បវរកញ្ញាឯកភពផែនដីចូលរួមបុណ្យអង្ករ ខេត្តសៀមរាប

29/01/2023 11:04 am ភ្នំពេញ

ដោយ: អុីសា រ៉ហានី ( Isa Rohany )
សៀមរាប៖ Miss Planet International ឬបវរកញ្ញាឯកភពផែនដីចំនួន ២៦ប្រទេស បានបង្ហាញវត្តមាន នៅក្នុងកម្មវិធីបុណ្យអង្ករនៅខេត្តសៀមរាប។ ការចូលរួមនេះ ដើម្បីជួយផ្សព្វផ្សាយវិស័យទេសចរណ៍ក្នុង ខេត្តវប្បធម៌សៀមរាប។



បុណ្យអង្ករ ត្រូវបានប្រកាសបើកជាផ្លូវការនារសៀលថ្ងៃទី២៧ មករា ដោយក្លឹបទេសចរណ៍សៀមរាប (STC) ដែលមានកិច្ចសហការពីរដ្ឋបាលខេត្ត សហព័ន្ធស្រូវអង្ករ និងស្ថាប័នពាក់ព័ន្ធ​បានផ្ដួចផ្តើមបង្កើត​បុណ្យអង្ករលើកទី១​​នៅខេត្តសៀមរាប។
ប្រធានក្លឹប STC លោក ហ្វីលីព សែត កៅ  លើកឡើងថា ព្រឹត្តិការណ៍បុណ្យអង្ករធ្វើឡើងក្នុងបំណង អបអរអង្ករកម្ពុជា ទទួលបានជ័យលាភីដែលមានគុណភាពល្អដាច់គេលើពិភពលោកក្នុងឆ្នាំ ២០២២។ លោកបន្តថា ព្រឹត្តិការណ៍ដដែលនេះ ក៏មានបំណងលើកស្ទួយកិត្យានុភាពវិស័យស្រូវអង្ករកម្ពុជាឱ្យកាន់តែ ល្បីល្បាញ និងត្រូវគេប្រសិទ្ធនាមថា ជាមាសសកម្ពុជា ក៏ដូចជាចូលរួមផ្សព្វផ្សាយសក្កានុពលទេសចរណ៍ ខេត្តសៀមរាប។
 
ជាមួយគ្នានេះ លោក ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងថា តាមរយៈបុណ្យអង្ករដែលមានការចូលរួមពី បវរកញ្ញាឯកភពផែនដីនៅពេលនេះ នឹងជួយផ្សារភ្ជាប់វិស័យស្រូវអង្ករកម្ពុជាឱ្យកាន់តែ រីកចម្រើនថែមទៀត ។ ជាពិសេសការនាំចេញតាមរយៈភ្ញៀវទេសចរដែលចូលមកទស្សនាកម្ពុជា ហើយពិសេសនោះ មកសៀមរាប។
ប្រធានសហព័ន្ធស្រូវអង្ករ ជឿជាក់ថា ព្រឹត្តិការណ៍នេះ នឹងជួយជំរុញ បន្ថែមឱ្យមានការទទួលស្គាល់ និងប្រើប្រាស់ម៉ាកអង្ករកម្ពុជាឱ្យកាន់តែទូលំទូលាយ ទាំងក្នុងស្រុក និងការនាំចេញ។


 
មុននឹងចូលរួមពិធីបើកព្រឹត្តិការណ៍បុណ្យអង្ករ Miss Planet International ក៏បានបង្ហាញវត្តមាននៅ មមាញឹកក្នុងក្រុងសៀមរាប ផាប់ស្រ្ទីត ដែរ នារាត្រីថ្ងៃទី២៦ មករា។ នៅទីនោះ ពួកគេបានទាក់ទាញ​ទេសចរ​ជាច្រើន។ ក្នុងបទសម្ភាសជាមួយក្រុមអ្នកសារព័ត៌មាន បវរកញ្ញាពីប្រទេស ហ្វីលីពីន កញ្ញា Maria Luisa Valero បានបង្ហាញអារម្មណ៍រីករាយ នៅពេលមកដល់សៀមរាប ហើយនាងក៏មានបំណងទស្សនា​តំបន់ទេសចរណ៍នានាក្នុងខេត្តនេះដែរ។ ជាងនេទៅទៀតនោះ បវរកញ្ញាហ្វីលីពីន​រូបនេះ ក៏លើកឡើងពីការចូលរួមផ្សព្វផ្សាយវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ដោយប្រើប្រាស់ បណ្ដាញសង្គមផ្ទាល់ខ្លួនរបស់នាង ដែលមានអ្នកគាំទ្រជាច្រើន។
 

គួរបញ្ជាក់ថា បុណ្យអង្ករ ធ្វើឡើងរយៈពេល៣ថ្ងៃ ពីថ្ងៃទី២៧ ដល់២៩ មករា នៅបរិវេណសួនច្បារ ព្រះរាជដំណាក់ តាមបណ្ដោយស្ទឹងសៀមរាប។ ពិធីនេះក៏មានស្ដង់បង្ហាញផលិតផលក្នុងស្រុក ពិសេសសម្ភារ អាហារ ដែលច្នៃពីអង្ករផងដែរ៕

ព័ត៌មានទាក់ទង