លោក សាន បុនិកា លក់ហាងនំដូណាត់៦កន្លែងនៅអាម៉េរិក យកមកអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា

06/02/2023 2:09 pm ភ្នំពេញ

ភ្នំពេញ៖ លោក សាន បុនិកា គឺជាអ្នកបង្កើតគ្រឿងយន្តកសិកម្ម ប្រភេទម៉ាស៊ីនព្រោះ និងស្ទូងស្រូវ ដើម្បីកាត់បន្ថយការលំបាករបស់កសិករ។ មុនបង្កើតក្រុមហ៊ុនផលិតគ្រឿងយន្តកសិកម្មនេះ លោក សាន បុនិកា បានសម្រេចចិត្តលក់ហាងនំដូណាត់របស់លោកចំនួន៦កន្លែង នៅសហរដ្ឋអាម៉េរិក ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា។



សូមអញ្ជើញទស្សនាបទសម្ភាសរវាងអ្នកស្រី ញឹក ស្រីល័ក្ខ និពន្ធនាយិកានៃសារព័ត៌មាន Thmey Thmey 25 ជាមួយលោក សាន បុនិកា អ្នកបង្កើតម៉ាស៊ីនព្រោះ និងស្ទូងស្រូវដូចតទៅ៖
 

នៅឆ្នាំ២០១៣ លោក សាន បុនិកា បណ្ឌិតកសិកម្ម ផ្នែកសាកវប្បកម្ម មកពីអាម៉េរិក បានបង្កើតម៉ាស៊ីនព្រោះស្រូវឡើង។ លោក សាន បុនិកា បានសម្រេចចិត្តលក់ហាងនំដូណាត់របស់លោកចំនួន៦កន្លែង នៅសហរដ្ឋអាម៉េរិក ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា។ 

ហេតុអ្វីលោកសម្រេចចិត្តលក់ហាងទាំង៦នោះមកអភិវឌ្ឍន៍វិស័យនៅកម្ពុជា? លោក សាន បុនិកា ឆ្លើយប្រាប់សារព័ត៌មាន Thmey Thmey 25 ថា៖«ដោយសារតែវិស័យកសិកម្ម។ ព្រោះគិតយើងគួរធ្វើអ្វីមួយ ហើយសង្ឃឹមថាវានឹងជួយត្រឡប់មកវិញ។ ជួយមានពីរផ្នែក ទី១ប្រទេសយើង វានឹងអាចមានរបរប្រើប្រាស់ជារបរខ្មែរ និងទី២ វាអាចជួយខ្ញុំ។ ខ្ញុំមិនចង់មានបានទេ ប៉ុន្តែរស់ដោយសមស្រប»។



ការបង្កើតគ្រឿងយន្តនេះ គឺមានការលំបាក និងចំណាយច្រើន។ ការចំណាយច្រើន ដោយសារលោកត្រូវសាកល្បងគ្រឿងយន្តទាំងនោះនៅលើស្រែជាមុនសិនមុននឹងដាក់លក់។ ម៉្យាងទៀត ត្រូវចំណាយលើការធ្វើដំណើរទៅខេត្តនីមួយៗ រួមទាំងបុគ្គលិក។ បើតាមលោក បុនិកា វត្ថុធាតុដើមនៃការដំឡើងគ្រឿងយន្តនេះក៏មានតម្លៃថ្លៃផងដែរ។

ទោះមានផលលំបាក តែបុរសវ័យចំណាស់រូបនេះ មិនបោះបង់ការបង្កើតថ្មីរបស់លោកឡើយ។ «នៅតែធ្វើ ព្រោះអីបើយើងបោះបង់ពាក់កណ្ដាល យើងឈប់ គឺមិនកើតទេ នោះនឹងបរាជ័យ»។ នេះជាការលើកឡើងរបស់លោក សាន បុនិកា ដោយបន្តថា លោកត្រូវរក្សាបុគ្គលិកចំនួន ១៥នាក់ ដែលកំពុងធ្វើការ។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២៣នេះ លោក សាន បុនិកា បានបង្កើតម៉ាស៊ីនចំនួន ៣ប្រភេទ រួមមានម៉ាស៊ីនព្រោះស្រូវ, ស្ទុងស្រូវ និងម៉ាស៊ីនបំបែកមែកឈើ។  លោក សាន បុនិកា ក៏រីករាយនឹងចុះទៅដាំស្រូវជូនប្រជាកសិករ ប្រសិនបើមានការសហការពីអង្គការ ឬអាជ្ញាធរមូលដ្ឋាននានា៕ 

ព័ត៌មានទាក់ទង