ម៉ា​ល់​ឌី​វ ​នឹង​នាំចូល​អង្ករ​ និង​ផលិតផល​កសិកម្ម​ផ្សេងទៀត​ ពី​កម្ពុជា

18/01/2023 12:08 pm ភ្នំពេញ

ដោយ: អ៊ូ សុខមាន (OU Sokmean)

សាធារណរដ្ឋម៉ាល់ឌីវ គ្រោងនាំចូលអង្ករ និងផលិតផលកសិកម្មចំនួនទៀតពីកម្ពុជា ខណៈកម្ពុជាក៏បង្ហាញបំណងពីការនាំចូលត្រីខកំប៉ុងធូណា និងផលិតផលត្រីផ្សេងទៀតពីប្រទេសនេះ ដើម្បីបំពេញតម្រូវការពលរដ្ឋ​ និងអ្នកទេសចរ​​។​ ទំនាក់ទំនងពាណិជ្ជកម្ម​នេះ ត្រូវបានលើកឡើងដោយសម្តេច ហ៊ុន សែន និងលោក Ibrahim Mohamed Solih ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ម៉ា​ល់​ឌី​វ។


 
ក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយសម្តេច ហ៊ុន សែន នៅវិមានប្រធានាធិបតីនៃ​សាធារណរដ្ឋ​ម៉ា​ល់​ឌី​វ នារសៀលថ្ងៃទី១៦មករា លោក Ibrahim Mohamed Solih បានថ្លែងថា កិ​ច្ចសហការប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ម៉ា​ល់​ឌី​វ គឺមាន​គោលបំណង​កែលម្អ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា ព្រោះតែ​​កម្ពុជា ជា​ប្រទេស​នាំចេញ​អង្ករ​ដ៏​ធំ​មួយ និង​ឈានមុខ​គេក្នុងនាម​អង្ករ​ដែល​គុណភាព​កម្រិត​ពិភពលោក និង​ផលិតផល​កសិកម្ម​ផ្សេងទៀត ដូចជា​ពោត ម្រេច ដំឡូង​មី ផ្លែឈើ​ផ្សេងៗ​ ជាដើម។ 
 
«ដោយសារ​​[ម៉ាល់ឌីវ] ជាប្រទេសនាំចូលច្រើននោះ! យើងក៏បានពិភាក្សាអំពី​ការ​នាំចូល​ផលិតផល​ផ្សេងទៀត​ដូចជា​ផលិតផល​សម្លៀកបំពាក់ ផលិតផល​ឈើ ហើយ​ជាងនេះទៀត កម្ពុជា​បាន​ពិចារណា​នាំ​ត្រីខ​ធូ​ណា​កំប៉ុង និង​ផលិតផល​ត្រី​ផ្សេងទៀត​ ពី​ប្រទេស​ម៉ា​ល់​ឌី​វ​»។ លោក Ibrahim Mohamed Solih​ ថ្លែងបែបនេះ​នៅចំពោះមុខសម្តេច ហ៊ុន​ សែន ។
 
លោកបន្តនិយាយយ៉ាងដូច្នេះ៖ «ការធ្វើ​ពិពិធ​កម្ម​នៃ​ការនាំ​ចូល​របស់​យើង​ដើម្បី​ធ្វើឱ្យ​ទំហំ​ទីផ្សារ​កើនឡើងនេះ មិន​ត្រឹមតែ​ធ្វើឱ្យ​ថ្លៃទំនិញ​សំខាន់ៗ ថយចុះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពង្រឹង​នូវ​សន្តិសុខ​ស្បៀង​របស់​យើង ព្រមទាំង​ផ្តល់នូវ​ជម្រើស​បន្ថែមទៀត ​ដល់​អ្នកប្រើប្រាស់​របស់​យើង​»​។​
 
ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់សម្តេច ហ៊ុន សែន  ក៏​ដើម្បីកែលម្អ​ទំនាក់ទំនងផ្នែក​ធុរកិច្ចនៃ​សភាពាណិជ្ជកម្ម​របស់​ម៉ា​ល់​ឌី​វ-​កម្ពុជា ក៏ដូចជាចូលរួម​វេទិការ​ធុរកិច្ច ដែល​រៀបចំ​ដោយ​ក្រសួង​អភិវឌ្ឍន៍​សេដ្ឋកិច្ច ផងដែរ។ លោកប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ម៉ា​ល់​ឌី​វ ​សង្ឃឹមថា វេទិការ​ធុរកិច្ចនេះ នឹង​បើក​ច្រក​សម្រាប់​ទំនាក់ទំនង​ពាណិជ្ជកម្ម​ប្រទេស​ទាំងពីរឱ្យ​កាន់តែ​កើនឡើង ​នា​​អនាគត​។​
 
