គ្រាន់តែលក់លាមកគោ! លោក ហ៊ួត លៀង រកចំណូលបានជាង ២ម៉ឺនដុល្លារក្នុង១ឆ្នាំ

រូបភាពមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ។

12/01/2023 9:00 am ត្បូងឃ្មុំ

ភ្នំពេញ៖ លោក ហ៊ួត លៀង ជាម្ចាស់កសិដ្ឋានចិញ្ចឹមគោបំប៉នយកសាច់ និងបង្កាត់គោបែបសិប្បនិម្មិត នៅក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ កសិកររូបនេះ អាចរកចំណូលបានជាង ១០០លានរៀលក្នុង១ឆ្នាំ ពីការលក់លាមកគោជាង ៧០០ក្បាល។


ក្រៅរកចំណូលបានពីការចិញ្ចឹមគោបំប៉នយកសាច់ និងការបង្កាត់គោបែបសិប្បនិម្មិត លោក ហ៊ួត លៀង ក៏ទទួលបានចំណូលក្រាស់ក្រែលពីការលក់លាមកគោផងដែរ។ លាមកគោ មានតម្លៃសម្រាប់លោក ហ៊ួត លៀង។ ក្នុងមួយឆ្នាំកសិករវ័យ៥២ឆ្នាំរូបនេះ អាចរកចំណូលបានជាង ១០០លានរៀល ពីការលក់លាមកគោប្រមាណ៧០០ក្បាល។

លោក ហ៊ួត លៀង ប្រាប់សារព័ត៌មាន Thmey Thmey 25 តាមទូរសព្ទថា៖ «លាមកគោនេះ ខ្ញុំលក់រាល់តែថ្ងៃ។ អ្នកទិញភាគច្រើននៅត្បូងឃ្មុំ និងបាត់ដំបង។ គេទិញយកទៅធ្វើជីដាក់ចម្ការកៅស៊ូ ម្រេច និងដំណាំផ្សេងៗ»។ 


លោក ហ៊ួត លៀង (កំពុងឈរ) ម្ចាស់កសិដ្ឋាន​ចិញ្ចឹម​នៅខេត្តត្បូងឃ្មុំ។ រូបភាពពីមន្ទីរកសិកម្ម ខេត្ត​ត្បូងឃ្មុំ។

ក្នុងមួយសប្ដាហ៍ម្ចាស់កសិដ្ឋានចិញ្ចឹមគោរូបនេះ អាចលក់លាមកគោ បាន១០០០បាវ ដោយមួយបាវមានទម្ងន់ប្រមាណ៣០ទៅ៤០គីឡូក្រាម និងមានតម្លៃ៣០០០រៀល។ ចំណូលដែលទទួលបានពីការលក់លាមកគោ លោក ហ៊ួត លៀង បានប្រើប្រាស់សម្រាប់ពង្រីកកសិដ្ឋាន និងផ្គត់ផ្គង់លើបុគ្គលិកថែរក្សាគោ។ 

បន្ទាប់ពីលក់លាមកគោអស់រយៈពេល៤ឆ្នាំ លោក លៀង មានបំណងធ្វើជីលក់ដោយខ្លួនឯង ខណៈបច្ចុប្បន្នលោកនៅមិនទាន់ចេះកែច្នៃជីនៅឡើយ។ «យើងមិនទាន់ចេះបច្ចេកទេសធ្វើជី។ បើយើងចេះ យើងធ្វើជីលក់តែម្ដង។ បើមានក្រសួងមកបង្រៀន យើងអាចធ្វើឃ្លាំង ទុកធ្វើជី។ អនាគតទៅមុខខ្ញុំចង់ធ្វើជីដោយខ្លួនឯងលក់»។ នេះជាការលើកឡើងរបស់កសិករជោគជ័យ ហ៊ួត លៀង។


កសិដ្ឋានចិញ្ចឹមគោរបស់លោក ហ៊ួត លៀង។ រូបភាពពីមន្ទីរកសិកម្ម ខេត្តត្បូងឃ្មុំ

សូមបញ្ជាក់ថា លោក ហ៊ួត លៀង ជាកសិករគំរូម្នាក់ ដែលជោគជ័យលើការចិញ្ចឹមគោបំប៉នយកសាច់ និងបង្កាត់គោបែបសិប្បនិម្មិត។ លោក លៀង បានចាប់ផ្ដើមចិញ្ចឹមគោពី៧ក្បាល រហូតដល់មានគោជាង៧០០ក្បាលនៅឆ្នាំ២០២៣នេះ៕ 



រូបភាពពីមន្ទីរកសិកម្ម ខេត្តត្បូងឃ្មុំ
 

ព័ត៌មានទាក់ទង