អន្ទាក់ ៣,៤ពាន់ត្រូវបានដោះពីតំបន់ការពារក្នុងឆ្នាំ២០២២ ថយចុះជាង៤០ភាគរយ

រូបភាពសត្វព្រៃ ត្រូវបានជាប់អន្ទាក់កាលពីពេលកន្លងមក។ រូបភាពពី ទំព័រហ្វេសប៊ុក USAID Morodok Baitang-មរតកបៃតង។

27/01/2023 11:58 am ភ្នំពេញ

ភ្នំពេញ៖ របាយការណ៍ក្រសួងបរិស្ថាន បានឱ្យដឹងថា ពេញមួយឆ្នាំ២០២២ អន្ទាក់ចំនួន ៣៤ ០០០អន្ទាក់ ត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិកម្ពុជា។ ចំនួនអន្ទាក់នេះ ថុយចុះជិតពាក់កណ្ដាល បើប្រៀបធៀបនឹងឆ្នាំ២០២១ ពោលគឺថយចុះ ២៧ ៦១១អន្ទាក់ ឬជាង ៤៤ភាគរយ។

 

ចំនួនអន្ទាក់ថយចុះក្នុងឆ្នាំ២០២២នេះ ត្រូវបានមន្ត្រីជាន់ខ្ពស់ លោក នេត្រ ភក្ត្រា លើកឡើងថាដោយសារជាឆ្នាំនៃការអនុវត្ត «យុទ្ធនាការអន្ទាក់សូន្យនៅតំបន់ការពារធម្មជាតិកម្ពុជា» កាលពីដើមខែមីនា ឆ្នាំ២០២២។ យុទ្ធនាការនេះ ត្រូវបានអនុវត្តលើខេត្តប៉ែកខាងកើតទន្លេមេគង្គក្នុងនោះ ខេត្តស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី និងខេត្តកំពង់ធំ ដើម្បីឈានទៅបញ្ចប់វិបត្តិនៃការដាក់អន្ទាក់សត្វព្រៃ និងការបរិភោគ និងជួញដូរសត្វព្រៃ។ 

នាកិច្ចប្រជុំរៀបចំដំណើរការយុទ្ធនាការអន្ទាក់សូន្យ ដំណាក់កាលទីពីរ នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ លោក នេត្រ ភក្ត្រា សង្កត់ធ្ងន់ដូច្នេះ៖«លទ្ធផលនេះជាសូចនាករមួយដែលអាចបញ្ជាក់បានអំពីហេតុប៉ះពាល់ដោយផ្ទាល់ ចេញពីការអនុវត្តយុទ្ធនាការដ៏មានសារៈសំខាន់ក្នុងការផ្សព្វផ្សាយពីផលវិបាកនៃការដាក់អន្ទាក់ ការបរិភោគ និងការជួញដូរសាច់សត្វព្រៃ ដើម្បីផ្លាស់ប្តូរឥរិយាបថរបស់ប្រជាពលរដ្ឋ ឱ្យបញ្ឈប់ការដាក់អន្ទាក់ បញ្ឈប់ការបរិភោគ និងបញ្ឈប់(ការ)ជួញដូរសត្វព្រៃ ដែលទង្វើទាំងនេះសុទ្ធសឹងជាទង្វើដែលបង្កមហន្តរាយដល់មនុស្ស និងសត្វព្រៃគ្រប់ប្រភេទ»។

នាកិច្ចប្រជុំខាងលើនេះ លោក នេត្រ ភក្ត្រា ក៏បានលើកឡើង ពីការបើក «យុទ្ធនាការអន្ទាក់សូន្យនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា» ដំណាក់កាលទីពីរផងដែរ។ ក្នុងដំណាក់កាលនេះ នឹងត្រូវអនុវត្តនៅខេត្តកំពង់ស្ពឺ ពោធិ៍សាត់ កោះកុង បាត់ដំបង និងប៉ៃលិន។ «អន្ទាក់សូន្យ»ដំណាក់កាលទីពីរនេះ នឹងប្រព្រឹត្តទៅរយៈពេលប្រាំខែ ចាប់ពីខែមីនា ដល់ខែកក្កដា ឆ្នាំ២០២៣។ 

បើតាមក្រសួងបរិស្ថាន ការអនុវត្តយុទ្ធនាការនេះ ភាគីពាក់ព័ន្ធ និងដៃគូទាំងអស់បានផ្តល់ឆន្ទៈធ្វើការរួមគ្នា ដើម្បីឈានទៅលុបបំបាត់ការប្រើអន្ទាក់គ្រប់ប្រភេទក្នុងតំបន់ការពាររបស់កម្ពុជា និងបញ្ឈប់ការជួញដូរសត្វព្រៃ ដែលត្រូវបានហាមឃាត់ដោយច្បាប់។

គួររំឭកផងដែរថា របាយការណ៍ឆ្នាំ២០២០ របស់អង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ (WWF) ត្រូវបានគេប៉ាន់ប្រមាណថា អន្ទាក់ចំនួនប្រមាណ១២លានអន្ទាក់ មានវត្តមាននៅក្នុងតំបន់ការពារ នៃប្រទេសមួយចំនួន ក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមមានប្រទេសកម្ពុជា ឡាវ វៀតណាម ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។ តាមរបាយការណ៍នេះ អន្ទាក់ជាដើមហេតុបណ្ដាលឱ្យសត្វកម្រៗមួយចំនួនបាត់បង់ដូចជា សត្វខ្លាធំ ខ្លារខិន ខ្លាពពក ឆ្កែព្រៃ និងខ្លាឃ្មុំជាដើម៕ 


 

ព័ត៌មានទាក់ទង