ជាមួយគ្នានេះ សម្តេច ហ៊ុន សែន បានលើកឡើងថា​ កម្ពុជា​ពិតជា​មានលទ្ធភាព ដើម្បី​ពង្រីកទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ដោយសារតែ​កម្ពុ​ជាមាន​ទំនិញ​ដែល​អាច​នាំ​ចូលមក​ម៉ា​ល់​ឌី​វ ដូចជា​អង្ករ និង​ផលិតផល​កសិកម្ម​ដទៃទៀត។ ផលិតផលកសិកម្មទាំងនោះ គឺ​មិនត្រឹមតែ​បម្រើដល់តម្រូវការ​ប្រជាជន​ម៉ា​ល់​ឌី​វ​ប៉ុណ្ណោះទេ ប៉ុន្តែវាក៏​បម្រើដល់​វិស័យ​ទេសចរ ​​នៅ​ម៉ា​ល់​ឌី​វ  ផងដែរ  ។ អង្ករ​កម្ពុជា ស្ថិតក្នុង​ប្រភេទ​​ជាអង្ករ​ដែលជា​ប់​លេខ​១នៃចំណាត់ថ្នាក់ពិភពលោកចំនួន​៥ដង។​
 
សម្តេច ហ៊ុន សែន សង្ឃឹមថា អង្ករ​កម្ពុជា ទទួលបាន​ការពេញនិយម​សម្រាប់​ប្រជាជន​ម៉ា​ល់​ឌី​វ​ផង និង​សម្រាប់អ្នកទេសចរ​ដែល​មក​កម្សាន្តត​នៅ​ម៉ា​ល់​ឌី​វ​ ផង​។​ «យើងមាន​គ្រាប់ស្វាយចន្ទី ស្វាយ ចេក និងផលិតផលកសិកម្មដទៃទៀត ដែលអាច​បម្រើឱ្យ​វិស័យ​ទេសចរណ៍​របស់​ម៉ា​ល់​ឌី​វ។ ដូច្នេះ​! ផលិតផល​ទាំងនេះ អាច​នាំ​ចេញពី​កម្ពុជា​បាន​។ ក្រៅពីនេះ យើងក៏ជាប្រទេសផលិតសម្លៀកបំពាក់ ដែលម៉ា​ល់​ឌី​វ​អាច​បញ្ជា​ទិញ​បាន​ពី​កម្ពុជា​ ផងដែរ»។ សម្ដេច បន្ថែម។
 
​ប្រមុខរដ្ឋាភិបាលបន្តរៀបរាប់ថា ដ្បិតកម្ពុជា ជា​ប្រទេស​ដែលមាន​ត្រី​ទឹកសាប និង​ត្រី​សមុទ្រ ក៏ប៉ុន្តែមិន​គ្រប់គ្រាន់​សម្រាប់​តម្រូវកា​រពលរដ្ឋ​នោះទេ។ ហេតុដូចនេះ ​ ​ត្រីខកំប៉ុង ជា​ផលិតផល ដែល​អាចមាន​លទ្ធភាព​នាំ​ចេញទៅ​កម្ពុជា​ច្រើនជាងគេ ព្រោះមួយឆ្នាំៗកម្ពុជា​ប្រើប្រាស់​ត្រីខកំប៉ុង​ច្រើនណាស់​។ សម្តេច​មានប្រសាសន៍ដូច្នេះ៖ «គ្រាន់តែប៉ុន្មានខែមុននេះ ខ្ញុំប្រើត្រីខកំប៉ុងប្រមាណ១០ម៉ឺនកេស ដើម្បី​ផ្គត់ផ្គង់​ដល់​ក្រុមគ្រួសារ ដែលមាន​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​។ ឥឡូវនេះ! យើងកំពុងត្រូវការទៀតហើយ។  អ៊ីចឹងៗ​​​ គោលដៅ​នៃ​ទំនិញ​ដំបូង គឺ​ប្រហែលជា​ចាប់ផ្តើម​ពី​ត្រីខកំប៉ុង ដែល​ផលិត​នៅ​ប្រទេស​ម៉ា​ល់​ឌី​វ»​៕ 

ព័ត៌មានទាក់ទង