ចូលឆ្នាំចិន៖ រណ្ដាប់សែន ឡើងថ្លៃជាងឆ្នាំមុន

19/01/2023 11:42 am ភ្នំពេញ


ដោយ: ញឹក សំអូន
ភ្នំពេញ៖ អាជីវករនៅផ្សារបឹងត្របែក និងផ្សារស្ទឹងមានជ័យចាស់ បានលើកឡើងថា គ្រឿងរណ្ដាប់សម្រាប់សែនចិនឆ្នាំនេះ ថ្លៃជាងឆ្នាំមុន ព្រោះពួកគេបញ្ជាទិញ ពីប្រទេសចិនមានតម្លៃកើន ព្រមទាំងការដឹកជញ្ជូនថ្លៃ។


មុនបុណ្យ​ប្រពៃណី​ចូលឆ្នាំ​ចិន និង​វៀតណាម ពលរដ្ឋជាប់សែស្រឡាយ តែងរៀបចំសម្អាត តុបតែង និងបិតរូបតំណាងឆ្នាំនៅក្នុងផ្ទះ ដើម្បីសុំលាភជ័យនៅក្នុងគ្រួសារ។ លោក អ៊ឹង គួចឆេង ជាអាជីវករលក់គ្រឿងរណ្ដាប់សែនចិននៅផ្សារបឹងត្របែក សង្កាត់បឹងត្របែក ខណ្ឌចំការមន បានរៀបរាប់ថា បើតាមទំនៀបទំលាប់ពីជីដូនជីតាមក ភាគច្រើនគេបិទរូបអក្សរចិន និងចងគោមពណ៌ក្រហម និងពណ៌មាស ពោលគឺគេមិនដែលប្រើពណ៌អ្វីផ្សេងពីព័ណ៌ទាំងពីរនេះឡើយ។ 


លោក អ៊ឹង គួចឆេង អាជីវករលក់ប្រដាប់ប្រដាសែនចូលឆ្នាំចិននៅផ្សារបឹងត្របែក។ 

លោក អ៊ឹង គួចឆេង បានបញ្ជាក់ថា៖ «បិទអក្សរចិននៅមាត់ទ្វារចូលឆ្វេងស្ដាំ និងនៅលើជំនាងផ្ទះ សុទ្ធតែពាក្យជូនពរ ឱ្យរកស៊ីមានបាន និងមានសុភមង្គល។ រូបសត្វដែលតំណាងឱ្យឆ្នាំ គេបិទដើម្បីនាំលាភនាំជ័យ និងនាំសំណាង ហេង ហេង»។
 
អំឡុងពេលថ្ងៃសែនចិន គេរៀបចំកុងម៉ា(ជីដូនជីតាដែលបានចែកឋានទៅ) ជំនាងផ្ទះ និងទេវតាចង្រ្កានបាយ។ លោកថា ទេវតាចង្រ្កាន គេរៀបចំសែនតែកន្ទោង និងក្រដាសស។ ចំពោះរណ្ដាប់សែនកុងម៉ាវិញ មានច្រើន ដូចជា បាយ សម្លរ នំ ចំណី ជ្រូកខ្វៃ ទាខ្វៃ ខោអាវ គ្រឿងអលង្ការ លុយដុល្លារ លិខិតឆ្លងដែន ផ្ទះ ឡាន ទៀន ធូប និងសម្ភារផ្សេងៗជាច្រើនទៀត ដើម្បីសែនជូនដូនតាដែលបានចែកឋានទៅតាមលទ្ធភាព។ បើតាមលោក គួចឆេង  វាជាជំនឿតៗគ្នាពីដូនតា។
ចំពោះតម្លៃរណ្ដាប់សែនចូលឆ្នាំចិននៅឆ្នាំនេះ កើនតម្លៃជាងឆ្នាំមុន។ លោក គួចឆេង បានរៀបរាប់ថា ចង្កៀងគោមចងជាប់គ្នា ៥ជាន់ លក់ ១គូតម្លៃ ១៥ដុល្លារ ខណៈឆ្នាំមុន ១គូចន្លោះពី ១៣ទៅ ១៤ដុល្លារប៉ុណ្ណោះ។ សម្រាប់គោមធំ ១តម្លៃចន្លោះពី ១៦ដុល្លារ ទៅ១៨ដុល្លារ ។ សម្រាប់ទៀនធូប និងសម្ភារៈផ្សេងទៀត មួយមុខឡើងថ្លៃបន្តិចបន្តួចផងដែរ។
 
សម្រាប់រដូវចូលឆ្នាំចិនម្ដងៗ អាជីវកររូបនេះ បានចំណាយដើមទុនចាប់ពី ៣០០០ដុល្លារឡើង ដើម្បីទិញគ្រឿងរណ្ដាប់ទាំងនោះ មកលក់ ហើយមិនដែលខាតដើមនោះទេ ។ 
 
អ្នកស្រី ឈឺន សៀកលីន អាជីវករលក់នៅផ្សារស្ទឹងមានជ័យចាស់ឈ្មោះហាង យ៉ូ យ៉ូ បេប៊ី សប ក៏បានរៀបរាប់ស្រដៀង លោក អ៊ឹង គួចឆេង ដែរ ។ ជុំវិញពិធីបុណ្យចូលឆ្នាំចិន-វៀតណាមនេះ អ្នកស្រី សៀកលីន បានបញ្ជាទិញ និងដឹកជញ្ជូនមកពីចិន ដែលមានតម្លៃថ្លៃជាងមុន។ អ្នកស្រី សៀកលីន បានរៀបរាប់សារព័ត៌មានថ្មីៗថា កន្ទោងជំនាងផ្ទះ ១តម្លៃ ១០០០រៀល, គោម ៥ជាន់ (គេហៅ តេងឡា) តម្លៃចន្លោះចាប់ពី ១០ដុល្លារដល់​ ៣០ដុល្លារ តាមទំហំធំ-តូច, គោមតង់ធំ ១តម្លៃចន្លោះពី ៨ដុល្លារឡើងទៅ។ សម្ភារៈសែនឆ្នាំនេះ ឡើងថ្លៃចន្លោះ ២០០០រៀល ទៅ៨០០០រៀល តាមមុខទំនិញតូចធំ បើធៀបឆ្នាំមុន។

 
អ្នកស្រី សៀក លីន អាជីវករលក់ប្រដាប់ប្រដាសែនចូលឆ្នាំចិននៅផ្សារស្ទឹងមានជ័យចាស់
«ការដឹកជញ្ជូនឡើងថ្លៃ និងសាំងឡើងថ្លៃ អ៊ឹចឹង អីវ៉ាន់ឡើងថ្លៃទាំងអស់ តែមិនមែនឡើងតែប្រដាប់ប្រដាសែនទេ គឺរបស់របរផ្សេងទៀតក៏ឡើងដែរ ដោយគេលើកហេតុផលថា មកពីសាំងឡើងថ្លៃ ។ អ៊ឹចឹងការដឹកជញ្ជូនឡើងថ្លៃ គេលក់ឱ្យយើងក៏ឡើងថ្លៃដែរ»។ នេះបើតាមអ្នកស្រី សៀកលីន។ 
 
សូមជម្រាបថា ថ្ងៃសែនចូលឆ្នាំចិន នឹងធ្វើឡើងនៅថ្ងៃទី២១​ មករា ហើយចូលឆ្នាំចិន ចាប់ពីថ្ងៃទី២២-២៤ ខែមករា ឆ្នាំ២០២៣៕

ព័ត៌មានទាក់ទង