ឆ្នាំ២០២២ មាន​មនុស្ស ៩៣នាក់ ស្លាប់ដោយសារទឹកជំនន់ រន្ទះបាញ់ និងខ្យល់កន្ត្រាក់

16/01/2023 3:00 pm ភ្នំពេញ

ដោយ: ញឹក សំអូន

ភ្នំពេញ៖ ទឹកជំនន់ រន្ទះបាញ់ និងខ្យល់កន្ត្រាក់ បណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ៩៣នាក់ បានស្លាប់ និងជាង ១០០នាក់ បានរបួស។



លោក សុទ្ធ គឹមកុលមុន្នី អ្នកនាំពាក្យ​គ្រោះមហន្តរា​យ បានផ្ដល់របាយការណ៍សរុបក្នុងឆ្នាំ២០២២ មកកាន់សារព័ត៌មានថ្មីៗ នៅថ្ងៃទី១៣ មករា ដោយមានបញ្ជាក់ថា ជំនន់ទន្លេ បានបណ្ដាលឱ្យមនុស្ស ១៣នាក់ស្លាប់។ ក្នុងនោះមានករណីលិចទូកចម្លងនៅទន្លេស្រែកពក ឃុំត្រពាំងច្រេស ស្រុកកូមមុំ ខេត្តរតនគិរី កាលពីថ្ងៃទី១០ សីហា ដែលបានបណា្ដលឱ្យមនុស្សម្នាក់ស្លាប់ និងជួយសង្គ្រោះបាន ១១នាក់។ ករណីលិចទូកនៅទន្លេមេគង្គ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៥ កញ្ញា ដែលបានបណា្ដលឱ្យមនុស្សស្លាប់ម្នាក់ និងជួយសង្គ្រោះបាន ៧នាក់។ ករណីលិចទូកនៅទន្លេមេគង្គក្រោម ឃុំកំពង់ភ្នំ ស្រុកលើដែក ខេត្តកណ្ដាល បណា្ដលឱ្យក្មេងសិស្សសាលាស្លាប់ ១១នាក់ និងជួយសង្គ្រោះបាន ៤នាក់ នាថ្ងៃទី១៣ តុលា។ 



ដោយឡែកករណីខ្យល់កន្ត្រាក់ បានកើតឡើង ២១០លើក នៅក្នុង២៥ រាជធានីខេត្ត បណ្ដាលឱ្យមនុស្សស្លាប់ ៣នាក់ រងរបួសនិងជួយសង្គ្រោះបាន ៧១នាក់។ រន្ទះបាញ់ បានកើតឡើង ១១១លើក នៅរាធានីខេត្តចំនួន ២១ ដោយលើកលែងខេត្តតាកែវ កំពង់ចាម កែប និងខេត្តត្បូងឃ្មុំ។ ករណីនេះ បានបណ្ដាលឱ្យមនុស្សស្លាប់ ៦៣នាក់ របួស ៥៨នាក់។ ជំនន់ទឹកភ្លៀង បានបណ្ដាលឱ្យមនុស្សស្លាប់ ១៤នាក់។ នេះបើតាមរបាយការណ៍ដដែល។
 
ក្នុងរបាយការណ៍ បានលម្អិតទៀតថា គ្រោះមហន្តរាយធម្មជាតិទូទាំងប្រទេស ក្នុងឆ្នាំ២០២២ ក៏បានធ្វើឱ្យប៉ះពាល់ ប្រជាពលរដ្ឋចំនួន ១៥៩ ៩៨១គ្រួសារ ស្មើ ៦៣៩ ៩២៤នាក់ និងជម្លៀសពលរដ្ឋបាន ៥ ៦៨៧គ្រួសារ ស្មើ ២២ ៧៤៨នាក់ ក្នុង១៣៣ស្រុក-ក្រុង និង៦០៦ឃុំ -សង្កាត់។
 
ដោយឡែក សម្រាប់ផលប៉ះពាល់ដំណាំស្រូវមាន នៅ២២រាជធានីខេត្ត បានប៉ះពាល់ជាង ២៤ម៉ឺនហិកតា ក្នុងនោះខូចខាតទាំងស្រុងជាង ១៣ម៉ឺនហិកតា។ ដំណាំផ្សេងៗ ដែលប៉ះពាល់មានជាង ៧៨ពាន់ហិកតា ខូចខាតជាង ៣៩ពាន់ហិកតា និងសត្វពាហនៈងាប់ ២៤ក្បាល ហើយជម្លៀសបាន ៣៧ពាន់ក្បាល។
 
ជាមួយគ្នានេះ កម្ពុជា ក៏មានគ្រោះរាំងស្ងួនផងដែរ ដែលបានធ្វើឱ្យខេត្តចំនួន៨ រងផលប៉ះពាល់ដោយខ្វះខាតទឹកប្រើប្រាស់។ ខេត្តទាំងនោះរួមមាន ខេត្តបន្ទាយមានជ័យ សៀមរាប ព្រៃវែង ត្បូងឃ្មុំ កណ្ដាល តាកែវ ស្វាយរៀង និងពោធិ៍សត់។ អាជ្ញាធរខេត្តនីមួយៗ បានជួយសង្គ្រោះដំណាំស្រូវបានជាង ១៥ពាន់ហិកតា និងខូចខាតអស់ ២៨៨ហិកតា៕

ព័ត៌មានទាក់ទង