បណ្ឌិត គី សេរីវឌ្ឍន៍៖ SME មិនយល់ពីពន្ធដារ ឬមន្រ្តីពន្ធដារធ្វើទង្វើមិនសូវល្អលើ SME ?

21/01/2023 9:22 am ភ្នំពេញ

ភ្នំពេញ៖  អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៅកម្ពុជា បណ្ឌិត គី សេរីវឌ្ឍន៍ បាននិយាយថា សហគ្រាសធុនតូច និងមធ្យម SME មិនទាន់យល់ពីពន្ធដារនៅឡើយ ខណៈមន្រ្តីពន្ធដារព្យាយាមប្រមូលពន្ធចូលរដ្ឋឱ្យលើស ឬស្របតាមផែនការកំណត់។ ដោយសារបញ្ហាទាំងនេះហើយ ទើបបង្កើតឱ្យមានពាក្យចចាមអារ៉ាមថា «ពន្ធដារកៀបក ម្ចាស់អាជីវកម្ម»។


 
កញ្ញា សុង សុធាវី៖ លោកបណ្ឌិតដោយសារនាងខ្ញុំ បានចូលក្នុងក្រុមអ្នកជំនួញជាច្រើន ហើយបានព័ត៌មានក្នុងដៃគឺ កញ្ចប់ SME ដែលរាជរដ្ឋាភិបាលផ្តល់ឱ្យ គឺគាត់ពិបាកស្នើសុំ ដោយសារមានលក្ខខណ្ឌស្មុគស្មាញ ហើយការចុះបញ្ជី ឬ ប្រមូលពន្ធពីរដ្ឋជាសម្ពាធដ៏ធ្ងន់សម្រាប់ពួកគាត់ តែស្របពេលដែលក្រុមអ្នកជំនួញទាំងនោះត្រូវពង្រឹងខ្លួន ដើម្បីត្រៀមសហការជាមួយសហគ្រិនមកពីចិនដែរនោះ តើមានចំណុចរួមគ្នាដូចម្តេច ដើម្បីសម្រួលការងារនេះ?
 
បណ្ឌិត គី សេរីវឌ្ឍន៍៖ បាទ ចំពោះការសុំមូលនិធិពីធនាគារ SME គឺមានលក្ឋខណ្ឌពីរ ទី១ SME មិនមានរបស់បញ្ចាំទេ ព្រោះគាត់បានយកប្លង់ដី ប្លង់ផ្ទះរបស់គាត់ទៅដាក់ធនាគារផ្សេងរួចហើយ ដើម្បីយកលុយមកធ្វើជំនួញ។ ទី២ គាត់បានយកទ្រព្យសម្បត្តិដែលមានទៅវិនិយោគនឹងវិស័យអចលនទ្រព្យដែលកំពុងតែជាប់គាំងនាពេលបច្ចុប្បន្ន។ អ៊ីចឹង គេមិនអាចឱ្យគាត់ទៅខ្ចីបានបន្ថែមទៀតទេ ព្រោះគាត់នឹងមិនមានលទ្ធភាពផងវិញ ហើយបើជំនះឱ្យគាត់ខ្ចី នឹងធ្វើឱ្យគាត់ដួលក្ស័យទុនកាន់តែខ្លាំង និងកាន់តែជំពាក់គេវ័ណ្តក។ មួយទៀត គឺSME ព្យាយាមគេចពន្ធ និងមិនចុះបញ្ជីជាប្រព័ន្ធ ដែលវាធ្វើឱ្យគាត់មិនអាចទៅខ្ចីបានទេ ព្រោះមានលក្ខខណ្ឌថា ទាល់តែ SME ដែលចូលជាប្រព័ន្ធ ហើយឋិតនៅក្រោមច្បាប់ទើបអាចខ្ចីលុយហ្នឹងបានក្នុងការប្រាក់ទាប។ 

