តើគម្រោងមូលបត្ររដ្ឋ២០០លានដុល្លារ ឆ្នាំ២០២៣ នឹងជំរុញសេដ្ឋកិច្ចជាតិដូចម្តេច?

លោក ហុង សុខហួរ អគ្គនាយកផ្សារមូលបត្រកម្ពុជា CSX

13/01/2023 9:19 am ភ្នំពេញ

ភ្នំពេញ៖ គម្រោងមូលបត្ររដ្ឋ២០០លានដុល្លារត្រូវបានអនុមត័ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាឆ្នាំ២០២៣នេះ។ តែចំនួនជាក់ស្តែងដែលរដ្ឋទទួលបានពីដៃគូវិនិយោគ មានត្រឹមជាង១០លានដុល្លារប៉ុណ្ណោះ ក្នុងដំណាក់កាលចាប់ផ្តើមនាឆ្នាំ២០២២ ដោយសារជួបវិបត្តិកូវីដ និង​ សង្រ្គាមរវាង រស្ស៊ី - អ៊ុយក្រែនជាដើម។  នេះបើយោងតាម លោក ហុង សុហួរ អគ្គនាយកផ្សារមូលបត្រកម្ពុជា ក្នុងនាមជាអ្នកសម្របសម្រួល កៀរគរក្រុមអ្នកវិនិយោគ និងជួយលក់មូលបត្ររដ្ឋ។



កញ្ញា សុង សុធាវី៖
 ថ្មីៗនេះ មូលបត្ររដ្ឋត្រៀមបោះទុនជាង ២០០លានដុល្លារ តើវានឹងចំណេញអ្វីខ្លះដល់សេដ្ឋកិច្ចជាតិកម្ពុជា?
 
លោក ហុង សុហួរ៖ ធម្មតា រដ្ឋតែងមានគម្រោងថវិកាប្រចាំឆ្នាំ មានន័យថា ប្រភពចំណូលប៉ុន្មាន ហើយយកទៅធ្វើអ្វីខ្លះ? សម្រាប់ឆ្នាំនីមួយៗ។ អ៊ីចឹង សម្រាប់ឆ្នាំ ២០២៣នេះ តាមរយៈរាជរដ្ឋាភិបាល គឺរដ្ឋបានយកទៅចំណាយផ្សេងៗ  ហើយបានចំណូលមកពីណា? គឺយើងទាំងអស់គ្នាហ្នឹងជាអ្នកបង់ពន្ធផ្សេងៗ រួមទាំងការខ្ចីលុយពីទីផ្សារក្នុងទំហំជាង២០០លានដុល្លារហ្នឹង! នេះជាប្រភពមួយដែលរដ្ឋចាប់ផ្តើមកៀរគ ខ្ចីពីសារធាណជន តាមរយៈការបោះផ្សាយមូលបត្ររដ្ឋហ្នឹងឯង។ 
 
កញ្ញា សុង សុធាវី៖ ហេតុអ្វី ច្រើនឆ្នាំហើយមិនមានមូលបត្ររដ្ឋនេះកើតឡើង ទើបតែមានពីរឆ្នាំចុងនេះ?
 
លោក ហុង សុហួរ៖ បាទ! តាមពិតទៅផ្សារមូលបត្រយើងបានដំណើរការជិត១០ឆ្នាំហើយ តាំងពីឆ្នាំ២០១២។ ដោយយើងចាប់ផ្តើមជាមួយភាគហ៊ុនជាមុន​ព្រោះគិតថាភាគហ៊ុនមានការចាប់អារម្មណ៍ច្រើនពីសាធារណជន ហើយរដ្ឋចង់ជួយដល់វិស័យឯកជនជាមុន។ អ៊ីចឹងផ្តល់ឱកាសដល់ម្ចាស់អាជីវកម្ម ដែលមានសក្តានុពល ប្រាក់ចំណេញ និងស្តង់ដារខ្ពស់ហ្នឹង អាចលក់ភាគហ៊ុនទៅសាធារណជន តាមរយៈផ្សារមូលបត្ររបស់យើង។

