
ដោយ៖ ប៉ូ សុភា
ភ្នំពេញ៖ ត្រីទឹកសាបចំនួន ៥០0២ក្បាល ត្រូវលែងចូលទៅក្នុងទឹកទន្លេ នៅព្រឹក ថ្ងៃទី១៣ ខែមករា នាពិធី «លែងត្រីកំពុងរងគ្រោះថ្នាក់ចូលទន្លេមេគង្គ»។ ពិធីនេះ ជាផ្នែកមួយឱ្យត្រីកម្រៗធ្លាប់បានថែទាំនៅក្នុងមជ្ឈមណ្ឌល អាចមានឱកាសចូលរស់នៅ បង្កកំណើតក្នុងធម្មជាតិ និងជាការបង្កើនទិន្នផលត្រីទឹកសាបនៅប្រទេសកម្ពុជា។
ត្រីរាជធំៗពីរក្បាល ដោយញីមានឈ្មោះចម្ប៉ា និងឈ្មោលឈ្មោះ FRIDAY រួមជាមួយត្រីចំនួន៥០០0ក្បាលទៀត ត្រូវបានលែងចូលទន្លេចតុម្មុខ ដែលរៀបចំដោយគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ និងរដ្ឋបាលជលផង។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ការអភិរក្ស ត្រីប្រភេទកម្រនៅក្នុងប្រទេសកម្ពុជា ពិតជាមានសារៈសំខាន់ ក្នុងការរក្សាវត្តមានរបស់វា ឱ្យក្មេងជំនាន់ក្រោយបានស្គាល់។ លោកបានបញ្ជាក់ថា ក្រសួងបរិស្ថានកំពុងព្រៀងឯកសារ សម្រាប់ដាក់ស្នើបញ្ជូលត្រីទឹកសាបទៅក្នុងបញ្ជីត្រៀមជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក ក្នុងបំណងឱ្យមានការទទួលស្គាល់ ការការពារ និងអភិរក្សពេញទីសម្រាប់សម្បត្តិកម្រៗក្នុងទឹកសាប។
លោក នេត្រ ភក្ត្រា (ពាក់អាវពណ៌ប្រផេះ) កំពុងពាក់ស្លាកត្រីមុនពេលលែងចូលទន្លេ។
លោក នេត្រ ភក្ត្រា អះអាងដូច្នេះ៖ « នៅប្រទេសកម្ពុជាមាន ផ្សោតទឹកសាប ត្រីបបែល ត្រីរាជ ត្រីគល់រាំង ដែលជាប្រភេទសត្វកម្រ ឬអាចនឹងគ្មាននៅក្នុងប្រទេសមួយចំនួននៅលើពិភពលោក។ ទីតាំងនោះគួរកំណត់ ក្នុងគោលបំណងដើម្បីអភិរក្ស និងការពារ ព្រោះនោះជាជីវៈចម្រុះមានតម្លៃសម្រាប់មនុស្សជាតិ»។
លោក ហាស់ សារ៉េត រដ្ឋលេខាធិការនៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ការលែងត្រីចូលទៅក្នុងជម្រកធម្មជាតិពិតជាសំខាន់ណាស់ក្នុងការជំរុញឱ្យត្រីអាចបង្កកំណើត និងសាយភាពពូជនៅក្នុងធម្មជាតិ។ ជាពិសេសការលែងត្រីប្រភេទកម្រនៅក្នុងថ្ងៃនេះអាចជាសញ្ញាដ៏ល្អ ដែលទាមទាឱ្យមានការចូលរួមការពារ និងអភិរក្សពីគ្រប់ភាគី ដើម្បីបង្កើនចំនួនពួកវានៅក្នុងប្រទេសឡើងវិញ។
ជាមួយគ្នានេះ អ្នកស្រី ជា សីលា ប្រធានគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គបានលើកឡើងថា សកម្មភាពលែងត្រីថ្ងៃនេះ ជាការជួយ និងអាចជាការសន្សំចំនួនត្រីនៅក្នុងទឹកសាប ក្នុងគោលដៅដើម្បីបង្កើនចំនួនត្រីបន្ថែមទៀតនៅក្នុងជម្រកធម្មជាតិ។ ជាមួយគ្នានេះ ត្រីទឹកសាបប្រមាណ១០ម៉ឺនកូន ត្រូវបានថែរក្សានិងបំប៉ននៅក្នុងស្រះចំនួន៨ នៅបាទី ក្នុងខេត្តព្រៃវែង ក្នុងមួយឆ្នាំៗ។ ចំនួនត្រីទាំងនោះហ្នឹងត្រូវបានយកមកលែងចូលជម្រកធម្មជាតិវិញផងដែរ។
អ្នកស្រី ជា សីលា ប្រធានជម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ
អ្នកស្រី សីលា បញ្ជាក់ដូច្នេះ៖ « ថ្ងៃនេះមានកម្មវិធីលែកត្រីជាង៥០០២ក្បាល ទៅក្នុងទន្លេ។ ត្រីភាគច្រើនត្រូវបានយកមកពីស្រះដែលត្រូវបានថែបំប៉ន់នៅក្នុងខេត្តព្រៃវែង។ ជាមួយគ្នានេះ ត្រីរាជមួយត្រូវបានពលរដ្ឋប្រគល់ឱ្យគម្រោងរបស់យើង ដើម្បីលែងចូលទន្លេផងដែរ»៕
-
ដោយ៖ ប៉ូ សុភា
-
© រក្សាសិទ្ធិដោយ thmeythmey25.com

