សេចក្ដីព្រាងច្បាប់ស្ដីពី ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ (ថ្មី) ត្រូវបានអនុម័ត

13/01/2023 4:05 pm ភ្នំពេញ

ដោយ: ឡាយ សុភាវតី
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៣ មករា ដែលដឹកនាំដោយ សម្ដេច ហ៊ុន​ សែន នាយករដ្ឋមន្ត្រី បានសម្រេចអនុម័តសេចក្ដីព្រាងច្បាប់ ស្ដីពី«ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ (ថ្មី) ហើយ។  នេះបើតាមលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល ដែលបានសរសេរបង្ហោះលើទំព័រហ្វេសប៊ុក។



គោលបំណងនៃការចងក្រងសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ(ថ្មី) គឺដើម្បី
កសាងក្របខណ្ឌគតិយុត្តគោល និងចាំបាច់សម្រាប់ការអនុវត្តប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម ឬហៅកាត់ ថា «ថវិកាសមិទ្ធកម្ម» ដែលជាគំរូសមស្របសម្រាប់កម្ពុជា ស្របតាមយុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធ ថវិកាឆ្នាំ២០១៨-២០២៥។ លើសពីនេះ វាក៏ជាស្នូលនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ 
 
សេចក្តីព្រាងច្បាប់នេះ ក៏បង្កើនភាពជឿទុកចិត្តផ្នែកថវិកា ,គណនេយ្យភាពហិរញ្ញវត្ថុ ,ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ និងគណនេយ្យសមិទ្ធកម្ម ដែលសសរស្តមទាំង៤ នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបានគិតគូរបញ្ចលគ្រប់ជ្រុងជ្រាយ រួមទាំងសំដៅធានាប្រសិទ្ធភាព ក្នុងការទ្រទ្រង់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កំណើនសេដ្ឋកិច្ច និងសមធម៌សង្គម។ អ្នកនាំពាក្យរដ្ឋាភិបាលលើកឡើងបែបនេះ។  
 
ជាមួយគ្នាដែរ លោក ផៃ ស៊ីផាន បានលើកពីដើមចម នៃច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈដំបូងរបស់កម្ពុជា ត្រូវបានប្រកាសឱ្យប្រើនៅឆ្នាំ១៩៩៣ ដើម្បីរៀបចំឱ្យមានជាក្របខណ្ឌគតិយុត្តសម្រាប់របបគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុ ដែលផ្តោតជាសំខាន់លើប្រព័ន្ធថវិកាផ្អែកលើធាតុចូល ។ 
 
លុះដល់ឆ្នាំ២០០៤ បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ ដោយមានគោលដៅផ្លាស់ប្តូរប្រព័ន្ធថវិកាផ្អែកលើធាតុចូល និងមជ្ឈការ ឆ្ពោះទៅប្រព័ន្ធថវិកាផ្អែកលើសមិទ្ធកម្ម និងវិមជ្ឈការ។ ការធ្វើបែបនេះ ដើម្បីប្រែក្លាយជាជំហានៗនូវប្រព័ន្ធ
គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា ឱ្យទៅជាប្រព័ន្ធមួយស្របតាមបទដ្ឋាននិងឧត្តមានុវត្តអន្តរជាតិ៕ 

ព័ត៌មានទាក់ទង