ថ្ងៃសែនចូល​ឆ្នាំចិន៖ ទេសចរជិត៣០០នាក់ បានទៅកម្សាន្តនៅតំបន់សត្វស្លាបទួលព័ន្ធតាឡី

23/01/2023 12:06 pm ភ្នំពេញ


ដោយ: ប៉ូ សុភា
ភ្នំពេញ​៖ តំបន់​អភិរក្ស​សត្វ​ស្លាប​ទួល​ព័ន្ធ​តា​ឡី​បឹង​ស្នេហ៍ នៅក្នុងខេត្តព្រៃវែង ទទួលបានភ្ញៀវទៅទស្សនា ជិត៣០០នាក់ នៅថ្ងៃទី២១ ខែមករា ដែលជាថ្ងៃសែនចូលឆ្នាំចិន-វៀតណាម។ នេះជាចំនួនកើនឡើង បើធៀបថ្ងៃធម្មតា ហើយសហគមន៍សង្ឃឹមថា ភ្ញៀវនឹងបន្តកើនឡើងជាងនេះ ក្នុងអំឡុងពេលពិធីចូលឆ្នាំចិនរយៈពេល៣ថ្ងៃទៀត។


តំបន់​អភិរក្ស​សត្វ​ស្លាប​ទួល​ព័ន្ធ​តា​ឡី​បឹង​ស្នេហ៍ មាន​ផ្ទៃដី​ទំហំ ៣ ៥៥៧​ហិកតា ដែលមាន​សត្វ​ស្លាប​ចំនួន​៥៣​ប្រភេទ ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ក្រុង​ព្រៃវែង ស្រុក​ស្វាយ​អ​ន្ទ​រ ស្រុក​ពាម​រក៍ និង​ស្រុក​បាភ្នំ ខេត្តព្រៃវែង។ បច្ចុប្បន្នចំនួនសត្វសរុបនៅក្នុងតំបន់នេះ កើនឡើងដល់ជាង៦០ម៉ឺនក្បាល ។ 

លោក នួន សារ៉េត អនុប្រធាន​សហគមន៍​អភិរក្ស​សត្វ​ស្លាប​ទួល​ព័ន្ធ​តា​ឡី​បឹង​ស្នេហ៍ បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ២៥​ ថាក្នុងចំណោមភ្ញៀវដែលបានទៅទស្សនា​សត្វស្លាប កាលពីថ្ងៃទី២១ មករា ជិត៣០០នាក់នោះ មានភ្ញៀវជនជាតិបារាំង​ចំនួន៨នាក់។  បើតាមលោក នួន សារ៉េត ​ថ្ងៃធម្មតាតំបន់នេះ អាចទទួលបានភ្ញៀវទេសចរ ចន្លោះពី២០ ទៅ៣០នាក់ ហើយនៅថ្ងៃចុងសប្ដាហ៍ អាចមានទេសចរ ចន្លោះ១០០ ទៅ២០០នាក់។ ចំពោះថ្ងៃបុណ្យទានសំខាន់ៗ អាចមានភ្ញៀវច្រើនជាងនេះ។ 


 
«ម្សិលមិញ(ថ្ងៃទី២១ មករា) ថ្ងៃសែនចូលឆ្នាំចិ​ន ​នៅកន្លែងយើងមានភ្ញៀវជិត៣០០នាក់ មកទស្សនាសត្វស្លាប​។ ខែនេះភ្ញៀវអាចធ្វើដំណើរស្រួល ដោយសារទីតាំងនេះគោកច្រើន។ មួយវិញទៀតកន្លែងមើលសត្វដែលទើបនឹងសម្ពោធរួច ក៏ជាផ្នែកមួយជួយទាក់ទាញភ្ញៀវឱ្យមកទស្សនាដែរ»។ នេះជាការលើកឡើងរបស់ លោក សារ៉េត។

កំណើនភ្ញៀវទេសចរមកកាន់តំបន់ការពារ បានធ្វើឱ្យប្រជាសហគមន៍​រីករាយ និងជាការលើកទឹកចិត្តដល់កិច្ចខិតខំប្រឹ​ងប្រែងបន្ថែមទៀតក្នុងការការពារ និងថែរក្សាសត្វស្លាប ដែលកំពុងរងការគំរាមកំហែងនេះ។ លោក នួន សារ៉េត លើកឡើងដូច្នេះ៖ «ឥឡូវយើងបានទទួលដំណឹងថា នៅខាងខេត្តស្វាយរៀង មានក្មេងៗមួយចំនួនបានបាញ់សត្វទាំងនោះ។ មូលហេតុ​អាចពួកគេមិនដឹងថា សត្វនោះជាសត្វត្រូវបានអភិរក្ស។ ដូច្នេះហើយបានជាពួកយើង តែងព្យាយាមផ្សព្វផ្សាយ និងជូនដំណឹងដល់ភ្ញៀវដែលមកទស្សនានៅតំបន់នេះ ឱ្យបានដឹង និងបានជួយផ្សព្វផ្សាយបន្តទៅ​​ឱ្យបានដឹងកាន់ទូលំទូលាយ»។



ជាមួយគ្នានេះ អនុប្រធានសហគមន៍ខាងលើលើកឡើងថា លោក នឹងជូនដំណឹងទៅកាន់អាជ្ញាធរពាក់ព័ន្ធ ដើម្បីអាចជួយទប់ស្កាត់ និងបង្កើនការផ្សព្វផ្សាយបន្ថែម ក្នុងគោលបំណងការពារ និងរក្សាសុខសុវត្ថិភាពរបស់សត្វទាំងនោះ៕

ព័ត៌មានទាក់ទង