អាជ្ញាធរ ដកហូតម៉ូតូទឹកចំនួន២គ្រឿង ក្រោយម្ចាស់ម៉ូតូចាក់ប្រេងសាំងលើឆ្នេរខ្សាច់

24/01/2023 5:00 pm ព្រះសីហនុ

ភ្នំពេញ៖ អាជ្ញាធរព្រះសីហនុ បានដកហូតម៉ូតូទឹកចំនួន២គ្រឿង ក្រោយម្ចាស់ម៉ូតូចាក់ប្រេងសាំង ស្ថិតនៅលើឆ្នេរអូរឈើទាល២។ ការដកហូតនេះ គឺដើម្បីបង្ការកុំឱ្យមានករណីប្រេងសាំង ជ្រាបលើខ្សាច់ និងរៀបចំសណ្តាប់ធ្នាប់ឱ្យបានល្អ។



 អាជ្ញាធរព្រះសីហនុ បានដកហូតម៉ូតូទឹកពីម្ចាស់អាជីវកម្ម ដែលបានចាក់ប្រេងសាំង លើឆ្នេរខ្សាច់ ដោយយកទៅរក្សាទុកនៅសាលាក្រុងព្រះសីហនុបណ្តោះអាសន្ន និងណែនាំដល់ម្ចាស់ម៉ូតូទឹកពីផលប៉ះពាល់ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣នេះ ។ ចំពោះម្ចាស់ម៉ូតូទឹក ដែលបានដកហូតនោះ ត្រូវបានអាជ្ញាធរក្រុងព្រះសីហនុ ណែនាំពីវិន័យ និងពន្យល់ពីផលប៉ះពាល់ផងដែរ។

លោក ឡុង ឌីម៉ង អភិបាលរងខេត្តព្រះសីហនុ បានប្រាប់សារព័ត៌មានThmeyThmey25 តាមទូរស័ព្ទថា កន្លងមក អាជ្ញាធរ បានដាក់ពង្រាយឧបករណ៍សុវត្ថិភាពនៅតាមបណ្តោយឆ្នេរ ដើម្បីការពារសុវត្ថិភាពអ្នកទៅកម្សាន្ត និងមិនឱ្យម្ចាស់ម៉ូតូទឹកចាក់ប្រេងសាំង ដែលអាចបំពុលបរិស្ថាន ក៏ដូចជាផ្តល់ផលរំខានដល់សាធារណជនមកកម្សាន្ត។ លើសពីនេះ វាជារូបភាពមួយដែលធ្វើឱ្យបាត់បង់សោភ័ណភាពឆ្នេរផងដែរ។

«កន្លងមកគឺមានអ្នកដែលរកជួលម៉ូតូទឹកទៅឱ្យទេសចរ សម្រាប់ជិះកម្សាន្តក្បែរកន្លែងទេសចរផ្សេងទៀតលេងទឹក។ ករណីបែបនេះ យើងមិនឱ្យគាត់ធ្វើនោះទេ។ មួយវិញទៀត ម្ចាស់អាជីវកម្មត្រូវទទួលខុសត្រូវ និងទទួលបានការណែនាំ ប្រសិនបើល្មើសនឹងវិន័យ។» នេះជាការបញ្ជាក់របស់លោក ឡុង ឌីម៉ង អភិបាលរងខេត្តព្រះសីហនុ។

សូមជម្រាបថា រដ្ឋបាលខេត្តព្រះសីហនុ ណែនាំឱ្យម្ចាស់អាជីវកម្មលក់ដូរតាមឆ្នេរ និងទេសចរទៅកម្សាន្តឱ្យយល់ដឹងពីសេវាកម្ម អនាម័យ បរិស្ថាន។ ជាពិសេស សាធារណជន អាចទាក់ទងមកកាន់អាជ្ញាធរអំពីករណីទារថ្លៃតាមឆ្នេរសាធារណៈផងដែរ៕

 

ព័ត៌មានទាក់ទង