អង្គរសង្ក្រាន្តឆ្នាំនេះ នឹងមានភាពអធិកអធមជាងឆ្នាំមុនៗ ព្រមទាំងអាចមានការបំបែកឯតទគ្គកម្មចំនួន២

06/02/2023 9:02 am សៀមរាប

សៀមរាប៖ ក្រោយខកខាន រយៈពេល២ឆ្នាំ នៃព្រឹត្តិការណ៍ថ្នាក់ជាតិ «អង្គរសង្ក្រាន្ត» ដោយសារជំងឺរាតត្បាតកូវីដ-១៩ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នឹងរៀបចំព្រឹត្តិការណ៍នេះឡើងវិញ នៅឆ្នាំ២០២៣នេះ។ អង្គរសង្ក្រាន្តឆ្នាំនេះ ក៏ជាគម្រប់ខួប១០ឆ្នាំផងដែរ ដែលរៀបចំឡើងក្រោមប្រធានបទ «ក្ដីស្រមៃ និងក្ដីសង្ឃឹម»។



ជុំវិញការរៀបចំព្រឹត្តិការណ៍នេះ លោក សោម រតនា ប្រធានក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈនៃគណៈកម្មាធិការកណ្ដាលស.ស.យ.ក បានឱ្យដឹងថា «អង្គរសង្ក្រាន្ត» ឆ្នាំ២០២៣នេះ គឺមានការពង្រីកទីតាំង ពោលគឺមាន៦ទីតាំង ដោយពង្រីកដល់មាត់ស្ទឹងសៀមរាប, កម្មវិធីចំនួន៤៤កម្មវិធី និងយុវជនស្ម័គ្រចិត្តចំនួន ៥ពាន់នាក់ផងដែរ។ 
 
នាពិធីក្រុងពាលីបើកការដ្ឋានព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំទី១០ នៅថ្ងៃទី៤កុម្ភៈ លោក សោម រតនា សង្កត់ធ្ងន់ដូច្នេះ៖«សម្រាប់ឆ្នាំនេះ គឺជាខួប១០ឆ្នាំ នៃការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលខួប១០ឆ្នាំនេះយើងធ្វើមានលក្ខណៈពិសេសជាងឆ្នាំកន្លងទៅ ទាំងទិដ្ឋភាពនៃកម្មវិធី ទាំងទិដ្ឋភាពនៃទីតាំង»។ លោកបន្ថែមថា អង្គរសង្ក្រាន្តឆ្នាំនេះទៀតសោត ក៏នឹងគ្រោងមានការបំបែកឯតទគ្គកម្មចំនួន២ ឬលើសនេះ ឬក្រោមនេះ។ 


លោក សោម រតនា ប្រធានក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈនៃគណៈកម្មាធិការកណ្ដាលស.ស.យ.ក នាពិធីក្រុងពាលី បើកការដ្ឋានព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣។ រូបភាពពីទំព័រហ្វេសប៊ុក ស.ស.យ.ក។ 
 
នាពិធីក្រុងពាលីខាងលើ អ្នកសារព័ត៌មានបានសួរបញ្ជាក់ទៅកាន់លោក សោម រតនា ជុំវិញគម្រោងបំបែកឯតទគ្គកម្មនោះ។ ប៉ុន្តែលោក សោម រតនា ឆ្លើយតបវិញថា មិនទាន់អាចជម្រាបបាននៅឡើយនោះទេ។ ទោះបីយ៉ាងណាក៏ដោយ លោកអាចបញ្ជាក់បានថា ការបំបែកឯតទគ្គកម្មនឹងមាននៅក្នុងព្រឹត្តការណ៍ឆ្នាំនេះ ខណៈក្រុមការងារលោកកំពុងរៀបចំបែបបទនានា ក្នុងការស្នើសុំបំបែកឯតទគ្គកម្មនេះ។ 
 
យ៉ាងណាក៏ដោយ ប្រធានក្រុមទំនាក់ទំនងសាធារណៈរូបនេះ មានសុទិដ្ឋិនិយមថា ព្រឹត្តិការណ៍មួយនេះ នឹងទាក់ទាញទេសចរណ៍ មកកាន់ទឹកដីខេត្តសៀមរាប។ លោកអះអាងបន្ថែមថា៖«ខ្ញុំជឿជាក់ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តនេះ ពិតជាអាចទាញចំណូលសេដ្ឋកិច្ចដ៏សំខាន់ជូនមកដល់ខេត្តសៀមរាប»។ 
 
គួររំឭកផងដែរថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានលេចឡើងជាលើកដំបូងក្នុងឆ្នាំ២០១៣ ក្រោមការរៀបចំរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ដោយមានការគាំទ្រពីក្រសួងវប្បធម៌ ក្រសួងធម្មការ ក្រសួងអប់រំ ក្រសួងទេសចរណ៍ និងអាជ្ញាធរខេត្តសៀមរាប។


យុវជន២០១៥នាក់ រាំចង្វាក់ Madison  បំបែកកំណត់ត្រាពិភពលោក Guinness World Records ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន កាលពីឆ្នាំ២០១៥។ រូបភាពពីទំព័រហ្វេសប៊ុក ស.ស.យ.ក។ 
 
ព្រឹត្តិការណ៍នេះ ធ្វើឡើងក្នុងបំណង អបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក៏ដូចជាបង្ហាញពីមហាគ្រួសារខ្មែរតែមួយ ការរឹតចំណងមិត្តភាព និងជាពិសេស បានចូលរួមផ្សព្វផ្សាយវិស័យទេសចរណ៍ នៅក្នុងខេត្តសៀមរាបផងដែរ។ 
 
កាលពីឆ្នាំ២០១៣ ដែលជាឆ្នាំដំបូង ដែលព្រឹត្តិការណ៍មួយនេះបានលេចរូបរាងឡើង បានទាក់ទាញអ្នកអ្នកទេសចរជាតិ និងអន្តរជាតិប្រមាណ២សែននាក់ និងកើនឡើងរហូតដល់ ១លាន៨សែននាក់ ក្នុងឆ្នាំ២០១៨។ កន្លងមកព្រឹត្តិការណ៍នេះ បានបំបែកឯតទគ្គកម្មពិភពលោក Guinness World Records នំអន្សមជ្រូកយក្សទម្ងន់ ៤០៤០គីឡូក្រាម និងប្រមូលយុវជនខ្មែរ ២០១៥នាក់ រាំចង្វាក់ Madison ក្នុងឆ្នាំ២០១៥៕ 

ព័ត៌មានទាក់ទង