វិស័យសំណង់និងអចលទ្រព្យកម្ពុជា ប្រឈមវិបត្តិឥណទាន

27/01/2023 11:33 am ភ្នំពេញ


ដោយ: អ៊ូ សុខមាន (OU Sokmean)
វិស័យសំណង់ និងអចលនទ្រព្យកម្ពុជាបន្តមានកំណើនយឺតក្នុងឆ្នាំ២០២៣។​ ទន្ទឹមនេះវិស័យដែលជាចន្ទោលសេដ្ឋកិច្ចនេះក៏មានការប្រឈមហានិភ័យផងដែរ ប្រសិនបើលំហូរទុនវិនិយោគដោយផ្ទាល់ពីបរទេស(FDI) ពិសេសពីខាងប្រទេសចិន​ លែងសូវហូរមកកម្ពុជា។ លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានបញ្ជាក់ថា ហានិភ័យនោះគឺ Credit Crunch (ការខ្វះឥណទាន ឬ វិបត្តិឥណទាន) នៅក្នុងវិស័យសំណង់ និងអចលនទ្រព្យនេះតែម្តង។


«អ្វីដែលយើងពិបាកគឺបញ្ហាវិស័យសំណង់ និងអចលនទ្រព្យទាំងឆ្នាំ២០២២ និងឆ្នាំ២០២៣ ដែលនៅតឹងណាស់»។ លោក វង្សី វិស្សុត ថ្លែងបែបនេះនៅក្នុងវេទិកាសាធារណៈស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២៣»នៅសណ្ឋាគារសូហ្វីតែលនាថ្ងៃទី២៥មករា ដោយបន្តនិយាយថា ការងើបឡើងយឺតនៃវិស័យនេះ អាចអូសបន្លាយទៅទៀត ប្រសិនសភាពការវិនិយោគក្រៅប្រទេសមកកម្ពុជាយឺត។
 
លោករដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បន្តនិយាយយ៉ាងដូច្នេះ៖ «ព្រោះ​កត្តាកំណើនផ្នែកសំណង់និងអចលនទ្រព្យនៅកម្ពុជា គឺពឹងផ្អែកលើលំហូរវិនិយោគខាងក្រៅប្រទេសច្រើនជាង ជាពិសេសគឺពឹងពីចិនតែម្តង​។ អ៊ីចឹង! បើលំហូរទុនវិនិយោគពីបរទេសយឺត នោះវិស័យហ្នឹងក៏ងើបយឺតដែរ»។

លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ។

ជាមួយនឹងគ្នានេះ កំណើនយ៉ាងខ្លាំងនៃបំណុលរបស់វិស័យឯកជនក្នុងប្រព័ន្ធធនាគារនៅកម្ពុជា  ក៏កំពុងគំរាមកំហែងដល់វិស័យសំណង់និង​អចលនទ្រព្យ ផងដែរ។ ការគំរាមនោះ កើតឡើងនៅពេលដែលមានការកើនឡើងនូវអត្រាការប្រាក់ ដែលវាអាចធ្វើឱ្យវិស័យស្នូលសេដ្ឋកិច្ចជាតិមួយនេះ ​ប្រឈមនឹងវិបត្តិឥណទាន។ 
 
«ទំហំនៃបំណុលឯកជននៅក្នុងប្រព័ន្ធធនាគាររបស់យើងឡើងដល់១៨០ភាគរយនៃGDPដែលលើសពីតួលេខធម្មតា»។ នេះជាការលើកឡើងរបស់លោក វង្សី វិស្សុត ដែលបន្តរៀបរាប់ថា ជាធម្មតាប្រទេសកំពុងអភិវឌ្ឍន៍ដូចកម្ពុជា បំណុលវិស័យឯកជននេះមានប្រមាណ៧០ភាគរយនៃផលិតផលក្នុងស្រុកសរុប(GDP)ប៉ុណ្ណោះ ហើយនៅក្នុងតំបន់អាស៊ានវិញ បំណុលវិស័យឯកជនមានត្រឹម១០០ភាគរយនៃGDP។ ប៉ុន្តែសម្រាប់កម្ពុជា គឺលើលគេទាំងអស់ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានកម្រិតបំណុលឯកជនខ្ពស់​។ 
 
