
ដោយ: ឡាយ សុភាវតី
ភ្នំពេញ៖ លោក នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល បានឲ្យដឹងថា គិតត្រឹមថ្ងៃរសៀលថ្ងៃទី១៧មករានេះ មានផ្ទះពលរដ្ឋចំនួន៧ខ្នង បាក់ចូលព្រែកថី ក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
អភិបាលរងខេត្តកណ្ដាល បានឲ្យដឹងថា ផ្ទះពលរដ្ឋដែលនឹងត្រូវរុះរើចេញពីដងព្រែកថី មានចំនួន៧០ខ្នង។ ការរើចេញនេះ ដើម្បីបញ្ចៀសគ្រោះថ្នាក់ និងការបាក់ស្រុតចូលព្រែកជាបន្តបន្ទាប់។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗតាមប្រព័ន្ធទូរស័ព្ទនៅរសៀលនេះ លោក ច័ន្ទតារា បានលើកឡើងយ៉ាងដូច្នេះ៖ «ផ្ទះពលរដ្ឋ៧ខ្នង បាក់ធ្លាក់ចូលព្រែកទាំងស្រុង»។
មូលហេតុចម្បងនាំឲ្យបាក់ស្រុតនេះ លោក ច័ន្ទតារា បញ្ជាក់ថា ដោយសារកត្តាធម្មជាតិ ជំនន់ទឹកភ្លៀង បង្កឲ្យទឹកហូរខ្លាំង ខណៈពលរដ្ឋនាំគ្នាសង់ផ្ទះតាមជាប់ដងព្រែក។
បច្ចុប្បន្ននេះ កងកម្លាំងជាច្រើនផ្នែក បាននាំគ្នាចុះជួយរុះរើផ្ទះពលរដ្ឋ ដែលមានលំនៅដ្ឋានសង់នៅជាប់មាត់ព្រែក។ ចំពោះ ស្ថានភាពទឹក ពុំទាន់មានសភាពថមថយឡើយ ព្រោះនៅតំបន់ព្រែកថី ជាច្រកទឹកហូរទៅកាន់ទន្លេ ទើបសភាពទឹកហូរខ្លាំង ខណៈទឹកនៅតំបន់ខាងលើ ឬតំបន់ទៀតបានថមថយក៏ដោយ។ នេះជាការបញ្ជាក់បន្ថែមរបស់ អភិបាលរងខេត្តកណ្ដាល៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

