ទន្សោងពិការជើងឆ្វេងសង្គ្រោះពីសហគមន៍ការពារព្រៃឈើប្រាំបីមុម បានងាប់ហើយ

26/01/2023 12:00 pm ភ្នំពេញ

ភ្នំពេញ៖ សត្វទន្សោងជាប់អន្ទាក់ពិការជើងខាងឆ្វេង ដែលត្រូវបានជួយសង្គ្រោះ និងយកទៅព្យាបាលនៅភ្នំតាម៉ៅ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣បានងាប់ហើយ។ មូលហេតុអាចដោយសារវាគ្មានកម្លាំង ភ័យខ្លាំង និងមិនព្រមស៊ីចំណី។



លោក សេក សេង អនុប្រធានការិយាល័យថែរក្សា និងសង្គ្រោះ នៃរដ្ឋបាលព្រៃឈើ បញ្ជាក់ប្រាប់សារព័ត៌មានThmeyThmey25ថាទន្សោងក្រោយពេលសង្គ្រោះពីសហគមន៍នៅថ្ងៃទី១០ ខែមករា វាអាចងើបឈរបានដោយខ្លួនឯង។ ប៉ុន្ថែបន្ទាប់ពីនោះមួយថ្ងៃ វាដើរងើបលែងរួច និងដេករហូត។ 

« កាលនៅថ្ងៃទី១០វានៅធម្មតា នៅថ្ងៃទី១១ វាបានរត់បុកទ្រុងមួយទំហឹងនៅពេលអ្នកដាក់ចំណីចូលទៅ។ ទន្ទឹមនោះយើងនៅតែមិនអាចកត់សម្គាល់អ្វីទាំងអស់។ ចន្លោះថ្ងៃទី១២ ដល់ទី១៥ខែមករា វាដេករហូតមិនងើបឡើយ»។ នេះជាការលើកឡើងរបស់ លោក សេង។ 


រូបភាពពិការរបស់សត្វទន្សោង ដែលមានងាប់។ រូបភាពដោយលោក ទ្រី ស៊ីថេង ។

ជុំវិញមូលហេតុដែលទន្សោងនោះងាប់ អនុប្រធានការិយាល័យថែរក្សា និងសង្គ្រោះបានលើកឡើងថា អាចបណ្ដាលមកពីមូលហេតុមួយចំនួនដូចជា នៅពេលដំណើរសង្គ្រោះវាពីព្រៃ សត្វនេះហត់ខ្លាំងនៅពេលធ្វើដំណើររត់គេច ក៏ធ្វើឱ្យកម្លាំងចុះខ្សោយ អាចមកពីធ្វើដំណើរផ្លូវឆ្ងាយ លាយឡំដោយអារម្មណ៍ស្លុតខ្លាំង។ ជាពិសេសជាងនេះ ចាប់តាំងពីធ្វើដំណើរមកដល់ កន្លែងថែរក្សា និងសង្គ្រោះសត្វភ្នំតាម៉ៅ សត្វមួយក្បាលនេះ មិនស៊ីចំណីសោះឡើយ។ 

លោក សេង លើកឡើងដូច្នេះ៖ «​និយាយទៅក្នុងស្ថានភាពនេះ មូលហេតុតិចតួចក៏អាចជាផ្នែកមួយធ្វើឱ្យសត្វជួបបញ្ហា ប្រឈមដែរ។ ក្រុមការងារយើងបានព្យាយាមជួយអស់ពីលទ្ធភាព តាមជំនាញនិងបច្ចេកទេស»។

កន្លងមកសត្វព្រៃដែលជាប់អន្ទាក់ ឬមានរបួសចេញពីព្រៃ ដើម្បីសង្គ្រោះអាចនឹងលំបាកបន្តិច ក្នុងការជួយជីវិត មូលហេតុបណ្ដាលមកពីកត្តាច្រើនយ៉ាង លើសពីមូលហេតុបច្ចេកទេសក្នុងការព្យាបាលរបស់ពេទ្យ ឬអ្នកជំនាញ៕

ព័ត៌មានទាក់ទង