ព្រលានយន្តហោះ​ខេត្តបាត់ដំបង នឹងត្រូវ​កែលម្អ​ទៅជា​ប្រភេទ4C ​ដូចនឹង​អាកាសយានដ្ឋាន​ខេត្តសៀមរាប​

លោក សុខ លូ អភិបាលខេត្តបាត់ដំបង ថ្លែងនាសន្និសីទសារព័ត៌មានស្ដីពី«ភាពជោគជ័យរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តបាត់ដំបង»។ រូបភាពពីហ្វេសប៊ុកអង្គភាពអ្នកនាំពាក្យ

25/01/2023 11:00 am បាត់ដំបង

ភ្នំពេញ​៖ លោក សុខ លូ អភិបាលខេត្ត​បាត់ដំបង អះអាង រដ្ឋាភិបាល​កម្ពុជា នឹង​កែលម្អ​ព្រលានយន្តហោះ​វាល​បែក​ចាន នៅក្នុង​ខេត្តបាត់ដំបង ឱ្យទៅជា​ប្រភេទ 4C ដែល​ដូចនឹង​អាកាសយានដ្ឋាន​ខេត្តសៀមរាប​នាពេល​បច្ចុប្បន្ន​។ បើតាម​អភិបាលខេត្ត​បាត់ដំបង នាពេល​ថ្មីៗ​នេះ រដ្ឋបាលខេត្ត បាន​ជួបពិភាក្សា និង​សិក្សា​ជាមួយ​អាកាសចរណ៍​ស៊ីវិល ដើម្បី​ដោះស្រាយ​ផលប៉ះពាល់​នានា​។



​បញ្ហា​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ បាន​រារាំង​ដល់​ដំណើរការ​សិក្សា​គម្រោង​កែលម្អ​អាកាសយានដ្ឋាន​វាល​បែក​ចាន ក្នុង​ខេត្តបាត់ដំបង​។ ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី «​ភាពជោគជ័យ​រយៈពេល​៥​ឆ្នាំកន្លងមក របស់​រដ្ឋបាល​ខេត្តបាត់ដំបង​»  នៅ​ព្រឹក​ថ្ងៃទី​២៤ មករា លោក សុខ លូ បានឱ្យដឹងថា រដ្ឋាភិបាល​កម្ពុជា នឹង​ចាប់ផ្ដើម​កែលម្អ​ព្រលានយន្តហោះ​វាល​បែក​ចាន​ឡើងវិញ​។ 
 
​អភិបាលខេត្ត​បាត់ដំបង បន្តថា ព្រលានយន្តហោះ​វាល​បែក​ចាន នឹង​កែលម្អ​ទៅជា​ប្រភេទ 4C ដែល​ដូចនឹង​អាកាសយានដ្ឋាន​ខេត្តសៀមរាប​នាពេល​បច្ចុប្បន្ន​។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត​បាត់ដំបង ក៏បាន​សុំ​គោលការណ៍​ឯកភាព​ពីស​ម្ដេច ហ៊ុន សែន រួចហើយ ក្នុងការ​កែលម្អ​អាកាសយានដ្ឋាន​នេះ​។ លោក សុខ លូ ក៏បាន​បង្ហើយ​ពី​ការជួបពិភាក្សា​រវាងរ​ដ្ឋ​បាល​ខេត្ត និង​អាកាសចរណ៍​ស៊ីវិល​នាពេល​កន្លងទៅ ដើម្បី​សិក្សា​ពី​ដំណោះស្រាយ​លើ​ផលប៉ះពាល់​ផ្សេងៗ​។ ដោយឡែក ពេលវេលា​បើក​ការដ្ឋាន​កែលម្អ​ព្រលានយន្តហោះ​វាល​បែក​ចាន​នេះ លោក សុខ លូ មិនទាន់​បញ្ជាក់បាន​នៅឡើយ​ទេ​។ 
 
​សូមបញ្ជាក់ នៅ​ពិធីបុណ្យ​ទន្លេ​ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០២០ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ណែនាំ​ឱ្យ​សាលាខេត្ត និង​ក្រសួង​មន្ទីរ​ពាក់ព័ន្ធ​នានា​ខិតខំ​សិក្សា និង​រក្សា​ឱ្យបាន​នូវ​ព្រលានយន្តហោះ​វាល​បែក​ចាន​។ សម្តេច លើកឡើងថា​៖ «​ត្រូវតែមាន​ការរៀបចំ​ចក្ខុវិស័យ​មួយ​ដើម្បី​ពិនិត្យ​ពី​ការរៀបចំ​ព្រលានយន្តហោះ​បាត់ដំបង​ឡើងវិញ ដើម្បី​ជា​សេចក្ដីត្រូវការ​នៃ​ការអភិវឌ្ឍ​។ ក្នុងនោះ​យន្តហោះ​ក៏ត្រូវ​មាន​២​ប្រភេទ​ផងដែរ ជា​យន្តហោះ​ធម្មតា និង​ជា​ឧទ្ធម្ភាគចក្រ ដែល​អាចធ្វើ​ដំណើរ​បាន​ងាយស្រួល​ជាង​»៕

ព័ត៌មានទាក់ទង