ភ្នំពេញ ព្រះសីហនុ សៀមរាប កំពត កោះកុង មានសកម្មភាពទេសចរចិនខ្លាំង ក្នុងឆ្នាំ២០២២

23/01/2023 3:00 pm ភ្នំពេញ

ដោយ៖ សែម ប្រាក់ដាវ
ភ្នំពេញ៖ កម្ពុជាទទួលបានទេសចរចិនជាង១០ម៉ឺននាក់ នៅឆ្នាំ២០២២ ​កើនឡើង​១៣៣,៥ភាគរយ ​បើធៀបទៅនឹងឆ្នាំ២០២១ ដែលទទួលបានទេសចរចិនជាង៤ម៉ឺននាក់។ ក្នុងនោះរាជធានី ខេត្តចំនួន៥ ទទួលបានភ្ញៀវទេសចរចិន ដើរកម្សាន្តច្រើន។


បច្ចុប្បន្នភ្ញៀវ​ទេសចរ​ចិន​ភាគ​ច្រើន បាន​សម្រុក​ទៅ​តំបន់​មាត់​សមុទ្រ  ឆ្នេរ កោះ និងដើរទស្សនាប្រាសាទនានា ។ ជា​ពិសេស​គឺ​ខេត្ត​ព្រះសីហនុ ដែលមានជនជាតិចិន កំពុង​តែ​ក្តោប​ក្តាប់​អាជីវកម្ម​​ ដូច​ជា ​​កាស៊ីណូ សណ្ឋាគារ ​ និង​ភោជនីយដ្ឋានជាដើម។

លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ បានប្រាក់សារព័ត៌មានThmeyThmey25 តាមទូរស័ព្ទដៃថា ទីផ្សារ​ទេសចរ​ចិន​បាន​ឈរ​នៅ​លេខ​រៀង​ទី៣ បន្ទាប់ពី ថៃ និងវៀតណាម។ បើតាមលោក សុភ័ក កម្ពុជាជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយសម្រាប់ចិន។
 
ក្នុងតំបន់ទេសចរណ៍នៅកម្ពុជា ភាគច្រើនទេសចរ​ចិន​ បាន​មក​ស្នាក់​នៅ និង​កម្សាន្ត​នៅ​ក្នុង​ខេត្ត​ព្រះសីហនុច្រើនជាងគេ ក្នុងឆ្នាំ២០២២។ វត្តមាន​ជន​ជាតិ​ចិន បាន​ផ្តល់​ប្រយោជន៍​ជា​ច្រើន​សម្រាប់​​ការ​អភិ​វឌ្ឍ នៅ​ក្នុង​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយនេះ។ នេះបើតាមលោក សុភ័ក។ 


 លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍


អ្នកនាំពាក្យក្រសួងទេសចរណ៍រូបនេះ បញ្ជាក់ដូច្នេះ៖ « ទេសចរចិនទៅលេងខេត្តព្រះសីហនុ និងរាជធានីភ្នំពេញច្រើន។ រីឯខេត្តសៀមរាបតំបន់ប្រាសាទ​ក៏ទទួលបានទេសចរចិនច្រើន។ ដោយឡែកខេត្តជាប់តំបន់ឆ្នេរដូចជា កំពត កោះកុងក៏ទទួលបានទេសចរចិនទៅកម្សាន្តច្រើនដែរ »។
 
សម្រាប់ខេត្តសៀមរាប គេ​សង្កេតឃើញថា វត្តមាន​ទេសចរ​ជនជាតិ​ចិនច្រើន ដែល​និយម​មកជា​ក្រុមៗ ដោយពួកគេ​និយមទៅទស្សនាតំបន់វប្បធម៌ និងប្រាសាទនានាក្នុងខេត្តសៀមរាប។  ទេសចរ​ចិន​បានរួម​ចំណែក​ធ្វើឱ្យមាន​កំណើនសេដ្ឋកិច្ច​ជាតិ និងជួយអភិ​វឌ្ឍតំបន់នានា ក្នុងខេត្តសៀមរារ។
 
ចំណែកឯ កោះកុង និងខេត្តកំពតវិញ ជាខេត្តមួយដែលមានឆ្នេរស្រស់ស្អាត កោះ និងបរិយាកាសល្អ ដែលបានទាកទាញទេសចរចិន មកកម្សាន្តច្រើនដែរ។ បើតាមលោក តុប សុភ័ក ទេសចរចិនចូលចិត្តកម្សាន្តតាមឆ្នេរ និងចាយលុយដូចទេសចរពីបណ្តាប្រទេសផ្សេងៗផងដែរ។ 
 
លោក តុប សុភ័ក ថ្លែងថា៖ «ខ្ញុំមិនទាន់ប្រាប់បានទេថាទិន្នន័យទេសចរចិនកម្សាន្តតាមខេត្តនីមួយប៉ុន្មាននោះទេ ប៉ុន្តែទេសចរចិននិយមទៅកម្សាន្តនៅ តាមបណ្តាខេត្តជាប់សមុទ្រ ឆ្នេរ និងតំបន់វប្បធម៌ច្រើន»។ 
 
លោក តុប សុភ័ក ជឿថាកំណើនទេសចរចិន នឹងកើនឡើងច្រើនទ្វេដង ដោយសារសហប្រតិបត្តិការ​ល្អ ​រវាង​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ​ ក្រោយប្រទេសចិនបានបើកប្រទេសឡើងវិញ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣។ 
 
ក្រៅពីខេត្តទាំង៥នេះ បណ្តាខេត្តនានា ក៏ទេសចរចិននិយមទៅកម្សាន្តផងដែរ។ សូមបញ្ជាក់ដែរថា មន្ទីរ​ទេសចរណ៍​នឹង​រៀបចំ​តំបន់​អេកូ​ទេសចរណ៍ និង​សហគមន៍​ទេសចរណ៍ ដែល​មន្ទីរ និង​អង្គការ​នានាបាន​រកឃើញឱ្យ​បាន​ស្អាត ដើម្បី​ស្វាគមន៍​កំណើន​ភ្ញៀវទេសចរ​ចិន មក​ទស្សនា​ក្នុង​រាជធានី-ខេត្តឡើងវិញ៕

ព័ត៌មានទាក់ទង