កម្ពុជា រំពឹងទទួលចំណូលពីវិស័យទេសចរណ៍ ៤០០០លានដុល្លារ ក្នុងឆ្នាំនេះ

16/01/2023 5:20 pm ភ្នំពេញ

ដោយ: អ៊ូ សុខមាន (OU Sokmean)
កម្ពុជា រំពឹងទទួលបានភ្ញៀវទេសចរអន្តរជាតិយ៉ាងហោចណាស់៤លាននាក់ និង ទេសចរផ្ទៃក្នុងប្រមាណ ១៥លាននាក់ សម្រាប់ឆ្នាំ២០២៣។ ក្រសួងទេសចរណ៍បានវាយតម្លៃ ចំនួនភ្ញៀវទេសចរទាំងនេះ នឹងផ្តល់ប្រាក់ចំណូលឱ្យកម្ពុជា៤០០០លានដុល្លារ ដែលចាក់បញ្ចូលក្នុងចរន្តសេដ្ឋកិច្ច។



ឆ្នាំ២០២៣ ជាឆ្នាំទស្សនាកម្ពុជា (Visit Cambodia Year 2023) ដែលក្រសួងទេសចរណ៍រៀបចំឡើង ដើម្បីបង្កើនការផ្សព្វផ្សាយទេសចរណ៍ និងលើកកម្ពស់មុខមាត់កម្ពុជានៅតាមព្រឹត្តិការណ៍ថ្នាក់ជាតិនានា។ ជាពិសេស នាឱកាសដែលកម្ពុជាប្រារព្ធ​ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣(SEA Games​ និង ASEAN Para Games 2023​)។ 
 
លោក ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ បានលើកឡើងថា យុទ្ធនាការឆ្នាំទស្សនាកម្ពុជា២០២៣​នេះ បង្កើតឡើងក្នុងគោលដៅទាក់ទាញភ្ញៀវទេសចរឱ្យបានប្រមាណ១៩លាននាក់។ «ឆ្នាំ២០២៣នេះ យើងអាចទាក់ទាញទេសចរអន្តរជាតិត្រឡប់មកវិញឱ្យបានយ៉ាងហោចណាស់៤លាននាក់ និងទេសចរផ្ទៃក្នុង១៥លាននាក់ ដោយអាចទាញនូវផលប្រយោជន៍សេដ្ឋកិច្ចបានក្នុងរង្វង់ ៤ ០០០លានដុល្លារ ពីវិស័យទេសចរណ៍»។​ លោក សាមុត ថ្លែងប្លែបនេះក្នុងកិច្ចប្រជុំរវាងក្រុមការងាររាជរដ្ឋាភិបាល-ឯកជន ដើម្បីស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្រោយវិបត្តិកូវីដ-១៩ នៅទីស្តីការក្រសួង កាលពីថ្ងៃទី១១មករា។
 
បើតាមលោក សាមុត  ក្រសួងទេសចរណ៍ បានសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ គណៈកម្មាធិការអភិវឌ្ឍន៍ទេសចរណ៍រាជធានី-ខេត្ត និងវិស័យឯកជន រៀបចំយុទ្ធនាការឆ្នាំទស្សនាកម្ពុជា២០២៣ឡើង សម្រាប់បង្កើតឱ្យមានព្រឹត្តិការណ៍កម្រិតអន្តរជាតិ-ជាតិ រួមទាំងកម្រិតមូលដ្ឋានស្របតាមចក្ខុវិស័យ«មួយខែយ៉ាងតិចមួយព្រឹត្តិការណ៍ និង​«មួយខេត្ត-ក្រុង យ៉ាងតិចមួយព្រឹត្តិការណ៍»​។  ព្រឹត្តិការណ៍ជាតិ-អន្តរជាតិ គឺមានចំនួន២២​ ដែលបម្រើដល់វិស័យទេសចរណ៍កម្ពុជាក្នុងឆ្នាំ២០២៣ ដោយក្នុងនោះមាន៖ ព្រឹត្តិការណ៍នៃពិធីបុណ្យអបអរជម្នះលើរបបប្រល័យពូជសាសន៍៧មករា, ពិធីបុណ្យមាឃបូជា, បុណ្យទន្លេ, ព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយ, អង្គរសង្គ្រាន្ត,  ​វេទិកាទេសចរណ៍មេគង្គ, ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២, អាស៊ានប៉ារ៉ាហ្គេមលើកទី១២ រួមទាំងព្រឹត្តិការណ៍វប្បធម៌ សាសនា ប្រវត្តិសាស្ត្រ កីឡា និងបុណ្យផ្សេងៗទៀត...។​
 
