តំបន់ទេសចរណ៍នៅបាត់ដំបង មានសន្ទុះជាងមុន ក្រោយរដ្ឋបាលខេត្តពង្រឹងវិជ្ជាជីវៈទេសចរណ៍

26/01/2023 11:00 am បាត់ដំបង

ភ្នំពេញ៖ ខេត្តបាត់ដំបង គឺជាចំណុចកណ្តាលដែលផ្គត់ផ្គង់ និងគាំទ្រនៃភាពទាក់ទាញដល់វិស័យទេសចរណ៍ ដោយសារភ្ញៀវជាតិ និងអន្តរជាតិ ចាប់អារម្មណ៍លើធនធានសំខាន់ៗក្នុងខេត្ត។ តួយ៉ាង ពហុតំបន់ទេសចរណ៍ចម្រុះ បានចូលរួមយ៉ាងសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចខេត្ត ស្របទៅនឹងការរៀបចំផែនការទីក្រុងវៃឆ្លាតផងដែរ។



បាត់ដំបង ជាខេត្តមួយនៅទិសពាយ័ព្យដែលមានព្រំប្រទល់ខាងជើងជាប់ខេត្តបន្ទាយមានជ័យ ខាងលិចជាប់ខេត្តប៉ៃលិន និងថៃ ខាងកើតជាប់ខេត្តសៀមរាប និងបឹងទន្លេសាប ចំណែកខាងត្បូងជាប់ខេត្តពោធិ៍សាត់។ ស្ទឹង ទន្លេ ភ្នំ កសិទេសចរណ៍ អេកូទេសចរណ៍ ប្រពៃណីវប្បធម៌ អាគារ វត្តបុរាណ ម្ហូបប្រចាំតំបន់ រមណីយដ្ឋានធម្មជាតិ និងកែច្នៃច្រើនកន្លែង គឺជាភាពទាក់ទាញនៃទេសចរ។

ក្នុងសន្និសីទសារព័ត៌មានស្តីពី «ភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តបាត់ដំបង» កាលពីថ្ងៃទី២៤ ខែមករា លោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឱ្យដឹងថាកំណើនទេសចរកាលពីឆ្នាំ២០២២ មានការកើនឡើង។ ក្នុងនោះ ចំនួនភ្ញៀវ ៥ ៥៥ ២៧៤នាក់ កើនឡើង២៤៣ភាគរយ និងទេសចរអន្តរជាតិមានចំនួន១៨៤ ៦០០នាក់ កើនចំនួន ២១៨ភាគរយ។ 


លោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ថ្លែងក្នុងសន្និសីទសារព័ត៌មាន។ រូបភាព៖ អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល

គិតចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ ទេសចរសរុបដែលមកកម្សាន្តក្នុងខេត្តបាត់ដំបងមានចំនួន ២ ៥៧១ ៦៨៧នាក់។ ក្នុងនោះភ្ញៀវជាតិមានចំនួន ២ ៣១៤ ១២៦នាក់ និងភ្ញៀវបរទេសមានចំនួន ២៥៧ ៥៦១នាក់។ 

«រដ្ឋបាលខេត្តបានជំរុញឱ្យមន្ទីរទេសចរណ៍ ពង្រឹងលើវិស័យទេសចរណ៍ប្រកបដោយគុណភាព គឺការបណ្តុះបណ្តាលវិជ្ជាជីវៈ។ យើងក៏បានផ្តល់ការងារ ដល់ប្រជាជនដែលបម្រើការតាមមូលដ្ឋានទេសចរណ៍ចំនួនជាង ៣ពាន់នាក់ និងប្រយោលប្រមាណជាង២ម៉ឺននាក់ផងដែរ»។ នេះជាការលើកឡើងរបស់លោក អ៊ុច អ៊ុំភីនីស្សារ៉ា។

សូមបញ្ជាក់ថា ខេត្តបាត់ដំបង គឺមានសណ្ឋាគារចំនួន ៤៦ កន្លែង ផ្ទះភ្ញៀវ និងផ្ទះស្នាក់ ៩៧ កន្លែង ស្មើនឹង ៣១៥៣ បន្ទប់ ភោជនីយដ្ឋាន និងអាហារដ្ឋាន៤នួន ១៩១កន្លែង។ ចំណែក សហគមន៍ទេសចរណ៍មានចំនួន ៤កន្លែងរួមមាន សហគមន៍អេកូទេសចរណ៍ព្រែកទាល់ស្ថិតក្នុងស្រុកឯកភ្នំ សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ សហគមន៍អេកូទេសចរណ៍ជាភាកអូរ ស្រុកសំឡូត និងសហគមន៍ទេសចរណ៍វប្បធម៌ភូមិវត្តគរ ក្រុងបាត់ដំបង៕
 

ព័ត៌មានទាក់ទង