តួកគី នឹងផ្ទេរបច្ចេកវិទ្យាដ្រូន ដែលអាចឃ្លាំមើលព្រៃ និងដែននេសាទ ដល់វិស័យកសិកម្មកម្ពុជា

13/01/2023 3:13 pm ភ្នំពេញ

ភ្នំពេញ៖ កម្ពុជា និងតួកគី បានឯកភាពគ្នាជាគោលការណ៍លើកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម ដោយផ្ទេរបច្ចេកវិទ្យា និងពាណិជ្ជកម្មគ្រឿងយន្តកសិកម្មគ្រប់ប្រភេទ ជាពិសេសដ្រូន ដែលអាចឃ្លាំមើលព្រៃនិងដែននេសាទ។ ការឯកភាពគ្នានេះ ធ្វើឡើងបន្ទាប់ពីលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម ជួបពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងកសិកម្ម តួកគី។



លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបប្រជុំពិភាក្សាការងារជាមួយលោក វ៉ាហ៊ីត គីរីស៊ី រដ្ឋមន្ត្រីក្រសួងកសិកម្ម និងព្រៃឈើ នៃសាធារណរដ្ឋតួកគី កាលពីថ្ងៃទី១១ មករា។ ក្នុងជំនួបពិភាក្សាខាងលើ ភាគីទាំងពីរបានឯកភាពគ្នាជាគោលការណ៍លើកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតួកគី នៅក្នុងវិស័យកសិកម្មមួយចំនួនផងដែរ។

បើតាមហ្វេសប៊ុកក្រសួងកសិកម្ម ភាគីទាំងពីរបានឯកភាពគ្នាលើការផ្ទេរបច្ចេកវិទ្យា និងពាណិជ្ជកម្មគ្រឿងយន្តកសិកម្មគ្រប់ប្រភេទពីតួកគី ជាពិសសដ្រូនដែលអាចឃ្លាំមើលព្រៃ និងដែននេសាទ។ ជាមួយគ្នានេះ ការឯកភាពគ្នាលើការនាំចូលកសិផលខ្មែរទៅកាន់ទីផ្សារតួកគី និងការផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សាផ្នែកកសិកម្មនៅប្រទេសតួកគី។


លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ រូបភាពពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

តាមរយៈជំនួបនេះ លោក ឌិត ទីណា ជឿជាក់ថា កិច្ចសហប្រតិបត្តិការថ្មីនេះ នឹងនាំមកនូវការរីកចម្រើនបន្ថែមទៀតដល់វិស័យកសិកម្មកម្ពុជា។ គួរបញ្ជាក់ថា កម្ពុជា និងតួកគី មានកិច្ចសហប្រតិបត្តិការរួមគ្នានៅក្នុងវិស័យជាច្រើន ក្នុងនោះកសិកម្មក៏ជាវិស័យសក្ដានុពលមួយផងដែរ៕


ជំនួបរវាងកម្ពុជា និង​តួកគី។ រូបភាពពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

 

ព័ត៌មានទាក់ទង