អ្នកស្រី ចិន្តា កែច្នៃសំណល់ស្នែងគោក្របី ជាអលង្ករណ៍ ព្រោះចង់ចូលរួមសម្អាតបរិស្ថាន

23/01/2023 10:01 am ភ្នំពេញ

ភ្នំពេញ៖ អ្នកស្រី គួន ចិន្តា ជាម្ចាស់សិប្បកម្មកែច្នៃសំណល់ស្នែង ឆ្អឹង គោ ក្របី ទៅជាគ្រឿងអលង្ករណ៍ និងវត្ថុតាំងលម្អ នៅរាជធានីភ្នំពេញ។ ស្ត្រីរូបនេះ បានបោះបង់ការងាររបស់ខ្លួន មកចាប់កែច្នៃសំណល់ស្នែងវិញ ដោយសារជាចំណង់ចំណូលចិត្ត និងចង់ចូលរួមសម្អាតបរិស្ថាន តាមរយៈការច្នៃសំណល់ឡើងវិញ។ បច្ចុប្បន្នអាជីវកម្មមួយនេះ ហាក់មានសន្ទុះនៃការចាប់អារម្មណ៍ច្រើនពីភ្ញៀវជាតិ។



ព័ត៌មានពិស្ដារ សូមលោកអ្នកនាង ទស្សនាបទសម្ភាសន៍រវាង លោក ស៊ុល រ៉វី អ្នកសារព័ត៌មាន ThmeyThmey25  ជាមួយ អ្នកស្រី គួន ចិន្តា ម្ចាស់សិប្បកម្មកែច្នៃសំណល់ស្នែង ឆ្អឹង គោ ក្របី ដូចតទៅ៖


ខ្សែក, បន្ដោងខ្សែក, ចិញ្ចៀន, ក្រវិល, ក្រាសសិតសក់ និងគ្រឿងតាំងលម្អ ជាច្រើនជម្រើស ត្រូវបានម្ចាស់សិប្បកម្ម «សុមនា ផលិតផលស្នែង» កែច្នៃចេញពីសំណល់ស្នែង ឆ្អឹង គោ ក្របី។ ប្រមាណ២០ឆ្នាំហើយ ដែលសិប្បកម្មកែច្នៃស្នែងនេះបានបង្កើតឡើង ដោយសហគ្រិនស្ត្រី គួន ចិន្តា។

អ្នកស្រី គួន ចិន្ដា ជាសហគ្រិនស្ត្រីវ័យ៤១ឆ្នាំមួយរូប មកពីខេត្តព្រៃវែង។ ដោយស្រឡាញ់ផលិតផលធ្វើពីស្នែង និងមានជំនាញកែច្នៃស្នែងស្រាប់ បានជំរុញឱ្យសហគ្រិនស្ត្រីរូបនេះ ចាប់ផ្ដើមអាជីវកម្មនេះឡើង។ ហេតុផលសំខាន់មួយទៀតដែលជំរុញឱ្យអ្នកស្រី ចិន្តា បង្កើតអាជីវកម្មនេះឡើង ដោយសារចង់កែច្នៃសំណល់ដែលមនុស្សបោះចោល ជារបស់មានតម្លៃឡើងវិញ និងអាចលក់បាន។

«មូលហេតុចម្បងដែលបង្កើត(អាជីវកម្ម)ឡើង ដោយសារវាជាកាកសំណល់ គេមិនខ្វល់ គេបោះចោល ហើយប៉ះពាល់ដល់យើង ហើយយើងចង់យកវាមកកែច្នៃឡើងវិញ»។ នេះជាការលើកឡើងរបស់អ្នកស្រី គួន ចិន្ដា។

បច្ចុប្បន្នសិប្បកម្មអ្នកស្រី ចិន្តា បានប្រមូលទិញស្នែង ឆ្អឹង គោក្របី ពីទីសត្តឃាតនានា។ សិប្បកម្មនេះត្រូវការស្នែងឬឆ្អឹង ប្រមាណជា១តោន ក្នងរយៈពេល២ ឬ៣ខែ ឬក៏អាចប្រែប្រួលទៅតាមតម្រូវការជាក់ស្ដែង។ ឯតម្លៃទំនិញក្នុងហាងដែលកែច្នៃរួច មានតម្លៃចាប់ពី៣ដុល្លារ រហូតដល់៣០០ដុល្លារ ឬអាចមានតម្លៃខ្ពស់ជាងនេះ ទៅតាមការបញ្ជាទិញរបស់ភ្ញៀវ។

ដោយសារផលិតផលស្នែងនេះ កែច្នៃឡើងដោយដៃ ដូច្នេះការងារមួយនេះត្រូវចំណាយពេល។ ឯអ្នកធ្វើត្រូវមានភាពអំណត់ និងប្រុងប្រយ័ត្នបំផុត ព្រមទាំងមានជំនាញ។ ក្នុងដំណើរការនៃការផលិតផលនេះ ដំណាក់ការនៃការសម្អាត ជាដំណាក់កាលចំណាយពេលច្រើនជាងគេ ដោយសារសម្អាតត្រូវធ្វើយ៉ាងណាឱ្យស្នែង ឆ្អឹង អស់ក្លិន និងរលោងស្អាត។

បច្ចុប្បន្នផលិតផលកែច្នៃពីស្នែង ឆ្អឹង គោ ក្របីនេះ មានលក់នៅតាមហាង និងអង្គការមួយចំនួន ព្រមទាំងហាងផ្ទាល់របស់ អ្នកស្រី ចិន្តា នៅជាប់នឹងសារមន្ទីរវាលពិឃាតជើងឯក ក្នុងខណ្ឌដង្កោ។ បើតាមសម្ដីអ្នកស្រី ចិន្តា បច្ចុប្បន្នភ្ញៀវអ្នកស្រីភាគច្រើនជាភ្ញៀវខ្មែរ និងភាគច្រើនបញ្ជាទិញតាមអនឡាញផងដែរ៕

 

ព័ត៌មានទាក់ទង