សិស្សលោក វណ្ណ មូលីវណ្ណ ស្រក់ទឹកភ្នែកពេលរម្លឹកពីគ្រូ

26/01/2023 9:00 am ភ្នំពេញ

សៀមរាប៖ លោក ខៀវ ច័ន្ទ មន្រ្តីនៃអាជ្ញាធរជាតិអប្សរា បានសិក្សាវគ្គ «តានៃ» ជាមួយលោក វណ្ណ មូលីវណ្ណ និងសាស្រ្តាចារ្យមួយចំនួនទៀត។ លោក វណ្ណ មូលីវណ្ណ ត្រូវបានប្រជាជនខ្មែរស្គាល់ថា ជានិមិត្តរូប និងជាបិតាស្ថាបត្យកម្មខ្មែរ។ ស្នាដៃធំៗរបស់លោក វណ្ណ មូលីវណ្ណ មានដូចជា សាលសន្និសីទចតុមុខ វិមានរដ្ឋចំការមន ពហុកីឡដ្ឋានជាតិអូឡាំពិក  និងវិមានឯករាជ្យ។

 

វគ្គសិក្សាតានៃទី១ បានចាប់ផ្ដើមឡើងកាលពីខែវិច្ឆិកា ឆ្នាំ១៩៩៩ រហូតដល់ខែមេសា ឆ្នាំ២០០០។ កម្មសិក្សាការី ត្រូវរៀននៅក្នុងអាគារឈើមួយនៅប្រាសាទតានៃ។ វគ្គសិក្សាតានៃទី១នេះ មានសិស្សសរុបចំនួន ២០នាក់ ដែលមានសិស្សបុរាណវិទ្យា ៨នាក់ ស្ថាបត្យកម្ម ៨នាក់ និងវិស្វករ ៤នាក់។ វគ្គនេះ បង្រៀនដោយលោកសាស្រ្តាចារ្យ វណ្ណ មូលីវណ្ណ លោកបណ្ឌិតនរវិទ្យា អាំង ជូនលាន និងលោក អាស្លី ថមសុន។ 

ជាសិស្សម្នាក់ ក្នុងចំណោមសិស្ស២០នាក់ នៃវគ្គតានៃទី១ លោក ខៀវ ច័ន្ទ បានប្រាប់សារព័ត៌មាន ThmeyThmey25 ថា លោក វណ្ណ មូលីវណ្ណ ជាមនុស្សហ្មត់ចត់ខ្លាំង។ លោក វណ្ណ មូលីវណ្ណ ដែលធ្លាប់ជាប្រធានអាជ្ញាធរជាតិអប្សរា ប្រាប់សិស្សទាំងអស់ឱ្យក្លាយជាមនុស្សមានការទទួលខុសត្រូវខ្ពស់។ 

ឆ្លើយនឹងសំណួរថាតើលោក ខៀវ ច័ន្ទ មានមោទកភាពបែបណា ដែលបានក្លាយជាសិស្សបិតាស្ថាបត្យកម្ម វណ្ណ មូលីវណ្ណ លោក ខៀវ ច័ន្ទ បានសម្រក់ទឹកភ្នែកភ្លាម។ បុរសដែលមើលទៅ ម៉ឺងម៉ាត់ និងរឹងមាំរូបនេះ ប្រែជាទុនជ្រាយមួយរំពេច។ 

«វាហួសពីការថ្លែង ដែលយើងមានឳកាសជួបជាមួយមនុស្សចាស់ ដែលមានកិត្តិយស មានចំណេះ។ ខ្ញុំមិនដឹងរកនិយាយយ៉ាងដូចម្ដេចឱ្យត្រូវ។ …មានមនុស្សមិនច្រើនទេ ដែលទទួលការអប់រំពីលោក»។ លោក ខៀវ ច័ន្ទ ថ្លែងទាំងទឹកភ្នែករលីងរលោងដូច្នេះ។ 

ដើម្បីជ្រាបច្បាស់ សូមទស្សនាបទសម្ភាសរវាងលោក សែម វណ្ណា អ្នកសារព័ត៌មាន នៃសារព័ត៌មានឌីជីថលថ្មីៗ និងលោក ខៀវ ច័ន្ទ មន្រ្តី នៃអាជ្ញាធរជាតិអប្សរា ដូចខាងក្រោម៖ 
 


 

ព័ត៌មានទាក់ទង