កម្ពុជា បានជ័យលាភីស្តង់ដាអាស៊ានចំនួន៥ដែរ ក្នុងនោះរួមមាន ផ្ទះស្នាក់ត្រពាំងសង្កែ ក្នុងខេត្តកំពត, ផ្ទះស្នាក់សំបូរព្រៃគុក ក្នុងខេត្តកំពង់ធំ រួមទាំងផ្ទះស្នាក់ Eagle ផ្ទះស្នាក់ Black Bear និងផ្ទះស្នាក់ Mien Mien ក្នុងខេត្តកោះកុង។ 

វេទិកាទេសចរណ៍នេះ នឹងនាំយក អ្នកជំនាញទេសចរណ៍មកពីបណ្ដា ប្រទេសក្នុងតំបន់អាស៊ានឱ្យមកកម្ពុជា។ លើសពីនេះ កម្ពុជា ឆ្ពោះទៅរកការស្ដារ និងបើកឡើងវិញនូវវិស័យទេសចរណ៍ក្នុងតំបន់ ប្រកបដោយភាពធន់ និរន្តរភាព និងភាពទទួលខុសត្រូវនាពេលអនាគត។
សូមបញ្ជាក់ថា វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៤ នឹងគ្រោងរៀបចំនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវជា ក្រោមប្រធានបទ «ទេសចរណ៍ប្រកបដោយគុណភាព និងការទទួលខុសត្រូវ - ចីរភាពអនាគតអាស៊ាន»៕ 
 

ព័ត៌មានទាក់ទង