
ក្នុងឆ្នាំ២០២២ បញ្ហាដាក់អន្ទាក់សត្វ ក្នុងព្រៃសង្ឃសហគមន៍រុក្ខាវ័ន បានកើនជាង៥០ភាគរយ បើធៀបនឹងឆ្នាំ២០២១។ បញ្ហានេះ បានក្លាយជាបញ្ហាប្រឈម ដែលកំពុងគំរាមកំហែងខ្លាំងដល់ជីវិតសត្វព្រៃប្រភេទកម្រ។
ព្រៃសង្ឃសហគមន៍រុក្ខាវ័នមានផ្ទៃដី ៣០ ២៥៤ ហិកតាស្ថិតនៅស្រុកអន្លង់វែង ស្រុកចុងកាល់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។ បច្ចុប្បន្នព្រៃសហគមន៍ខាងលើ បានក្លាយជាជម្រក សម្រាប់សត្វព្រៃមួយចំនួនធំនៅក្នុងខេត្តឧត្តរមានជ័យ។ ទោះជាយ៉ាងនេះក្តីបញ្ហា ដែលលំបាកបំផុតក្នុងការអភិរក្សសត្វព្រៃក្នុងតំបន់នេះ គឺជនឆ្លៀតឱកាសមួយចំនួននៅបន្តសកម្មភាពលួចដាក់អន្ទាក់នៅក្នុងព្រៃសហគមន៍ ជាហេតុធ្វើឱ្យសត្វរស់នៅដោយភាពភ័យខ្លាច។
ព្រៃសង្ឃរុក្ខាវ័ន ខេត្តឧត្តរមានជ័យ។
លោក សារ ថ្លៃ ប្រធានបណ្ដាញសហគមន៍ព្រៃសង្ឃសហគមន៍រុក្ខាវ័ន បានឱ្យដឹងថា ទិន្នន័យនៃចំនួនសត្វដែលបានស្លាប់ដោយសារអន្ទាក់នៅព្រៃសង្ឃរុក្ខាវ័នក្នុងឆ្នាំ២០២២ មានចំនួន ៥ក្បាល ក្នុងនោះមានសត្វទន្សោង ៣ក្បាល ប្រើស ២ក្បាល ដើមឆ្នាំ២០២៣ បានប្រទះឃើញទន្សោងញីរងរបួសដោយជាប់អន្ទាក់កាលពីថ្ងៃទី២២ ខែមករា និងកំពុងព្យាបាលពីគ្រូពេទ្យជំនាញ។ បើតាម លោក សារ ថ្លៃ ទិន្នន័យនេះ បានបញ្ជាក់ថា សកម្មភាពដាក់អន្ទាក់ក្នុងសហគមន៍នេះ នៅតែបន្តកើនឡើង ខណៈក្នុងឆ្នាំ២០២១ មានសត្វងាប់ ដោយសារអន្ទាក់ ចំនួន ៣ក្បាល ។
លោក សារ ថ្លៃ ប្រធានបណ្ដាញសហគមន៍ព្រៃឈើខេត្តឧត្តរមានជ័យ
លោក សារ ថ្លៃ ប្រធានបណ្ដាញសហគមន៍ព្រៃឈើខេត្តឧត្តរមានជ័យ បានប្រាប់សារព័ត៌មានThmeyThmey25 ថា ក្នុងឆ្នាំនេះ ក្រុមសហជិកសហគមន៍ព្រៃសង្ឃរុក្ខាវ័ន បានប្រទះឃើញអន្ទាក់ច្រើន។ ទោះជាយ៉ាងណា លោក សារ ថ្លៃ ពុំទាន់បញ្ជាក់ពីចំនួនអន្ទាក់សរុបបានឡើយ។
លោក សារ ថ្លៃ អះអាងដូច្នេះ៖ « យើងដោះបានទុកមួយកន្លែង ប៉ុន្ដែមិនទាន់បានសរុបទេ។ យើងពិបាកណាស់ ប្រឹងប្រែងផ្សព្វផ្សាយរាល់ថ្ងៃហើយ ប៉ុន្ដែនៅតែមាន។ បើតាមសង្កេតមើលទៅអ្នករករបរនេះ មិនមែនជាអ្នកទីទាល់ឡើយ តែមិនដឹងថា ហេតុអ្វីគាត់ធ្វើបែបនេះ។ អ្វីដែលសំខាន់គឺមានឈ្មួញនៅចាំទិញជាស្រេច»។
ជាមួយគ្នានេះ លោកបន្ថែមថា កន្លងមកនៅពេលបានទទួលដំណឹងពីការដាក់អន្ទាក់ ក្រុមគណៈកម្មការបានជូនដំណឹងដល់អាជ្ញាធរ ដូចជាមេភូមិ ដើម្បីអប់រំដល់ទីតាំង បញ្ឈប់មិនឱ្យមានសកម្មភាពបន្ត។
« យើងមិនដឹងថា ហេតុអ្វីការដាក់អន្ទាក់នៅតែមាននោះទេ។ មួយឆ្នាំមានសត្វជាប់អន្ទាក់ និងងាប់មិនដាច់ឡើយ។ ជាក់ស្ដែងនៅក្នុងព្រៃយើង តែមានសត្វងាប់ដូចជា ទន្សោង ប្រើស ជ្រូកព្រៃ ឈ្លូស ដោយសារឧបករណ៍កែច្នៃជានិច្ច»។ នេះជាការពន្យល់របស់លោក ថ្លៃ។
ព្រៃសហគមន៍សង្ឃរុក្ខាវ័នបានក្លាយជាតំបន់ការពារដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ននៅឆ្នាំ២០១៨ ដោយសារមានការតស៊ូការពារតាំងពីឆ្នាំ២០០១ របស់អតីតព្រះសង្ឃលោក ប៊ុន សាលួត និងសមាជិកសហគមន៍ផ្សេងៗទៀតដែលស្រឡាញ់ព្រៃ និងធនធានធម្មជាតិ ។ព្រៃឈើក្នុងសហគមន៍នេះ អាចជាព្រៃចុងក្រោយនៅក្នុងខេត្តឧត្តរមានជ័យ ដែលនៅសេសសល់ព្រៃឈើ និងសត្វព្រៃប្រភេទកម្រ ដូចជាខ្ទីង ទន្សោង និងប្រភេទផ្សេងជាច្រើនទៀត៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