រដ្ឋក៏ប្រើយន្តការនេះជាមុន ហើយពេលនេះ រដ្ឋឃើញថាវិស័យឯកជនមានភាពរីកចម្រើនមួយកំរិត ទើបចង់រុញមួយកម្រិតទៀត គឺផ្សារមូលបត្របំណុលហ្នឹងឯង។ កន្លងមកមានអ្នកវិនិយោគមួយចំនួនមិនសូវចាប់អារម្មណ៍ភាគហ៊ុនទេព្រោះគិតថាវាមានហានិភ័យ ពិសេសក្រុមហ៊ុនធានារ៉ាប់រង និងមូលនិធិផ្សេងៗ ។ល។ អ៊ីចឹងទើបរដ្ឋបង្កើតមូលបត្រប្រភេទនេះ ដើម្បីផ្តល់ជម្រើសដល់ពួកគាត់។ ដូចនេះទើបរដ្ឋគិតថា បោះផ្សាយមូលបត្ររដ្ឋ គឺបង្កើតប្រភពចំណូលមួយ សម្រាប់ថវិកាជាតិ។ ជាមួយគ្នានោះក៏មានយន្តការផ្សេងៗ ដើម្បីជំរុញដល់ទីផ្សារនៃវិស័យឯកជន ក៏ដូចជាផ្សារមូលបត្រយើងផងដែរ។
 
កញ្ញា សុង សុធាវី៖ ចាស នេះជារឿងដំបូង ហើយរឿងដំបូងមិនមែនជាការងាយស្រួលទេ តើលោកធ្វើបែបណា ដើម្បីឱ្យការងារនេះទទួលបានប្រសិទ្ធភាព?
 
លោក ហុង សុហួរ៖ ការដឹកនាំផ្សារមូលបត្រជាង១០ឆ្នាំមកនេះ ពិតជាមានផលលំបាកមួយចំនួន។ ជារួម ទាល់តែពេលយើងអនុវត្តន៍ជាក់ស្តែង ទើបដឹងថាមានបញ្ហាអ្វីខ្លះ? ជាទូទៅតែងមានភាពចង់បានផ្សេងគ្នារវាង អ្នកលក់ និង អ្នកទិញ ទាំងភាគហ៊ុន សញ្ញាបណ្ណ ។ល។ និងមូលបត្ររដ្ឋក៏ដោយ រមែងមានការមិនទាន់ស្គាល់ចិត្តគ្នា មានអ្នកហ៊ានថ្លៃ ហ៊ានថោកផ្សេងៗគ្នា។ អ៊ីចឹងនេះជាទីផ្សារដំបូង ដែលយើងត្រូវស្គាល់គ្នាហ្នឹង ហើយយើងក៏មិនហ៊ានដាក់គោលដៅថា បានលទ្ធផលល្អប៉ុណ្ណានោះទេ តែយើងនឹងប្រឹងប្រែងឱ្យទីផ្សារមូលបត្ររដ្ឋហ្នឹងមានការរីកចម្រើន ជួយបានទាំងរដ្ឋ វិនិយោគិន  ដែលត្រូវការវិនិយោគលើមូលបត្រប្រភេទនេះ។ 
 
កញ្ញា សុង សុធាវី៖ តើមូលបត្ររដ្ឋនេះអាចដំណើរការដោយរលូនយ៉ាងដូចម្តេចដែរលោក ស្របពេលដែលមានសង្រ្គាមរវាងប្រទេសពីរ និងអត្រាហិរញ្ញវត្ថុលើពិភពលោកមិនទាន់មានភាពរលូននៅឡើយទេ?
 
លោក ហុង សុហួរ៖ ហ្នឹងជាបញ្ហាប្រឈមធំជាងគេរវាងសង្រ្គាមរុស្សី និងអ៊ុយក្រែននេះ! ដែលបានធ្វើឱ្យថ្លៃទំនិញលើពិភពលោកមានការកើនឡើង ហើយបង្ខំឱ្យធនាគារកណ្តាលធំៗលើពិភពលោក រួមមាន អាមេរិក និង អ៊ឺរ៉ុបមានការកើនឡើង។ វាធ្វើឱ្យអត្រាការប្រាក់លើពិភពលោកកើនឡើង ដែលបង្ខំឱ្យមូលបត្របំណុលទាំងអស់ ត្រូវតម្លើងការប្រាក់ បើចង់លក់បាន។ ក្នុងឆ្នាំ ២០២២ រដ្ឋមានការបោះផ្សាយមូលបត្រប្រហែលជិត ៣០០លានដុល្លារ តែជាក់ស្តែង យើងធ្វើនៅចុងឆ្នាំមូលបត្ររដ្ឋហ្នឹងលក់បានតែជាង១០ លានដុល្លារទេ។ 
 
កញ្ញា សុង សុធាវី៖ ហេតុអ្វីការរំពឹងទុកខ្ពស់ ហើយលទ្ធផលជាក់ស្តែងទទួលបានតិចបែបនេះ ឬ មកពីមិនទាន់មានទំនុកចិត្តលើមូលបត្ររដ្ឋ ឬ យ៉ាងម៉ិចលោក? 
 
