អភិបាលក្រុងកែប ពន្យល់ពីមូលហេតុដែលកាប់ដើមឆ័ត្រនៅតាមឆ្នេរ

06/02/2023 4:09 pm ភ្នំពេញ


ថ្មីៗនេះ អាជ្ញាធរក្រុងកែប បានចាប់ផ្ដើមរៀបចំកែលម្អសោភ័ណភាព សណ្ដាប់ធ្នាប់អាជីវកម្ម នៅឆ្នេរកែប ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម។ អភិបាលក្រុងកែបរំពឹងថា ការកែលម្អឡើងវិញនេះ នឹងកាន់តែទាក់ទាញទេសចរ ជាពិសេសលែងឱ្យមានសកម្មភាពយកឆ្នេរជាការរកស៊ីបន្តទៀត។



រដ្ឋបាលខេត្តកែប កំពុងកែលម្អទីតាំងមាត់ឆ្នេរកែបឡើងវិញ ដោយត្រូវផ្លាស់ប្ដូរឥដ្ឋការ៉ូឡាចាស់ ជំនួសថ្មក្រានីត, កាត់ដើមឆ័ត្រ ជំនួសដោយដើមលម៉ើ និងដំឡើងពាក្យ «ខ្ញុំស្រឡាញ់(បេះដូង)កែប» ផងដែរ នៅមាត់ឆ្នេរមួយនេះ។ 

គម្រោងកែលម្អឆ្នេរកែប។ រូបភាពពីទំព័រហ្វេសប៊ុក ព័ត៌មានខេត្តកែប។

ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗ នៅព្រឹកថ្ងៃទៅ០៦ ខែកុម្ភៈ លោក ខេង យ័ន អភិបាលក្រុងកែប បានបញ្ជាក់ថា គម្រោងកែលម្អសោភ័ណភាពឆ្នេរកែប ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ដែលខេត្តកែបជាម្ចាស់ផ្ទះ លើការប្រកួតវិញ្ញាសាទ្រីយ៉ាត្លុង។ ជាពិសេសទាក់ទាញទេសចរ មកកាន់ក្រុងមួយនេះ ក៏ដូចជារក្សាសណ្ដាប់ធ្នាប់ការលក់ដូរនៅឆ្នេរផងដែរ។ 
 
ជុំវិញការរៀបចំឆ្នេរកែបឡើងវិញនេះ ត្រូវបានអាជីវករ ដែលរកស៊ីអាស្រ័យតាមមាត់ឆ្នេរ បានបង្ហាញការមិនពេញចិត្ត ចំពោះការរៀបចំរបស់អាជ្ញាធរ ដែលបានកាត់ដើមឆ័ត្រនោះចោល។ 
នៅក្នុងវីដេអូផ្សាយផ្ទាល់មួយ លើទំព័រហ្វេសប៊ុក «ព័ត៌មានខេត្តកែប» ដែលមា​នរយៈពេលជាង៤០នាទី បានបង្ហាញសកម្មភាព​អាជីវកមួយក្រុម ទៅស្កាត់ជួបអភិបាលក្រុង ដើម្បីតវ៉ាមិនឱ្យកាត់ដើមឆ័ត្រនោះឡើយ ព្រោះអាចធ្វើឱ្យទេសចរមិនចង់មកឆ្នេរទៀត ដោយសារគ្មានម្លប់។ 


លោក ខេង យ័ន អភិបាលក្រុងកែប។ រូបភាពពីទំព័រហ្វេសប៊ុក រដ្ឋបាលក្រុងកែប ខេត្តកែប។ 

ឆ្លើយតបការតវ៉ានេះ អភិបាលក្រុង បានបកស្រាយថា មូលហេតុដែលអាជ្ញាធរសម្រេចកាប់ដើមឆ័ត្រនេះ ចោលដោយសារឫសដើមឈើនេះ បានធ្វើឱ្យខូចខាតដល់ការ៉ូឡា ឬអាចនឹងធ្វើឱ្យខូចថ្មក្រានីត នៅពេលអនាគត។ មួយវិញទៀត ដើមឆ័ត្រនេះ បានធ្វើឱ្យបាត់បង់សោភ័ណភាពឆ្នេរ ពេលខែជម្រុះស្លឹកម្ដងៗ។ 
 
អភិបាលក្រុងកែបរូបនេះ បានអះអាងប្រាប់សារព័ត៌មានថ្មីៗថា អាជីវករបានយល់ព្រមតាមអាជ្ញាធរ និងអនុវត្តន៍ទៅតាមគម្រោង ដោយគ្មានអ្វីផ្លាស់ប្ដូរនោះឡើយ។


សកម្មភាពតវ៉ាការកាប់ដើមឆ័ត្ររបស់អាជីវករ នៅឆ្នេរកែប។ រូបភាព​capture ពីទំព័រហ្វេសប៊ុក ព័ត៌មានខេត្តកែប។ 

ក្រៅពីសោភ័ណភាពឆ្នេរកែប អាជាធ្ញរ ក៏បានដោះស្រាយបញ្ហាយកឆ្នេរធ្វើជាកម្មសិទ្ធ ក្នុងការរកស៊ីរបស់អាជីវករមួយចំនួន ដែលធ្វើឱ្យប៉ះពាល់ដល់ភ្ញៀវទេសចរមកលេងឆ្នេរផងដែរ។
លោក ខេង យ័ន អះអាងដូច្នេះ៖ «ការកែលម្អផ្លូវដើរឆ្នេរនេះ គឺទីមួយយើងចង់បានសោភ័ណភាពស្អាត។ ទី២យើងបានណែនាំគាត់(អាជីវករ)ឈប់ឱ្យក្រាលកន្ទេល ដើម្បីដាក់ជួលឱ្យទេសចរពេលគាត់មកលេង ហើយគាត់ក៏បានទទួលយក»។ 
 
អាជ្ញាធរក៏មិនមានគម្រោងរៀបចំទីតាំងផ្សេង សម្រាប់អាជីវករទាំងនោះដែរ។ ប៉ុន្តែអភិបាលខេត្តរូបនេះថា អាជ្ញាធរនឹងជួយសម្របសម្រួលដល់អាជីវករ ដែលមានបំណងស្វែងរកជួលទីតាំងផ្សេង​ ដើម្បី ប្រកបរបររកស៊ីរបស់ពួកគេ៕

ព័ត៌មានទាក់ទង