ភាពជោគជ័យរបស់កសិករគំរូម្នាក់ នាំឱ្យកសិករ១០០គ្រួសារ ងាកមកចិញ្ចឹមគោបំប៉នយកសាច់

11/02/2023 1:00 pm ត្បូងឃ្មុំ

ភ្នំពេញ៖ កសិករប្រមាណ ១០០គ្រួសារ នៅឃុំចុងជាច និងឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានចាប់យកមុខរបរចិញ្ចឹមគោបំប៉នយកសាច់លក់ បន្ទាប់ពីឃើញភាពជោគជ័យរបស់កសិករគំរូ ហ៊ួត លៀង។ បើតាមលោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ ការងាកមកចិញ្ចឹមគោបំប៉នយកសាច់របស់កសិករទាំង១០០គ្រួសារនេះ បានផ្ដល់ចំណូលផ្គត់ផ្គង់ជវីភាព ជាពិសេសចិញ្ចឹមតាមបច្ចេកទេសត្រឹមត្រូវ។



ភាពជោគជ័យរបស់កសិករគំរូ ហ៊ួត លៀង ដែលជាម្ចាស់កសិដ្ឋានចិញ្ចឹមគោបំប៉នយកសាច់ និងបង្កាត់គោបែបសិប្បនិម្មិត បានជំរុញឱ្យកសិករនៅឃុំចុងជាច និងឃុំតឹកជ្រៅ ស្រុកតំបែរ ប្រមាណ១០០គ្រួសារ ចាប់យករបរគោបំប៉នយកសាច់។ រយៈពេល២ឆ្នាំហើយ ដែលកសិករទាំងនោះ ងាកមកចិញ្ចឹមគោបំប៉នយកសាច់ បន្ថែមលើរបរធ្វើស្រែចម្ការ។ បច្ចុប្បន្ន កសិករទាំងនោះ មានគោចាប់ពី១០ក្បាល ក្នុងមួយគ្រួសារ។

លោក ហ៊ួត លៀង ជាកសិករម្នាក់ដែលជោគជ័យលើការចិញ្ចឹមគោបំប៉នយកសាច់ និងបង្កាត់បែបសិប្បនិម្មិត។ កសិកររូបនេះ បានប្រែក្លាយពីការចិញ្ចឹមលក្ខណៈគ្រួសារ មកជាកសិដ្ឋានដែលមានគោរហូតដល់ជាង ៧០០ក្បាល។ 

លោក ហ៊ួត លៀង (កំពុងឈរ) ម្ចាស់កសិដ្ឋាន​ចិញ្ចឹម​នៅខេត្តត្បូងឃ្មុំ។ រូបភាពពីមន្ទីរកសិកម្ម ខេត្ត​ត្បូងឃ្មុំ។

ក្រោយពីកសិករប្រមាណ ១០០គ្រួសារ ងាកមកប្រកបរបរចិញ្ចឹមគោបំប៉នយកសាច់ លោក ហ៊ួត លៀង យល់ថាជារឿងល្អ។ ម្ចាស់កសិដ្ឋានចិញ្ចឹមគោបំប៉នយកសាច់ និងបង្កាត់គោបែបសិប្បនិម្មិតរូបនេះ ប្រាប់សារព័ត៌មាន Thmey Thmey ២៥ ថា៖ «ខ្ញុំសប្បាយចិត្ត ដែលគាត់មកចិញ្ចឹមតាមខ្ញុំ។ ពេលចិញ្ចឹមបានពួកគាត់លក់ឱ្យខ្ញុំខ្លះ និងលក់ឱ្យឈ្មួញខ្លះ។ ពួកគាត់ចេះបច្ចេកទេសចិញ្ចឹមពីខ្ញុំ»។

សាច់គោដែលកសិករបំប៉នយកសាច់នេះ ត្រូវបានដាក់លក់លើទីផ្សារខេត្តត្បូងឃ្មុំ។ តាមរយៈការចូលរួមរបស់កសិករប្រមាណ ១០០គ្រួសារ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ រីករាយចំពោះកសិករចាប់អារម្មណ៍ចិញ្ចឹមគោបំប៉នយកសាច់ ដែលស្របតាមបច្ចេកទេសត្រឹមត្រូវ។ 


លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ។ រូបភាពពីមន្ទីរកសិកម្ម ខេត្ត​ត្បូងឃ្មុំ។

«តាមពិត ខ្ញុំមិនចង់ជឿថាបានប៉ុណ្ណឹងផង។ ខ្ញុំគិតថាចំនួននេះ ច្រើនណាស់។ ខ្ញុំនឹងឱ្យមន្រ្តីជំនាញចុះណែនាំពីការចិញ្ចឹមបន្ថែមទៀត»។ នេះជាការលើកឡើងរបស់ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ ដោយបន្តថា ការងាកមកចិញ្ចឹមតាមគ្នានេះ មិនប៉ះពាល់ដល់តម្លៃលក់ចេញឡើយ។ 

លោក ហេង ពិសិដ្ឋ ក៏បានណែនាំដល់កសិករចិញ្ចឹមគោបំប៉នយកសាច់ ត្រូវបន្តសម្រិតសម្រាំងពូជគោដែលមានសាច់ច្រើន និងឆាប់ធំ។ ជាពិសេស អនុវត្តឱ្យបានត្រឹមត្រូវលើការចាក់វ៉ាក់សាំងការពារជំងឺឆ្លងសត្វនិងការអនុវត្តវិធានបសុព្យាបាល។ 

ជាមួយគ្នានេះ កសិករត្រូវពង្រឹងគុណភាពបរិស្ថានក្នុងទ្រុង ដើម្បីឱ្យសត្វមានសុខភាពល្អ ធន់នឹងជំងឺផ្សេងៗ។ បើតាមប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ កសិករ គួរពង្រីកការដាំស្មៅចំណីសត្វ និងការធ្វើចំណីសត្វដោយខ្លួនឯង ដើម្បីកាត់បន្ថយការទិញពីក្រៅដែលមានតម្លៃខ្ពស់។ លើសពីនេះ កសិករត្រូវចងក្រងជាសហគមន៍ ដើម្បីឈានទៅចាប់ដៃគូទីផ្សារធំៗក្នុងការលក់សាច់ ឬលក់លាមកសត្វ៕ 


សត្វគោ​របស់​លោក ហ៊ួត លៀង។ រូបភាពពី​មន្ទីរកសិកម្ម​ខេត្តត្បូងឃ្មុំ។

ព័ត៌មានទាក់ទង