លោក ហុង សុហួរ៖ រដ្ឋយើងបច្ចុប្បន្នមានឱកាសទទួលបានប្រភពចំណូលច្រើន ដែលក្រៅពីបានតាមរយៈយើងបង់ពន្ធចូលរដ្ឋហ្នឹង រាល់ថ្ងៃរដ្ឋក៏បានពីការខ្ចីបរទេស មានធនាគារ ADB , World Bank ក៏ដូចជាកម្ចីពីប្រទេសចិន ជប៉ុន ។ល។ អ៊ីចឹង រាល់ថ្ងៃកាត់អាចខ្ចីបានក្នុងអត្រាការប្រាក់ទាបមែនទែន ពេលខ្លះមិនដល់ 0.2 ភាគរយផងក្នុងមួយឆ្នាំ សម្រាប់ការបង់ប្រាក់ជូនប្រទេសទាំងនោះ។ តែឥឡូវប្រទេសយើងគេចាត់ទុកថាជាប្រទេសមានចំណូលមធ្យមកំរិតទាប។ អ៊ីចឹងប្រភពចំណូលខាងដើមហ្នឹងវានឹងថយចុះហើយ នោះគេនឹងលែងឱ្យយើងខ្ចីក្នុងអត្រាការប្រាក់ថោកៗទៀតហើយ។  អ៊ីចឹង រដ្ឋត្រូវតែចាប់ផ្តើមពេលនេះ លើកញ្ចប់ហិរញ្ញប្បទានថ្មីនេះ ដែលជាមូលបត្ររដ្ឋហ្នឹងឯង។ អ៊ីចឹង វិនិយោគិន ក៏គាត់ចង់ទាមទារការប្រាក់ខ្ពស់ពីរដ្ឋហ្នឹងដែរ ហើយរដ្ឋពេលដែលបានកម្ចីពីគេកំរិតទាប ក៏ចាប់ផ្តើមថ្លឹងថ្លែងថា គួរចាប់ផ្តើមកំរិតណា ថាមិនចាំបាច់ទៅដល់២០០ ទៅ៣០០លានភ្លាមទេដឹង? ចាប់ផ្តើមពិចារណា ព្រោះអីចុងក្រោយ គឺយើងទាំងអស់គ្នាជាអ្នកចេញសងគេ សងការប្រាក់ ដាក់ការប្រាក់ អ៊ីចឹងទៅ។ ដាក់ការប្រាក់កាន់តែខ្ពស់ ត្រូវការប្រមូលពន្ធមកកាន់តែច្រើន ដើម្បីសងទៅគេពេលក្រោយ។ អ៊ីចឹង ក្រសួងសេដ្ឋកិច្ចដែលជាសេនាធិការ ចាប់ផ្តើមគិតគូលើរឿងហ្នឹងច្រើន ថាគួរផ្តល់ឱ្យកំរិតណា ដើម្បីបានចំណេញទាំងអស់គ្នា ទាំងខាងវិនិយោគិន ខាងរដ្ឋខ្លួនឯង ដែលតំណាងឱ្យយើងទូទៅ។ល។ 
 
កញ្ញា សុង សុធាវី៖ តើភាគីណាខ្លះលោក ដែលចូលរួមជំរុញឱ្យការងារនេះ ឱ្យកាន់តែមានភាពរលូន?
 
លោក ហុង សុហួរ៖ បច្ចុប្បន្ន រដ្ឋខ្ចីលុយហ្នឹង គឺមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាសេនាធិការ ដែលក្រសួងមិនមែនជាអ្នកធ្វើផ្ទាល់ទេ គឺប្រើយន្តការអ្វីមួយ ហើយនៅឆ្នាំ២០២២ ក្រសួងបានប្រើប្រាស់យន្តការរបស់ធនាគារជាតិនៃកម្ពុជា ដែលជាធនាគារកណ្តាលរបស់យើង ហើយនៅលើធនាគារទាំងអស់។ ក្នុងឆ្នាំ ២០២៣នេះ យើងរំពឹងទុកថា ផ្សារមូលបត្រកម្ពុជារបស់យើងនឹងចូលរួមគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងមួយនេះ ដើម្បីបន្ថែមជាយន្តការមួយទៀត ក្នុងការចូលរួមសម្របសម្រួលការងារ បោះផ្សាយមូលបត្ររដ្ឋហ្នឹង។ យើងរំពឹងថាយន្តការបន្ថែមនេះ បើសិនវាក្លាយជាការពិត ហើយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចាត់តាំងយើង ឱ្យជួយសម្របសម្រួលការងារនេះតាមការគ្រោងទុក នោះលទ្ធផលក្នុងឆ្នាំ២០២៣នេះ អាចល្អជាងឆ្នាំ២០២២ ក្នុងការឈានឱ្យបានខ្ទង់២០០លានដុល្លារក្នុងមួយឆ្នាំ៕ 
 

ព័ត៌មានទាក់ទង