លោក សុខ វិជ្ចា បង្ហាញពីភាពខុសគ្នារវាង ជម្ពូរទេពខ្មែរ និងសាគូរ៉ាជប៉ុន

02/02/2023 2:24 pm ភ្នំពេញ

ជម្ពូរទេព ជាឈ្មោះផ្កាខ្មែរ ដែលមានសណ្ឋាន និងពណ៌ផ្កា ដូចគ្នានឹង ផ្កាសាគូរ៉ារបស់ជប៉ុន។ មនុស្សភាគច្រើនច្រឡំ ផ្កាជម្ពូរទេព ថាជាផ្កាសាគូរ៉ា ដ្បិតផ្កាសាគូរ៉ាមិនអាចរស់នៅកម្ពុជាបានឡើយ ព្រោះអាកាសធាតុខុសគ្នាពីប្រទេសជប៉ុន។



លោក សុខ វិជ្ចា អ្នកបច្ចេកទេស នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ពន្យល់ថា ជម្ពូរទេព ឬជម្ពូរទេព១ពាន់ ជាឈ្មោះដើម នៃរុក្ខជាតិរបស់ខ្មែរមួយប្រភេទ ដែលឈ្មោះហៅតាមថៃថា ជម្ពូរផាស៊ីប។ ជម្ពូរទេព មានឈ្មោះវិទ្យាសាស្រ្តថា Tabebuia rosea (Bertol.) DC ដែលស្ថិតក្នុងអម្បូរ Bignoniaceae ហើយឈ្មោះសាមញ្ញហៅថា ធម្មៈបូជា។


ផ្កាជម្ពូរទេពពណ៌ផ្កាស្រាល និងពណ៌ស នៅមាត់ទន្លេចតុមុខ នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣។ រូបថត៖ ឡាយ ឡុង

អ្នកបច្ចេកទេសរូបនេះ អះអាងថា មនុស្សភាគច្រើនយល់ច្រឡំរវាង ផ្ការបស់ខ្មែរ ជម្ពូរទេព នឹងផ្កាសាគូរ៉ារបស់ជប៉ុន ដោយសារសណ្ឋាន និងពណ៌ផ្កាទាំង២នេះ មានលក្ខណៈស្រដៀងគ្នា។ «តាមពិតសាគូរ៉ាជារុក្ខជាតិដែលដុះនៅស្រុកជប៉ុន ដូចច្នេះហើយវាពុំអាចរស់នៅក្នុងអាកាសធាតុមួយផ្សេងទៀតបាននោះទេ ព្រោះនៅប្រទេសកម្ពុជាយើងមានអាកាសធាតុ ខុសពីនៅស្រុកជប៉ុន»។ នេះជាការលើកឡើងរបស់លោក វិជ្ចា។
 
តាមការស្រាវជ្រាវពីឯកសារ នៃវចនានុក្រមថៃ-ខ្មែរ ឆ្នាំ២០១៣ លោក វិជ្ចា លើកឡើងថា ដើមជម្ពូរទេព ជាមធ្យមមានកម្ពស់ចន្លោះពី១៥-២៥ម៉ែត្រ សំបករលោងពណ៌ប្រផេះ ឬត្នោត ហើយនៅពេលដើមចាស់សំបកឈើនឹងប្រេះជាចង្អូរៗ។ ចំណែកឯ មែករបស់វាផុយ ងាយបែក ហើយស្លឹកលូតចេញដូចម្រាមដៃ មាន៤-៥ស្លឹកក្នុងមួយមែក ប្រហែលចន្លោះពី៥-៣០សង់ទីម៉ែត្រ។ 

ជម្ពូរទេព មានស្លឹករាងពងក្រពើ ទទឹងចន្លោះពី៣-៧សង់ទីម៉ែត្រ និងប្រវែង៧,៥-១៦សង់ទីម៉ែត្រ ហើយចុងស្លឹកមានសណ្ឋានស្រួច។ មិនមែនមានតែផ្កាឡើយ ដើមជម្ពូរទេព ក៏មានផ្លែផងដែរ រូបរាងមូល ចេញជាចង្កោមៗ ប្រហែលចន្លោះ១៥-៣០សង់ទីម៉ែត្រ ពេលវាទុំ គឺបែកចេញជា២អឌ្ឍគោលគឺ គ្រាប់សំប៉ែត ពណ៌ត្នោតមានសន្ទះដូចស្លាប។
 
ផ្កាជម្ពូរទេពពណ៌ផ្កាស្រាល និងពណ៌ស ហើយនៅចុងស្រទាប់កណ្ដាលត្របកពណ៌លឿង។ នេះបើតាមការពន្យល់របស់លោក វិជ្ចា ដែលបញ្ជាក់ថា ផ្កាជម្ពូរទេព រីកក្នុងពេលតែមួយ ហើយងាយធ្លាក់។
 
តាមការស្រាវជ្រាវ លោក សុខ វិជ្ចា អះអាងថា ជម្ពូរទេព ក៏មានសណ្ឋានស្រដៀងទៅនឹងផ្កាមួយចំនួនទៀតដូចជា ឥន្ធនិល (ផ្កាក្រដាស) ត្របែកព្រៃផងដែរ។ «ជម្ពូរទេព ផ្សេង ឥន្ទនិល ផ្សេង ត្របែកព្រៃ ផ្សេង និងសាគូរ៉ា ផ្សេង។ គ្រួសារខុសគ្នាដាច់តែម្ដង»។ នេះជាការលើកឡើងរបស់លោក សុខ វិជ្ចា៕

 

ព័ត៌មានទាក់ទង