មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច បារម្ភខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក ចែកជា២ដែលមានអាម៉េរិក និងចិន

26/01/2023 4:14 pm ភ្នំពេញ

ដោយ: អ៊ូ សុខមាន (OU Sokmean)

សព្វថ្ងៃអាម៉េរិក និង ចិន កំពុងធ្វើសង្រ្គាមពាណិជ្ជកម្ម វិនិយោគ រួមទាំងសង្រា្គមបច្ចេកវិទ្យា ដែលអាចធ្វើឱ្យពិភពលោក ឈានដល់ការបែកជាពីរប្រព័ន្ធផ្សេងគ្នានៃខ្សែច្រវាក់ផ្គត់ផ្គង់ផលិតកម្ម (Supply Chain)។ កាលណាខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោកត្រូវចែកបែបនេះ នោះពិភពលោកគឺខាតសម្បើមណាស់ ដែលនាំឱ្យសេដ្ឋកិច្ចធ្លាក់ដល់៧ភាគរយ ក្នុងរយៈពេល១០ឆ្នាំ។​ ក្នុងនោះប្រទេសអ្នកមានធ្លាក់៥ភាគរយ តែសម្រាប់ប្រទេសអ្នកក្រដូចកម្ពុជា គឺធ្លាក់ដល់១២ភាគរយ នៃផលិតផលក្នុងស្រុកសរុប(GDP)។ នេះបើតាមការលើកឡើងរបស់លោក វង្សី​ វិស្សុត រដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ។



កំណើននៃការផ្គត់ផ្គង់ខ្សែច្រវាក់ (Supply Chain) ផលិតកម្មពិភពលោកក្នុងឆ្នាំ២០២២ គឺមានត្រឹម១ភាគរយ។ នេះជាអត្រាមួយយ៉ាងទាបបំផុតមិនធ្លាប់មានពីមុនមក។ បញ្ហានេះកើតឡើងដោយសារពិភពលោក ឈានដល់ដំណាក់កាលបែកបាក់គ្នាជាប្រព័ន្ធ ទាំងផ្នែកនយោបាយ ទាំងសេដ្ឋកិច្ច ព្រោះតែសង្រ្គាមពាណិជ្ជកម្ម សង្រា្គមវិនិយោគ និងសង្រា្គមបច្ចេកវិទ្យា ជាពិសេស​រវាងសហរដ្ឋអាម៉េរិក និង ចិន។ 

ក្នុងវេទិកាសាធារណៈស្តីពី «ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២៣» នៅសណ្ឋាគារសូហ្វីតែល នាថ្ងៃទី២៥មករា លោក វង្សី វិស្សុត បាននិយាយថា សង្រ្គាមរវាងប្រទេសមហាអំណាចទាំងពីរនេះ បានបង្ហាញនូវសេណាយ៉ូចំនួន២ ក្នុងការផ្លាស់ប្តូរសេដ្ឋកិច្ចពិភពលោក នាពេលអនាគត។ 
 
សេណាយ៉ូទីមួយ៖ គឺពិភពលោក ​នឹងលែងមានសកលភាវូបនីយកម្ម(Deglobalization) ហើយខ្សែច្រវាក់ផ្គត់ផ្គង់ផលិតកម្ម (Supply Chain) ត្រូវបែកចែកជាពីរប្រព័ន្ធដាច់ពីគ្នាតែម្តង ដោយ​ម្ខាងគឺមានចិននៅកណ្តាល និងម្ខាងទៀតគឺមានអាម៉េរិកនៅកណ្តាល។ នេះជាបញ្ហាយ៉ាងធំ ដែលប្រទេសក្នុងពិភពលោក ត្រូវរើសយកភាគីតែម្ខាង ឬក៏សម្រេចនៅកណ្តាល នៃមហាអំណាចទាំងពីរនេះ ឬធ្វើយ៉ាងណាសម្រាប់អ្នកមិនមែនខាងចិន និងអ្នកមិនមែនខាងអាម៉េរិក។ លោក វង្សី​ វិស្សុត បន្តនិយាយដូច្នេះ៖ «​សព្វថ្ងៃពិភពលោក កំពុងដើរទៅតាមផ្លូវហ្នឹង នៃសង្គ្រាមពាណិជ្ជកម្ម រហូតដល់បញ្ហានៃការវិនិយោគទៀត។ រឿងហ្នឹងស្មុគស្មាញណាស់! ហើយបើទៅតាមផ្លូវវែងនោះពិភពលោក នឹងខាតសម្បើមណាស់ ដែលសេដ្ឋកិច្ចពិភពលោក អាចធ្លាក់ចុះដល់៧ភាគរយ ក្នុងរយៈពេល១០ឆ្នាំ។​ ក្នុងនោះ ប្រទេសអ្នកមានធ្លាក់៥ភាគរយ តែប្រទេសអ្នកក្រដូចយើង គឺធ្លាក់ចុះ១២ភាគរយ នៃGDP» ។
 