លើសពីនេះគឺ SME គាត់ខ្វះនូវប្រព័ន្ធគណនេយ្យ ហើយគិតថាការបង់ពន្ធគឺជាបន្ទុកដ៏ធ្ងន់សម្រាប់ពួកគាត់។ ត្រង់ចំនុចនេះ ខ្ញុំចង់ឱ្យ SME ខ្លួនឯង និង រដ្ឋាភិបាលត្រូវរកនិតិវិធីសម្របសម្រួល ហើយ SME ចូលទៅក្នុងការបង់ពន្ធ ព្រមទាំងបង្កើតប្រព័ន្ធពន្ធដារណាមួយដោយឡែក សម្រាប់ SME ដើម្បីឱ្យគាត់ចូលជាប្រព័ន្ធសិន ស្របពេលដែលគាត់សល់ប្រាក់ចំណេញ ទើបគាត់អាចចូលជាប្រព័ន្ធជាមួយយើងបាន ហើយជាបន្តបន្ទាប់ យើងនឹងជំរុញឱ្យមានមានប្រព័ន្ធកត់ត្រា និងការប្រកួតប្រជែងបានត្រឹមត្រូវ។ បើមិនដូច្នោះទេ គឺជាភាពអនាធិបតេយ្យក្នុងការងារហ្នឹងតែម្តង។ ទាំងស្តង់ដារផលិតផល បរិមាណ ការផ្គត់ផ្គង់ តម្រូវការនៅមានកំរិត មិនអាចប្រកួតប្រជែងឈ្នះគេទេ បើកាលណាយើងមិនធានាការផ្គត់ផ្គង់បាន។ 
 
កញ្ញា សុង សុធាវី៖ តើយើងត្រូវការពេលវេលាប៉ុន្មានឆ្នាំទៀតលោក សម្រាប់កិច្ចការងារសំខាន់មួយនេះ ស្របពេលដែលពួកគាត់មានការទទួលខុសត្រូវច្រើនចំពោះការចំណាយលើបុគ្គលិក និង សម្រាប់ការបង់ពន្ធនៅចំពោះមុខ ?
 
បណ្ឌិត គី សេរីវឌ្ឍន៍៖ បាទ ការទទួលខុសត្រូវ គឺការលើកលែងពន្ធ សម្រាប់គាត់បួន ប្រាំឆ្នាំ។ SME ត្រូវបានរដ្ឋាភិបាលអនុញ្ញាតឱ្យលើកលែងពន្ធ ចន្លោះពី បីទីប្រាំឆ្នាំ ទៅតាមប្រភេទនៃផលិតកម្មរបស់គាត់ ពិសេសផលិតផលវត្ថុធាតុដើមក្នុងស្រុក។ ប៉ុន្តែបើSME គាត់មិនទទួលបានការលើកលែងពន្ធនេះ ដោយសារតែពីរកត្តា ទី១ មន្រ្តីពន្ធដារព្យាយាមប្រមូលពន្ធឱ្យលើសផែនការ។ ការខិតខំប្រមូលពន្ធ ឱ្យលើសផែនការគឺមិនចង់ទៅប្រាប់SMEថា អាហ្នឹងរួចពន្ធទេ ធ្វើម៉េចឱ្យតែបង់ពន្ធច្រើនមក ដើម្បីប្រមូលចំណូល តែវាធ្វើឱ្យ SME បាត់បង់ឱកាសទទួលបាន។ ទី២ SME នៅតែមានការរារែកថា បើកាលណាប្រាប់គេអស់ទៅ នោះគេនឹងដឹងផ្ទៃក្នុងអស់ហើយ។ បើកាលណាគេដឹងផ្ទៃក្នុងអស់គង់តែគេកៀបកទេ។ ពាក្យថា  «កៀបកនេះ» មានន័យថា សហគ្រាសធុនតូច និង មធ្យម SME មិនទាន់យល់ពីពន្ធដារ ឬក៏មន្រ្តីពន្ធដារបានប្រើអំពើមិនសូវល្អលើ SME ដែលនាំឱ្យគេយល់ថា ពន្ធដារមកកៀបកម្ចាស់អាជីវកម្ម។

អ៊ីចឹង ត្រូវតែបង្ហាញពីភាពស្អាតស្អំ របស់មន្រ្តីពន្ធដារ ដូចនេះយើងដូរសេវាទៅ។ ផ្តល់សេវាមួយឱ្យត្រជាក់ចិត្តទៅ គេយកលុយមកបង់ឱ្យយើងតើ! បើធ្វើបែបនោះបាន អ្នកបង់គាត់ក៏គាត់សប្បាយចិត្តដែរ។ តែបើយើងទៅបង់ពន្ធជាមួយមុខយក្ស គេមិនទៅបង់ពន្ធទេ! ក្នុងន័យនេះ យើងផ្តល់នូវភាពទន់ភ្លន់ ការលើកទឹកចិត្ត សេវាល្អដល់អ្នកបង់ពន្ធ នោះយើងទទួលបានការបង់ពន្ធដែលល្អប្រសើរហើយ៕  
 

ព័ត៌មានទាក់ទង