ពលរដ្ឋក្នុងក្រុងបាត់ដំបង លើស៥០ភាគរយ មិនបានបង់លុយថ្លៃសំរាម!

រូបភាពពីរដ្ឋបាលខេត្តបាត់ដំបង

25/01/2023 2:00 pm បាត់ដំបង

ភ្នំពេញ៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានលើកឡើងពីបញ្ហាសំរាមក្នុងក្រុងបាត់ដំបង ដែលជារឿងធំ សម្រាប់ដោះស្រាយ។ បើតាមលោក សុខ លូ ពលរដ្ឋក្នុងក្រុងបាត់ដំបង មិនដល់៥០ភាគរយទេ ដែលបានបង់លុយថ្លៃសំរាម។


 

ក្រុងបាត់ដំបង ជាតំបន់ទីប្រជុំជន មានភាពស៊ីវិល័យ និងសម្បូរបែបក្នុងខេត្តបាត់ដំបង។ ក្រុងដ៏រីកចម្រើននេះ បានបង្កើតសំរាមប្រមាណ ៣០០តោនក្នុងមួយ។ ជាមួយគ្នានេះ ដើម្បីលើកកម្ពស់សោភ័ណភាព និងចូលរួមលុបបំបាត់ការចោលសំរាមផ្ដេសផ្ដាសរដ្ឋបាលក្រុង បានចាប់ផ្ដើមការផាកពិន័យចំពោះអ្នកចោលសំរាមផងដែរ។

ពាក់ព័ន្ធការផាកពិន័យនេះ មានការមិនគាំទ្រពីសំណាក់ពលរដ្ឋក្នុងក្រុងបាត់ដំបង ដែលអះអាងថា ក្រុមហ៊ុនសំរាម ប្រមូលសំរាមយឺតយ៉ាវ។ «ការពិតយើងមានប្រកាសអន្តរក្រសួង ទាក់ទងនឹងការផាកពិន័យនេះ យូរហើយ ក៏ប៉ុន្តែកន្លងមកយើងមិនបានអនុវត្ត ដោយសារគិតថា យកមធ្យោបាយអប់រំពលរដ្ឋជាគោល។ ប៉ុន្តែយើងបានប្រជុំគ្នាថា បើបន្តបែបនេះទៀត មិនមែនជាមធ្យោបាយល្អទេ»។ នេះជាការលើកឡើងរបស់លោក សុខ លូ ក្នុងសន្និសីទសារព័ត៌មានស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តបាត់ដំបង» នៅថ្ងៃទី២៤ មករា។


រូបភាពពី​រដ្ឋបាលខេត្តបាត់ដំបង

បើតាមលោកអភិបាលខេត្តបាត់ដំបងរូបនេះ ក្នុងក្រុងបាត់ដំបង មានក្រុមហ៊ុនប្រមូលសំរាមចំនួន ២ ដែលដើរប្រមូលសំរាមនៅតាមផ្ទះប្រជាពលរដ្ឋទៅកាន់ទីលានចាក់សំរាម។ ប៉ុន្តែអ្វីជាបញ្ហា គឺការចូលរួមរបស់ប្រជាពលរដ្ឋ។ ត្រង់ចំណុចនេះ លោក សុខ លូ ចង់សំដៅលើពលរដ្ឋដែលមិនបានបង់ប្រាក់ថ្លៃសំរាម។
 
លោក សុខ លូ បញ្ជាប់បែបនេះ៖«ដើម្បីឱ្យដំណើរការយកសំរាមឱ្យបានអស់ ត្រូវការការចូលរួមរបស់ពលរដ្ឋ គឺការ(បង់លុយ)។ ប៉ុន្តែមានបងប្អូនក្នុងក្រុងបាត់ដំបងប៉ុន្មានភាគរយ បានបង់លុយថ្លៃសំរាម គឺមានមិនដល់៥០ភាគរយទេ»។

រូបភាពពី​រដ្ឋបាលខេត្តបាត់ដំបង

ការបង់ប្រាក់ថ្លៃសំរាម ជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋ ក្នុងការចូលរួមថែរក្សាបរិស្ថាន ជាពិសេសសំរាមដែលពលរដ្ឋបានបង្កើត។ បញ្ហាដែលក្រុងបាត់ដំបង ជួបប្រទះ គឺការមិនចូលរួមរបស់ពលរដ្ឋមួយចំនួនក្នុងការបង់ប្រាក់ និងការចោលសំរាមមិនបានត្រឹមត្រូវ។ 

ថ្លែងក្នុងសន្និសីទសារព័ត៌មាន លោក សុខ លូ អះអាងដូច្នេះ៖ «រឿងសំរាមនេះ ជារឿងធំណាស់ បើយើងគិតថារឿងតូច វាតូច តែរឿងនេះមិនតូចទេ»។ អភិបាលខេត្តបាត់ដំបង ហាក់ឈឺក្បាលនឹងរឿងសំរាម ដែលជាបញ្ហាស្មុគស្មាញ ត្រូវដោះស្រាយ ពិសេសត្រូវការការភ្ញាក់រឭករបស់ពលរដ្ឋ៕


រូបភាពពី​រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានទាក់ទង