ទន្ទឹមនឹងការមើលឃើញវិបត្តិភូមិសាស្រ្ត និងសេដ្ឋកិច្ចពិភពលោកបែបនេះ ក៏លេចចេញ​នូវសេណាយ៉ូមួយ​​​​​​​​​​​​​​ទៀតផងដែរ។  នោះ គឺការរៀបចំ ឬកសាងឡើងវិញ នៃប្រព័ន្ធសកលភាវូបនីយកម្ម (Reset Globalization) ដែលពិភពលោក ប្រើអស់ជិត៤០ឆ្នាំកន្លងមកនេះ​។ បើតាមលោកលោក វង្សី​ វិស្សុត Reset Globalization គឺត្រូវរៀបចំយ៉ាងណា យកគោលការណ៍ភាពជាកណ្តាល របស់ភាគីនីមួយៗ ដើម្បីកាត់បន្ថយហានិភ័យក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ផលិតកម្មរបស់ពិភពលោក ដោយកុំឱ្យពឹងផ្អែកលើអាម៉េរិក ​និងចិនខ្លាំងពេក។ លោកបន្ថែមថា​ ដើម្បីកាត់បន្ថយឥទ្ធិពល ប្រទេសមហាអំណាចទាំងពីរនេះ អង្គការពាណិជ្ជកម្មពិភពលោក(WTO) កំពុងដឹកនាំធ្វើពិពិធកម្ម ក្នុងក្របខណ្ឌប្រព័ន្ធពាណិជ្ជកម្មអន្តរជាតិថ្មី។
 
ខាងលើនេះ គឺស្ថានភាពសេដ្ឋកិច្ចពិភពលោក ដែលពោរពេញដោយភាពមិនច្បាស់លាស់ ហើយ ក៏មិនដឹងថាពិភពលោក ទៅណាឱ្យប្រាកដដែរ។ លោក វង្សី វិស្សុត បានបញ្ជាក់ថា ចំពោះនិន្នាការពិភពលោកសព្វថ្ងៃនេះ គឺដើរទៅផ្លូវបែកចែកគ្នា ដែលស្ថិតនៅក្នុងសេណាយ៉ូទីមួយ ប៉ុន្តែក៏មានការចាប់ផ្តើមគិតគូរ ពីសេណាយ៉ូទីពីរដែរ ព្រោះការដើរតាមនិន្នាការទីមួយ មិនបានធ្វើឱ្យប្រទេសណាមួយក្នុងពិភពលោកចំណេញឡើយ។
 
