ទំនេរពីនេសាទ អ្នកស្រី ពូ ផាឡៃ ឆ្លៀតឆ្អើរត្រីលក់

15/01/2023 11:02 am ភ្នំពេញ

សៀមរាប៖ ដោយសារជារដូវសម្បូរត្រី គ្រួសារអ្នកស្រី ពូ ផាឡៃ បានឆ្លៀតពីការចេញទៅនេសាទ នៅទន្លេសាប មកឆ្អើរត្រីលក់ ដើម្បីបានចំណូលបន្ថែមផ្គត់ផ្គង់ការចំណាយក្នុងគ្រួសារ។


 


ក្រោមជណ្ដើរផ្ទះនាភូមិត្នោតកំបត់ ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង អ្នកស្រី ពូ ផាឡៃ កំពុងប្រែត្រី នៅលើចង្អើរ។ ប្រឹងបើកភ្នែកល្មមអាចមើលឃើញត្រីបាន អ្នកស្រី ផាឡៃ ដែលហ៊ុំព័ទ្ធដោយផ្សែងជុំវិញខ្លួន ចេញពីក្រោមចង្អើរ បាននិយាយថា ទើបឆ្អើរត្រីរយៈពេលពីរថ្ងៃមកនេះ ដោយសារ ត្រីស្រកាចាប់ផ្តើមត្រូវ។ 

ដោយសារធ្វើម្នាក់ឯង អ្នកនេសាទវ័យ៣៨ឆ្នាំរូបនេះ ធ្វើត្រីឆ្អើរប្រមាណខ្ទង់១០០ចង្កាក់ប៉ុណ្ណោះ ក្នុងមួយថ្ងៃ ដែលលក់បន្តទៅឈ្មួញកណ្ដាលដែលមកទិញដល់ផ្ទះ ឬយកទៅលក់នៅកន្លែងភ្ញៀវចុះទូក។ ត្រីដែលអ្នកស្រី ផាឡៃ យកមកឆ្អើរលក់នេះ ជាប្រភេទត្រីស្រកា ដូចជាត្រីរៀល ត្រីក្រុស និងត្រីខ្នងវែង។ 

អ្នកស្រី ផាឡៃ រៀបរាប់ពីដំណើរការឆ្អើរត្រីយ៉ាងដូច្នេះថា៖« ដំបូងយើងរើសមក យើងកាត់ក្បាល កាត់ក្បាលហើយលាងទឹកឱ្យស្អាតទៅ ដាក់ដោត ដោតរួចរៀប រៀបរួចយកទៅហាលៗឱ្យស្ងួត បានយើងបញ្ឈរ  ក្រោយមករៀបចំឆ្អើរ ឆ្អើរហើយក្រៀមមួយចំហៀង ប្រែមួយចំហៀងទៀត ប្រែទៅប្រែមកទាល់តែឆ្អិន»។

នារដូវទឹកសម្រកនេះ ទឹកទន្លេសាបចាប់ផ្តើមស្រកបន្ដិចម្ដងៗ ហើយស្រកកាន់តែលឿននារដូវរំហើយ។ ត្រីតូចៗចាប់ផ្តើមត្រូវច្រើន ពិសេសប្រភេទត្រីប្រហុក និងត្រីឆ្អើរ។ ចំណែកការនេសាទរបស់ប្រជានេសាទនៅសហគមន៍កំពង់ភ្លុកវិញ ក៏មមាញឹកដែរ ពួកគេប្រើប្រាស់ឧបករណ៍នេសាទ ដូចជាលប សំណាញ់ សៃយ៉ឺនជាដើម។ល។ 

ងាកមកគ្រួសារអ្នកស្រី ផាឡៃ ក្រៅពីចេញទៅនេសាទ គ្រួសារនេះអាចរកកម្រៃពីការឆ្អើរត្រី ដែលទិញតពីអ្នកនេសាទឯទៀត បានប្រហែលមួយម៉ឺនរៀល ក្នុងមួយលើកៗ។ ទោះបីបានតិចតួច តែស្រ្តីមានកូនតូច៤នាក់ក្នុងបន្ទុកនេះប្រាប់ថា បានជួយរួមចំណែកចាយវាយប្រចាំថ្ងៃមួយផ្នែកផងដែរ។ 

ប្រែត្រីបណ្ដើរឆ្លៀតនិយាយបណ្ដើរ អ្នកនេសាទរូបនេះបញ្ជាក់ថា ការឆ្អើរត្រីមានភាពនឿយហត់មួយបែប បើធៀបនឹងការចេញទៅនេសាទ។ ការឆ្អើរត្រី ត្រូវនៅក្បែរភ្លើងជាប់បន្ដិច ដោយខ្លាចភ្លើងខ្លាំង អាចខ្លោចត្រីបាន។ ហើយការឆ្អើរនេះទៀតសោត ត្រូវអត់ធ្មត់ ដោយអូសដែលសម្បូរផ្សែង និងប្រើភ្លើងល្មម។ ថ្ងៃនោះ អ្នកស្រី ផាឡៃ ចាប់ផ្តើមរៀបចំត្រីឆ្អើរពីម៉ោង៩ព្រឹក និងរហូតដល់ម៉ោងជាង៣រសៀល ទើបត្រីចាប់ផ្តើមឆ្អិនបណ្ដើរៗ៕





 

ព័ត៌មានទាក់ទង