គោលដៅចម្បងនៃការរៀបចំយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា២០២៣» គឺដើម្បីលើកកម្ពស់កិត្តិនាមទេសចរណ៍ «កម្ពុជា៖​ ព្រះរាជណាចក្រអច្ឆរិយៈ - ផ្តល់ភាពកក់ក្តៅ» នៅលើទីផ្សារទេសចរណ៍ឱ្យកាន់តែខ្លាំងក្លា សំដៅក្នុងទាក់ទាញទេសចរអន្តរជាតិឱ្យច្រើនជាអតិប្បរិមា និងជាការផ្សារភ្ជាប់រវាងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើទី១២។

លោកអគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាបានបញ្ជាក់ថា៖« យុទ្ធនាការ ឆ្នាំទស្សនាកម្ពុជា២០២៣ យើងរៀបចំឡើង ដើម្បីបង្កើនឧត្តមភាពប្រកួតប្រជែងទេសចរណ៍កម្ពុជាក្រោយវិបត្តិជំងឺកូវីដ-១៩»។​
 
លើសពីនេះទៅទៀត លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានលើកឡើងដែរថា​ យុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា២០២៣» គឺជាចលនាជាតិមួយ  ដើម្បីបំផុសស្មារតី ផ្តល់ក្តីសង្ឃឹមដល់គ្រប់ភាគីពាក់ព័ន្ធ ផ្នែកឯកជន និងបុគ្គលិកក្នុងឧស្សាហកម្មទេសចរណ៍ ក៏ដូចជាភ្ញៀវទេសចរ ក្នុងដំណើរ «រួមគ្នា រួមគិត រួមធ្វើ រួមទទួលខុសត្រូវ»ក្នុងការស្តារវិស័យទេសចរណ៍កម្ពុជាឆ្ពោះទៅអនាគតកាន់តែល្អប្រសើរ។
 
លោករដ្ឋមន្ត្រីទេសចរណ៍បានបនញ្ជាក់ថា យុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា២០២៣ គឺជាកិច្ចការដ៏ចាំបាច់ និងទាន់ពេលដើម្បីចូលរួមចំណែកក្នុងការស្តារវិស័យទេសចរណ៍កម្ពុជាឆ្ពោះទៅសម្រេចបានតាមផែនការដែលមានចែងក្នុងផែនទីចង្អុលផ្លូវ ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាកម្ពុជា និងក្រោយវិបត្តិកូវីដ-១៩»។ 
 
គួរជម្រាបថា ឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិក្នុងរង្វង់២,២លាននាក់ បើធៀបឆ្នាំ២០២១ គឺមានភ្ញៀវទេសចរអន្តរជាតិត្រឹម​២០ម៉ឺននាក់ប៉ុណ្ណោះ។ ចំណែកឯ ភ្ញៀវទេសចរផ្ទៃក្នុងដែលធ្វើដំណើរក្នុងប្រទេសមានក្នុងរង្វង់ពី១៤លាននាក់។ នេះជាកំណើនខ្លាំងដែលលើសពីចំនួនមុនពេលមានវិបត្តិជំងឺកូវីដ-១៩ ទៅទៀត៕

ព័ត៌មានទាក់ទង