សម្រាប់លោករដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ចនិងហិរញវត្ថុ គឺចង់ឃើញសេណាយ៉ូទីពីរលេចរូបរាងឡើង​​ តែវាចាំបាច់ទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធឈរលើគោលការណ៍កុងសង់ស៊ីស ដែលត្រូវលះបង់ប្រយោជន៍ផ្ទាល់ខ្លួន ហើយត្រូវមានពហុភាពភាគីដដែល ដោយស្ថិតក្រោមច្បាប់ថ្មី​របស់ WTO កំពុងរៀបចំឡើង។  លោក វង្សី វិស្សុត សង្ឃឹមថា នឹងមានកម្លាំងណាមួយអូសទាញពិភពលោក ឱ្យរក្សានូវភាពជាពហុភាគីដដែល សម្រាប់ផលចំណេញរៀងខ្លួន និងមិនធ្វើឱ្យពិភពលោកបែកបាក់សេដ្ឋកិច្ច។​ លោកបន្ថែមខ្លីយ៉ាងដូច្នេះ៖ «តែបែកបាក់សេដ្ឋកិច្ចពិភពលោកហើយនោះ វានឹងទៅជាសង្រ្គាមត្រជាក់ ហើយយើងក៏មិនច្បាស់ថាជាសង្រ្គាមត្រជាក់ ឬ សង្រា្គមក្តៅទៅទៀត»។
 
ចំពោះកម្ពុជាបើពិភពលោកដើរទៅរកទិស Deglobalization ហើយមានខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោកតែ២ ដែលមួយមានចិននៅកណ្តាល និងមួយទៀតមានអាម៉េរិក នៅកណ្តាល​ នោះកម្ពុជា​ក៏ដូចប្រទេសកំពុងអភិវឌ្ឍន៍ ឯទៀតនឹងជួបវិបត្តិច្រើន ដែលមិនអាចវាយតម្លៃបាន។ លោក វង្សី វិស្សុត បាននិយាយដូច្នេះ​៖ «ប្រទេសភាគច្រើនក្នុងពិភពលោក រួមទាំងកម្ពុជាយើង ​និងទាំងអាស៊ាន មិនចង់កាន់ជើងឬឈរខាងណាទេ! គឺនៅកណ្តាល ដោយមិនចង់ធ្វើសត្រូវខាងណាឡើយ គឺធ្វើជាមិត្តទាំងអស់។ នេះជាជំហរប្រទេសភាគច្រើន។ ដូច្នេះ និន្នាការ Reset-deglobalization ក៏ចាប់ផ្តើមមានកម្លាំងដែរ។ ខ្ញុំសង្ឃឹមថា​ពិភពលោក យើងទៅផ្លូវហ្នឹងចុះ តែបើទៅផ្លូវ Deglobalization គឺពិបាកៗ!​ យើងពិតជាពិបាក»។ 
 
បើតាមលោក គី សេរីវឌ្ឍន៍ នាយកនៃមជ្ឈមណ្ឌលសិក្សាចិន និងជាអ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិតសភាកម្ពុជា  នៅពេលដែលពិភពលោកឈ្លោះគ្នា លើភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច នោះវានឹងធ្វើឱ្យពិភពលោក អាចវិលទៅរកវិបត្តិឆ្នាំ១៩៩៧ ដែលអាម៉េរិកបិទមិនឱ្យទំនិញជប៉ុន ចូលទីផ្សារខ្លួន។ គ្រានោះរោងចក្រជប៉ុនជាច្រើន នៅប្រទេសថៃត្រូវបិទទ្វារនិងដួលរលំ ព្រោះតែការពឹងផ្អែកលើទីផ្សារតែមួយ។​ 
 
«ប៉ុន្តែបច្ចុប្បន្នទីផ្សារយើង មាន៣ គឺមានអាម៉េរិក មាអឺរ៉ុប និងមានចិន។ អ៊ីចឹង! បើអាម៉េរិកបិទទីផ្សារយើង ទៅកាន់ចិន, បើចិនបិទយើង ទៅកាន់អឺរ៉ុប។ ដូច្នេះ​ ពិពិធកម្មនៃទីផ្សារ គឺមានសារៈសំខាន់ណាស់ ដែលជួយឱ្យប្រទេសនីមួយៗមានអំណាចក្នុងការចរចាពាណិជ្ជកម្មជាមួយ ប្រទេសមហាអំណាចធំៗបាន»។ នេះជាការលើកឡើងរបស់ លោក គី សេរីវឌ្ឍន៍ ៕ 

ព័ត៌មានទាក់ទង