កម្មវិធីលែងត្រី ធ្វើឱ្យយុវជនមួយចំនួនមានឱកាសស្គាល់ត្រីប្រភេទកម្រ

18/01/2023 2:16 pm ភ្នំពេញ

ភ្នំពេញ៖ និស្សិតមួយចំនួនមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម យល់​ថា កម្មវិធីលែងត្រីបានផ្តល់ ឱកាសដល់​យុវជនដែលមិនធ្លាប់ស្គាល់ត្រីប្រភេទកម្រ បានឃើញរូបរាងត្រីនេះផ្ទាល់ភ្នែក។ ពិសេសជាងនេះ កម្មវិធីនេះធ្វើឱ្យពលរដ្ឋមួយចំនួន អាចឃើញពីសកម្មភាពថែរក្សា ការពារ រួមទាំងចក្ខុវិស័យចង់ឱ្យ​ត្រីទឹកសាបកើនឡើងនៅក្នុងធម្មជាតិ។



សកម្មភាពលែងត្រីចំនួន៥០០២ក្បាលនៅថ្ងៃទី ១៣ ខែមករា រៀបចំដោយគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ និងរដ្ឋបាលជលផល​ បានផ្តល់ឱកាសឱ្យត្រីដែលត្រូវបានថែបំប៉ន់ក្នុងអាងមួយចំនួនអាចចូលទៅរស់នៅក្នុងជម្រកធម្មជាតិវិញ រួមទាំងអាចបង្កើតកូនចៅកាន់តែច្រើននៅក្នុងទឹកសាប។ មួយវិញទៀត កម្មវិធីនោះអាចធ្វើឱ្យយុវជនមួយចំនួនបានស្គាល់ត្រីទឹកសាប និងចូលរួមសកម្មភាពលែងត្រីប្រភេទកម្រដូចជាត្រីរាជ ត្រីគល់រាំងចូលជម្រកធម្មជាតិផងដែរ។ 

(១)
កញ្ញា មាន សុខ នី ជានិស្សិតនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម

កញ្ញា មាន សុខ នី ​ជានិស្សិតនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានលើកឡើងថា នេះជាលើកទី១ដែលកញ្ញាបាន​ចូលរួម​កម្មវិធីលែងត្រីនេះ ហើយក៏ជាឱកាសបានឃើញត្រីគល់រាំងផ្ទាល់ភ្នែកជាលើកដំបូងដែរ។ ទោះយុវតីរូបនេះ ជាអ្នករស់នៅតាមដងទន្លេមេគង្គក្រោមក្តី ប៉ុន្ដែនាងមិនធ្លាប់បានឃើញវត្តមានត្រីប្រភេទនេះនៅតាមទន្លេនៅស្រុកកំណើតនោះឡើយ។ 

កញ្ញាបញ្ជាក់ដូច្នេះ៖ « ខ្ញុំនៅព្រៃវែង ក៏មានទន្លេដែរ ប៉ុន្ដែត្រីនេះខ្ញុំក៏មិនធ្លាប់បានឃើញទេ។ អាចមកពីវាមានមិនច្រើន ។ ត្រីអ្នកនេសាទរកបានភាគច្រើនជាត្រីធម្មតាៗដូចជាត្រីប្រា ត្រីកញ្ចុះ ត្រីរៀល និងត្រីដែលសម្បូរ ប៉ុន្ដែប្រភេទត្រីរាជ ត្រីគល់រាំង ត្រីត្រសក់ខ្ញុំមិនដែលបានឃើញទេ»។ 

 លោក សំ ពិសិដ្ឋ ជានិស្សិតនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម

លោក សំ ​ពិសិដ្ឋ ជានិស្សិតនៃសាកលវិទ្យាល័យភូមិន្ទកសិកម្មមួយរូបទៀត បានបញ្ជាក់ថា ត្រីកម្រភាគច្រើនលោកធ្លាប់បានឃើញតាមរយៈការផ្សព្វផ្សាយ ប៉ុន្ដែតាមភ្នែកផ្ទាល់មិនដែលប្រទះឡើយ។ ជាមួយគ្នានេះ  ការចូលរួមជាកម្មវិធីលែងត្រី យុវសិស្សរូបនេះ ពិតជារីករាយខ្លាំង ខណៈបានឃើញត្រីរាជ និងត្រីគល់រាំងរស់ពិតៗ។ 

នៅប្រទេសកម្ពុជា ប្រជាពលរដ្ឋខ្មែរភាគច្រើនបានដឹងថា ត្រីគល់រាំង ត្រីរាជ ជាត្រីកម្រ ប៉ុន្ដែប្រសិនបើសួរថាធ្លាប់ឃើញរូបរាងផ្ទាល់ភ្នែកទេ នោះចម្លើយអាចនឹងតិចណាស់ ដែលឆ្លើយថាធ្លាប់បានឃើញត្រីប្រភេទទាំងនោះ។ ជួនមានពេលខ្លះឃើញហើយក៏មិនស្គាល់ ឬអាចកំណត់ចំណាំសណ្ឋានរបស់វាក៏មាន។
កញ្ញា ជោ ស្រីនាថ ជានិស្សិតនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម

កញ្ញា ជោ ស្រីនាថ បានប្រាប់សារព័ត៌មានThmeyThmey25ថា កន្លងមកកញ្ញាធ្លាប់ស្គាល់ត្រីមួយចំនួន ដូចជាត្រីប្រា ត្រីគល់រាំង ត្រីរាជ និងត្រីទឹកសាបមួយចំនួនទៀត។ ទន្ទឹមនេះនៅពេលកញ្ញាបានមកចូលរួមក្នុងកម្មវិធីលែងត្រីជាមួយគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គកញ្ញាអាចស្គាល់ប្រភេទត្រីខ្លះបន្ថែម និងបានស្វែងយល់ពីការថែរក្សា  រួមជាមួយបច្ចេកទេសដែលរក្សាត្រីមុនពេលយកទៅលែងចូលធម្មជាតិវិញ៕ 

ព័ត៌មានទាក់ទង