
ភ្នំពេញ៖ ជនជាតិចិន ឬអ្នកជាប់សែស្រឡាយចិន មានជំនឿលើក្បួនតម្រាខែឆ្នាំ។ ជាក់ស្ដែងឆ្នាំ២០២៣ គេមានតម្រាថា ឆ្នាំរងា ថោះ ជូត និងមមីរ ជាឆ្នាំឆុង ដូច្នេះកូនចៅសែស្រឡាយចិនដែលកើតក្នុងឆ្នាំទាំងនេះ ត្រូវមានត្រណមមួយចំនួន ដើម្បីជៀសវាងបញ្ហា គ្រោះថ្នាក់ ឬរឿងអពមង្គលក្នុងគ្រួសារ។ លោកគ្រូចិនសែ អ៊ៅ ណន ឱ្យជៀសវាងដាច់ខាតទៅចូលរួមបុណ្យសព និងទីកន្លែងដែលមានទារកអាយុក្រោម១ខែ។
សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូសម្ភាសរវាងកញ្ញា ផាត ដាណេ និងលោកគ្រូចិនសែ អ៊ៅ ណន ដូចតទៅ៖
គ្រូចិនសែ អ៊ៅ ណន បញ្ជាក់ថា ត្រណមចូលរួមបុណ្យសព និងទីកន្លែងមានទារកអាយុក្រោម១ខែ ចាំបាច់បំផុតសម្រាប់កូនចៅសែស្រឡាយចិនដែលឆុងឆ្នាំ ព្រោះវាអាចបង្កឱ្យមានបញ្ហា គ្រោះថ្នាក់ ឬរឿងអពមង្គលណាមួយដល់ខ្លួន។ គ្រូចិនសែ អ៊ៅ ណន ថាចិនមានជំនឿឱ្យដាក់ស្លឹកទទឹមតាមខ្លួន ឬត្រាំទឹកលុបមុខ ព្រោះវាអាចជួយកាត់បន្ថយគ្រោះ និងភាពស៊យបានខ្លះផងដែរ។
«ឆុងខ្លាំងហ្នឹងគឺ ថោះ និងរកា។ ត្រណម សូម្បីតែគេមានកូនកើតអំឡុងពេលក្រោម១ខែ ក៏មិនឱ្យទៅដែរ និងបុណ្យសព។ បើបុណ្យសពហ្នឹងចោលមិនបាន យើងទៅក៏ទៅចុះ ប៉ុន្តែកុំឱ្យទៅជិតមឈូស»។ នេះជាការលើកឡើងរបស់លោកគ្រូចិនសែ អ៊ៅ ណន ដែលបន្តថា តាមជំនឿចិន អ្នកឆុងឆ្នាំត្រូវទៅកាត់ឆុង ដោយរៀបចំសំណែន មានសាច់ជ្រូកឆៅ ពងទាឆៅ និងផ្លែឈើជាដើម៕
-
ដោយ៖ ផាត ដាណេ
-
© រក្សាសិទ្ធិដោយ thmeythmey25.com

