ពលរដ្ឋជាង ៨០០ គ្រួសារ នៅឃុំជីផាត មានទឹកស្អាត និងផ្លូវប្រើប្រាស់

19/01/2023 3:00 pm ភ្នំពេញ

កោះកុង៖ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) ក្រសួងបរិស្ថាន ក្រោមក្របខណ្ឌគម្រោងរេដបូកតំបន់ជួរភ្នំក្រវាញខាងត្បូង បានស្ថាបនាអណ្ដូងទឹកខ្នាតធំមួយ នៅក្នុងឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។ ការស្ថាបនានេះ បន្ទាប់ពីការស្នើសុំរបស់ពលររដ្ឋភូមិសំលត កាលពីអំឡុងឆ្នាំ២០២១ ដែលតែងជួបបញ្ហាខ្វះទឹកស្អាតប្រើប្រាស់ នារដូវប្រាំង។



អណ្ដូងខ្នាតធំ ដើរដោយប្រព័ន្ធសូឡា និងបូមទឹកដោយស្វ័យប្រវត្តិមួយនេះ ត្រូវបានអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងក្រសួងបរិស្ថាន ដាក់សម្ពោធឱ្យប្រើប្រាស់ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣។ អណ្ដូងទឹកខ្នាតធំនេះ មានចំណុះមួយម៉ឺនលីត្រ សម្រាប់ផ្គត់ផ្គង់​ទឹកស្អាតដល់ពលរដ្ឋចំនួន ១៧៦គ្រួសារ ឬជាង៨០០នាក់។
បើតាមការអះអាងរបស់លោក ទូច សុផានី ប្រធានគម្រោងអេកូទេសចរណ៍ និងអភិវឌ្ឍន៍សហគមន៍ នៃអង្គការ Wildlife Alliance ទឹកដែលបូមចេញពីអណ្ដូងមួយនេះ គឺជាទឹកស្អាត និងសុវត្ថិភាពក្នុងការប្រើប្រាស់ ដែលឆ្លងកាត់ពីមន្ទីរពិសោធន៍ត្រឹមត្រូវ។ លោកពន្យល់បន្ថែម៖ «គុណភាពទឹកមិនមានផលប៉ះពាល់ទេ​ មុនឱ្យគាត់(ពលរដ្ឋ)ប្រើ យើងបានយកទៅ Labor ក្នុងការតេស្តរកសារធាតុអេសេនិច។ ទី២កំហាប់កំបោរ ហើយទី៣ទៅលើភាពច្រេះ។ យើងឃើញថា កម្រិតទាំងអស់នេះស្ថិតក្រោមស្តង់ដា ដែលគេកំណត់។ និយាយសុវត្ថិភាពនេះ គឺល្អ»។

នាឱកាសនៃការបើកសម្ពោធអណ្ដូងទឹកខាងលើនេះ ក៏មានការបើកសម្ពោធផ្លូវក្រួសក្រហមចំនួន៣ខ្សែទៀតផងដែរ ក្នុង​ឃុំជីផាតនេះ ក្រោមក្របខណ្ឌគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូងនេះ។ ផ្លូវក្រួសក្រហមនេះមាន៣ខ្សែ បន្ទាប់ពីមានការស្នើសុំពីពលរដ្ឋភូមិជីផាត ភូមិជាំស្លា និងភូមិទឹកល្អក់។ តាមរយៈផ្លូវក្រួសក្រហម៣ខ្សែនេះ និងផ្ដល់អត្ថប្រយោជន៍ដល់ពលរដ្ឋសរុបចំនួន ៦៣៨គ្រួសារផងដែរ។


ពិធីកាត់ខ្សែបូ សម្ពោធអណ្ដូងទឹកខ្នាតធំ ក្នុងឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។  

នាពិធីបើកសម្ពោធនោះ លោក សុខ សុធី អភិបាលរងខេត្តកោះកុង មានប្រសាសន៍ថា អណ្ដូងទឹង និងផ្លូវក្រួសក្រហមនេះ បានជួយសម្រួលដល់ការធ្វើដំណើរទៅកាន់ទីផ្សារ ការទទួលបាននូវសេវាសាធារណៈសំខាន់ៗសម្រាប់សហគមន៍ និងការមានទឹកប្រើប្រាស់គ្រប់គ្រាន់។ ការណ៍នេះជួយដល់ជីវភាពរស់នៅមូលដ្ឋានរបស់ពលរដ្ឋ។

ជាមួយគ្នានេះ លោក ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការនៃក្រសួងបរិស្ថាន បានលើកឡើងថា ការកាត់បន្ថយការបំភាយកាបូននៅក្នុងតំបន់ទេសភាពព្រៃរងទឹកភ្លៀងជួរភ្នំក្រវាញ ផ្ដល់ជូនហេដ្ឋារចនាសម្ព័ន្ធ និងឱកាសដើម្បីទ្រទ្រង់ជីវភាពរស់នៅពលរដ្ឋក្នុងសហគ​មន៍ និងបង្កើតចំណូលដល់រដ្ឋាភិបាលកម្ពុជាផងដែរ។
ចំពោះកញ្ញា ស៊ូវណ្ណា ហ្គោនឡែត ស្ថាបនិក និងជានាយកប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានលើកឡើងថា ក្នុងចន្លោះឆ្នាំ២០២១ ដល់ឆ្នាំ២០២២ គម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង បានសាងសង់អណ្ដូងទឹកចំនួន ៤៣ ក្នុងនោះអណ្ដូងទឹកក្នុងភូមិកំលត ជាអណ្ដូងទឹកធំជាងគេ។​ កញ្ញាបន្ថែមថា សមិទ្ធិផលផ្លូវ និងអណ្ដូងទឹកនេះ ជួយសម្រួលដល់ការធ្វើដំណើរទៅកាន់ទីផ្សារ និងការទទួលបាននូវសេវាសាធារណៈសំខាន់ៗសម្រាប់សហគមន៍ ដូចជាសេវាសុខាភិបាល និងការអប់រំ។


 ពិធីកាត់ខ្សែបូ សម្ពោធផ្លូវក្រាលក្រួសក្រហម ក្នុងឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។  

គួរជម្រាបផងដែរថា គម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ ក្រោមគោលបំណងលើកកម្ពស់ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការការពារព្រៃឈើនៅតំបន់ទេសភាពព្រៃរងទឹកភ្លៀងជួរភ្នំក្រវាញ និងទទួលបានផលប្រយោជន៍ពីការលក់ឥណទានកាបូន៕

ព័ត៌មានទាក់ទង