រដ្ឋាភិបាល ឱ្យពន្លឿនការសិក្សាគម្រោងធ្វើផ្លូវដែកល្បឿនលឿនពីភ្នំពេញ-ព្រះសីហនុ និងប៉ោយប៉ែត

14/01/2023 3:00 pm ភ្នំពេញ

រដ្ឋាភិបាល បានជំរុញក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យពន្លឿនការសិក្សាលើគម្រោងធ្វើរថភ្លើងល្បឿនលឿនពី រាជធានីភ្នំពេញទៅព្រះសីហនុ និងពីភ្នំពេញ ទៅប៉ោយប៉ែត ជាប់ព្រំដែនប្រទេសថៃ។



គម្រោងផ្លូវរថភ្លើងល្បឿនលឿនចំនួន២ខ្សែដែលកំពុងសិក្សានេះ គឺនឹងត្រូវអភិវឌ្ឍលើផ្លូវរថភ្លើងដែលមានស្រាប់។ នេះបើយោងតាមលទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី១៣មករា។ ការធ្វើទំនើបកម្មផ្លូវដែកល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត និងព្រះសីហនុនេះ គឺដើម្បីបម្រើឱ្យវិស័យដឹកជញ្ជូនកាន់តែសម្បូរបែប ជំរុញកំណើនសេដ្ឋកិច្ច-សង្គមកម្ពុជា ឱ្យកាន់តែរីកចម្រើន បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពប្រជាជន។

កន្លងមក លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ បានអះអាងថា កម្ពុជា មាននឹងមានផ្លូវដែកល្បឿនលឿនទាំងពីរខ្សែនេះ នាពេលខាងមុខ។ លោក ស៊ុន ចាន់ថុល បានថ្លែងដូច្នេះ៖ «បច្ចុប្បន្ន រថភ្លើងអាចបើកក្នុងល្បឿន៨០គីឡូម៉ែត្រក្នុងមួយម៉ោង។ កន្លែងខ្លះ អាចបាន៥០ និង៣០គីឡូម៉ែត្រក្នុងមួយម៉ោង។ យឺតណាស់! អ៊ីចឹងយើងលើកផ្លូវដែកនេះ ឱ្យក្លាយជាផ្លូវដែកដូចឡាវ ដែលអាចរត់១៦០គីឡូម៉ែត្រក្នុងមួយម៉ោង»៕






 

ព័ត៌មានទាក់ទង