ស្ពានហាលខាងមុខប្រាសាទអង្គរវត្ត ជួសជុលបាន៩០ភាគរយហើយ

22/01/2023 10:59 am សៀមរាប

ការជួសជុលស្ពានហាលខាងមុខប្រាសាទអង្គរវត្ត ដំណាក់កាលទី២ សម្រេចបានប្រមាណ៩០ភាគរយហើយ គិតត្រឹមខែមករា ឆ្នាំ២០២៣។ គម្រោងជួសជុលនេះ បានចាប់ផ្តើមតាំងពីឆ្នាំ២០១៦មកម្ល៉េះ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា ជាមួយសាកលវិទ្យាល័យសូហ្វីយ៉ា ប្រទេសជប៉ុន ដើម្បីលើកតម្លៃរក្សាទម្រង់ដើមនៃសំណង់បុរាណមួយនេះឱ្យរឹងមាំឡើងវិញ។



 លោក សាតុរឹ មីវ៉ា (Satoru MIWA) តំណាងមជ្ឈមណ្ឌលអាស៊ី សូហ្វីយ៉ា និងជាប្រធានការដ្ឋានជួសជុល បានឱ្យដឹងថា គម្រោងជួសជុលស្ពានហាលប្រាសាទអង្គរវត្ត ដំណាក់កាលទី២នេះ មានប្រវែងសរុបជិត១០០ម៉ែត្រ។ លោក សាតុរឹ មីវ៉ា វាយតម្លៃថា ក្រុមការងារអាច នឹងប្រើប្រាស់ពេលវេលាបន្ត យ៉ាងហោចណាស់១ឆ្នាំទៀត ដើម្បីបញ្ចប់ការងារជួសជុលទាំងស្រុង។ សូមជម្រាបថា នៅក្នុងដំណាក់កាលទី១ ស្ពាននេះ ក៏ទទួលបានការជួសជុលពីក្រុមអ្នកជំនាញ បានប្រវែង១០០ម៉ែត្ររួចហើយដែរនៅផ្នែកខាងកើត ខណៈការងារជួសជុលនៅផ្នែកខាងលិច ក៏ជិតរួចរាល់ជាស្ថាពរ។ 
 
ទន្ទឹមនឹងការបញ្ជាក់វឌ្ឍនភាពនៃការងារជួសជុល ប្រធានការដ្ឋានជួសជុលស្ពានហាលរូបនេះ ក៏លើកឡើងពីបញ្ហាប្រឈមខ្លះដែលបានកើតឡើងក្នុងអំឡុងពេលជួសជុលដែរ ដែលមានដូចជាការរីករាលដាលនៃជំងឺកូវីដ-១៩ ទឹកភ្លៀងនារដូវវស្សា ជាពិសេសស្ពានហាលមានកសិន្ធុទឹកព័ទ្ធជុំវិញពិបាកក្នុងការជួសជុល។  
 
ទោះជាយ៉ាងណាក៏ដោយ លោកសាតុរឹ មីវ៉ា រីករាយដែលបានជួយដល់ការងារជួសជុលស្ពានហាល និងគម្រោងអភិរក្សផ្សេងៗទៀតនៅកម្ពុជា ខណៈដែលលោកសង្កេតឃើញថា អាជ្ញាធរជាតិអប្សរា ក៏បានខិតខំយ៉ាងខ្លាំងក្នុងការងារអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ជាពិសេសគឺការកសាងសមត្ថភាព ធនធានមនុស្ស រហូតដល់ការអនុវត្តគម្រោងនៅតាមការដ្ឋាននីមួយៗ មិនចាំបាច់ពឹងផ្អែកលើបរទេសដូចមុនឡើយ។
 
សូមរំឭកថា ចាប់តាំងពីឆ្នាំ១៩៨៩មក សាកលវិទ្យាល័យសូហ្វីយ៉ា ប្រទេសជប៉ុន បានចូលរួមចំណែកជាមួយអាជ្ញាធរជាតិអប្សរា ធ្វើសកម្មភាពជាច្រើនជួយដល់មរណីយដ្ឋានអង្គរ ទាក់ទងនឹងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកបុរាណវិទ្យា និងផ្នែកស្ថាបត្យកម្ម ការធ្វើកំណាយស្រាវជ្រាវនៅប្រាសាទបន្ទាយក្តី កម្មវិធីអប់រំបេតិកភណ្ឌដល់ប្រជាពលរដ្ឋនិងសិស្សានុសិស្សរស់នៅជុំវិញតំបនអង្គរ ការផ្តួចផ្តើមបង្កើតសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរជាដើម៕
 

ព័ត៌មានទាក់ទង