លោកបន្តពន្យល់ថា៖«កំណើននៃបំណុលឯកជនក្នុងប្រព័ន្ធរបស់កម្ពុជានេះ គឺមានមុខពីរដោយម្ខាងទ្រទ្រង់កំណើនសេដ្ឋកិច្ច ប៉ុន្តែម្ខាងទៀតបង្កើតនូវហានិភ័យនៅពេលដែលការប្រាក់បន្តឡើងទៅទៀត ហើយឥឡូវ! វិស័យមួយចំនួនចាប់ផ្តើមប៉ះពាល់ហើយ ជាពិសេសគឺវិស័យសំណង់ និង អចលនទ្រព្យនេះឯង»។  ជាជម្រើសកម្ពុជា គឺមិនអាចឱ្យវិស័យសំណង់ដួលបានឡើយ ព្រោះវាចន្ទោលសេដ្ឋកិច្ចមួយយ៉ាងធំដែលរួមចំណែកប្រមាណ១០ភាគរយនៃGDPជាតិ។
 
យ៉ាងណាមិញ អ្នកជំនាញសេដ្ឋកិច្ចរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរូបនេះ មានក្តីរំពឹងថា ​ក្រោយរដ្ឋាភិបាលប្រទេសចិន ប្រកាសលុបចោលនូវគោលនយោបាយកូវីដសូន្យ(Zero Covid)ហើយនោះ វានឹងមានការត្រឡប់មកវិញ​នូវលំហូរទុនវិនិយោគ និងភ្ញៀវទេសចរចិន។  ព្រោះចិនជាប្រទេសដែលវិនិយោគនៅកម្ពុជាច្រើនជាងគេ។ ក្នុងឆ្នាំ២០២២ ទំហំវិនិយោគចិននៅកម្ពុជា​មានជាង១៦០០លានដុល្លារ(ស្មើ៤២ភាគរយ)នៃការវិនិយោគសរុប។ បើតាមលោក វង្សី វិស្សុត  ចិននៅតែដើរតួសំខាន់ក្នុងការរុញច្រានកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដោយមិនត្រឹមតែការវិនិយោគលើវិស័យឧស្សាហកម្មប៉ុណ្ណោះទេ តែក៏វិនិយោគទៅលើវិស័យកសិកម្ម, ទេសចរណ៍ ជាពិសេសលើវិស័យសំណង់ និងអចលនទ្រព្យ។
 
ជាមួយគ្នានេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល បានលើកឡើងថា ប្រមុខរដ្ឋាភិបាលកម្ពុជានឹងទៅកាន់ប្រទេសចិន នាអំឡុងខែកុម្ភៈឆ្នាំ២០២៣។ ក្នុងគម្រោងនៃដំណើរទស្សនកិច្ចផ្លូវការនេះ សម្តេច ហ៊ុន​ សែន ​នឹងជួបថ្នាក់ដឹកនាំកំពូលចិន ដើម្បីពិភាក្សាលើការបង្ហូរទុនវិនិយោគមកកម្ពុជា ដែលផ្តោតលើវិស័យសំណង់ និង អចលនទ្រព្យ។ 
 
លោកបានថ្លែងប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey)យ៉ាងដូច្នេះ៖ «ក្នុងដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន សែន នៅប្រទេសចិន គឺប្រហែលសម្តេចនឹងចរចាសារជាថ្មីជាមួយចិន ដើម្បីផ្តល់ឱកាសស្រួលបន្តិច ក្នុងការលំហូរទុនវិនិយោគចេញពីស្រុកចិនមកដល់កម្ពុជា ឬដល់ប្រទេសដទៃទៀត»។
 
យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២២របស់ធនាគារជាតិនៃកម្ពុជា(NBC) វិស័យសំណង់ និងអចលនទ្រព្យ នាប៉ុន្មានឆ្នាំចុងក្រោយនេះ មានកំណើនយឺតជាលំដាប់ ដោយសារការងើបឡើងយឺតនៃលំហូរទុនវិនិយោគបរទេស។ ក្នុងឆ្នាំ២០២១ វិស័យនេះ មានកំណើនត្រឹម០,៨ភាគរយ ​ហើយបានធ្លាក់មកនៅត្រឹម០,៥ភាគរយវិញ សម្រាប់ឆ្នាំ២០២២។ 
 
សម្រាប់ឥណទានគ្រឹះស្ថានធនាគារ តាមវិស័យសំខាន់ៗក្នុងសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២២ មានសរុប៤៦ពាន់លានដុល្លារអាម៉េរិក។ ក្នុងនោះ ឥណទានលើការទិញផ្ទះជាសិទ្ធិផ្ទាល់ខ្លួន មាន១៤ភាគរយ, ការជួញដូរអចលនទ្រព្យ​មាន៩ភាគរយ ខណៈវិស័យសំណង់ក៏មាន៩ភាគរយដែរ។  បើតាមNBC ទំហំឥណទានលើវិស័យសំណង់និងអចលនទ្រព្យ ច្រើនជាងគេលើវិស័យផ្សេងៗ ដូចជាវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មាន៨ភាគរយ និង កម្មន្តសាលមាន៤ភាគរយ៕ 

ព័ត៌មានទាក់ទង